សៀមរាបៈ​ គិតចាប់​ពីថ្ងៃ​ចាប់ឆ្នោត​ដំបូង​នៅថ្ងៃទី​ ២៥ ខែសី​ហា ឆ្នាំ​ ២០២២ រហូត​មក​ដល់​ថ្ងៃទី​ ១២​ ខែតុលា​ ឆ្នាំ ២០២២ ​មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ ៨ ៤៩៤ ​គ្រួសារ​ហើយ​ ដែល​បាន​ស្ម័គ្រចិត្តចាប់​ឆ្នោត​ប្តូរ​ទីតាំង​ពីតំបន់​អង្គរទៅរស់​នៅតំ​បន់​ទីប្រជុំជន​​​រុនតាឯក និង​ពាក់ស្នែង​។ នេះ​បើ​តាមលោក​ ជា សុផារ៉ា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូ​បនីយ​កម្ម និង​សំណង់​។ ​ ​

លោក ជា សុផារ៉ា​ បាន​ឱ្យដឹង​តាម​រយៈ​ហ្វេស​ប៊ុកនៅថ្ងៃទី​ ១២ ខែតុលា​​ថា ប្រជាព​លរដ្ឋបាន​ស្ម័គ្រចិ​ត្ត​ចាប់​ឆ្នោត​ផ្លាស់​ប្តូរ​ទីលំ​នៅពី​តំបន់​អង្គរ​ទៅ​នៅតំបន់​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ចាត់​ចែង​ជូន​ជាបន្ត​បន្ទាប់។

ជាក់​ស្តែង នៅ​ថ្ងៃទី ១​២ ខែតុ​លា ក្រុមការងារ​តម្រង់​ទិស​រៀបចំ​ឱ្យ​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ប្តូរ​ទីលំនៅ​ពីភូមិ​រហាល សង្កាត់​នគរធំ, ភូ​មិ​គោក​តាចាន់​ ភូមិ​ខ្វៀន ភូមិ​វាល ភូមិ​ត្រពាំង​សេះ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក, ភូមិ​ទ្រាំង ភូមិ​អញ្ជោញ ភូមិ​មណ្ឌល ​៣ សង្កាត់​ស្លក្រាម​ ស្ថិត​ក្នុង​ក្រុង​សៀម​រាប ដែល​មាន​ចម្ងាយ ៥៥៨ ​ម៉ែត្រពី​ប្រាសាទ​អង្គរវត្ត​ ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​ស្ថិត​នៅ​ភូមិ​ពាក់​ស្នែង​ចាស់ ឃុំពាក់​ស្នែង ស្រុក​អង្គរ​ធំ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៩ ​គីឡូម៉ែត្រ​ពីប្រាសាទ​អង្គរ​វត្ត បន្ថែ​មចំនួន​១៦៨​គ្រួសា​រ។

លោក​បញ្ជាក់​ថា៖ «គិត​ចាប់ពី​ថ្ងៃចាប់​ឆ្នោត​ដំបូង នាថ្ងៃទី​ ២៥ ខែសី​ហា រហូត​មកដល់​ថ្ងៃទី ​១២​ ខែតុលា ឆ្នាំ ២​០២២ នេះ មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន ៨ ៤៩៤ ​គ្រួសារ​ហើយ ដែល​បាន​មក​ចាប់​ឆ្នោត​»។

លោក​ស្រី ​ឈួន អឹម មេឃុំ​រុន​តាឯកប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៣​ តុលា​ថា ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​ទៅ​រស់​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តាឯក ស្ថិត​ក្នុង​ភូមិ​តានី ឃុំរុន​តាឯក ស្រុក​បន្ទាយ​ស្រី មិន​ទាន់​បានរុះរើផ្ទះ​​ទៅ​នៅតំបន់​ថ្មីនេះ​នៅ​ឡើយទេ​ ដោយសា​រតែទីតាំង​ថ្មី​កំពុង​ត្រូវ​បាន​ឈូស​ឆាយសម្អាត​ឱ្យ​បាន​ស្អាត។

លោក​ស្រីបន្ត​ថា ដោយឡែ​កការរៀបចំ​បណ្ណសម​ធម៌ ជូនប្រជា​ពលរដ្ឋ​គឺ​បាន​ផ្តល់​ជូនចំនួន​ ៤ ០០០ គ្រួសារ។

តាម​រយៈ​លិខិត​របស់លោក ហាក់ សុធារ៉ា ប្រធានមន្ទីរ​ផែន​ការ​ខេត្ត​សៀមរាប ចុះ​ថ្ងៃទី​ ១៣ ខែតុលា ដែល​ជម្រាបជូន​ដល់​គណៈ​អភិបាល​ស្រុក​បន្ទាយ​ស្រីបាន​ឱ្យដឹង​ថា មន្ទីរ​ផែន​ការ​ខេត្ត​សហការ​ជាមួយ​ក្រសួង​ផែនការ​ គ្រោង​នឹង​បើក​យុទ្ធនា​ការ​សម្ភាស​ផ្តល់​បណ្ណ​សម​ធម៌ (បណ្ណ​ក្រ ១​) វគ្គទី​២ ចាប់​ពីថ្ងៃទី​ ១៧ ខែ​តុលា ឆ្នាំ ២០២២ ខាង​មុខ​នេះ។

ហេតុ​នេះ​ដើម្បីឱ្យ​ដំណើ​រ​ការ​សម្ភាសន៍ ផ្តល់​បណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ​លោក​បាន​ជម្រាប​ជូន​ទៅ​គណៈ​អភិបាល​ស្រុក​ធ្វើការ​ចាត់ចែង​សម្រួល​ឱ្យ​ក្រុម​ការងារ​ឃុំ​រុន​តាឯក​បាន​ចូល​រួម​ក្នុងយុទ្ធ​នាការ​នេះ។ ​

លោក​បញ្ជាក់​ថា៖ «សូមឱ្យ​គណៈ​អភិបាល​ស្រុក មេត្តា​​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋដែល​ស្ម័គ្រ​ចិត្ត​រុះ​រើលំនៅ​ឋាន​ទៅកាន់​តំបន់អភិវឌ្ឍន៍​ធម្មជាតិ​រុនតាឯក ​ឱ្យមក​ចូលរួម សម្ភាស​នៅ​ទីតាំង ប៉ូលីស​បេតិក​ភណ្ឌមុខ​ប្រាសាទ​អង្គរ​វត្ត​»។

លោក​ស្រីមេ​ឃុំរុន​តាឯក​បាន​ឱ្យ​ដឹ​ង​ថា តំបន់​អភិវឌ្ឍន៍រុន​តាឯក​ត្រូវបាន​រៀបចំ​ឡើង​តាំង​ពីឆ្នាំ ២០០៤ ដំបូង​ឡើយ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ដែល​ត្រូវ​បែក​គ្រួសារ​ដោយ​ស្នើសុំអាជ្ញាធរ​អប្សរា​ទៅរស់​នៅ​ទីនោះ។

លោក​ស្រីបន្ត​ថា មាន​ប្រជាពល​រដ្ឋ​បែក​គ្រួសារ​ពី​តំបន់​អង្គរ​ចំនួន​ប្រមាណ ៩០ ​គ្រួសារ ទទួល​បានផ្ទះ ១៥ គុណ ២៥ ម៉ែត្រ និង​ទទួល​បានការ​ឧបត្ថម្ភ​ឈើ​សម្រាប់​ធ្វើ​​ផ្ទះ​គ្រប់​គ្រាន់ហើយ​ផ្ទះនោះ​ ត្រូវ​ធ្វើតាម​គំរូដូចៗ​គ្នា និង​បាន​ដីចំនួន​ ១ ហិកតា ​ក្នុង​១ ​គ្រួសារ​សម្រា​ប់បង្ក​បង្កើន​ផលផង​ដែរ។ ​

លោក​ស្រី​បញ្ជាក់​ថា​៖ «សម្រាប់​ក្រុម​គ្រួសារ​ដែល​គាត់​បែក​ផ្ទះ​ ត្រូវ​ស្នើសុំអាជ្ញាធរ​ជាតិអប្សរា​ទៅរស់​នៅ​ផ្ទះគំ​រូនៅរុន​តាឯក​បាន តែគេ​មាន​លក្ខខណ្ឌ​លម្អិត​ណាស់​ទម្រាប់​បាន​ដី ១ ឡូត៍​នៅទី​នោះ»។

​លោក​ស្រី​បន្ថែមថា ក្រៅពី​ប្រជាពលរដ្ឋ​ដែល​បែក​គ្រួសារ​នោះ​ ក្រោយ​មកទើ​បមា​នប្រជាពល​រដ្ឋផ្លាស់​មកពីមាត់​ស្ទឹងសៀម​រាប​ជាង ៥០០ ​គ្រួសារ និង​ប្រជាពលរដ្ឋ​នៅមុខ​ប្រាសាទ​អង្គរ​ទទួល​បានដី ២០ គុណ ៣០ ម៉ែត្រ និង​មាន​ការ​ឧបត្ថម្ភ​ថវិកា​ បណ្ណ​ក្រីក្រ​ប្រភេទ​ ១ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ក្នុង​ការទៅរស់​នៅដំ​បូង​៕