ភ្នំពេញៈ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​លោក ​ឌិត​ ​​ទីណា ​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​នា​ថ្ងៃទី ១៤​ តុលា​នេះ ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក្រោយពី​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា ​បាន​ប្រជុំ​ ក្រោម​អធិបតីភាព​លោក​ ​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ពី​ម្សិលមិញ។

គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា ​បាន​អនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៨ ​នីតិកាល​ទី៦​ នៅ​ថ្ងៃទី ១៤​ តុលា ​ឆ្នាំ ២០២២ ​វេលា​ម៉ោង​ ៨:​០០​នាទី ​ដោយ​មាន​របៀបវារៈ​ ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំ​ពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​លោក​ ឌិត ​ទីណា ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​។

សេចក្តី​ប្រកាស​របស់​រដ្ឋសភា ​បញ្ជាក់​ថា​៖ «អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា ​និង​អនុម័ត​យល់ព្រម​សំណើ​សុំ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​ឯកឧត្តម​ ឌិត ​ទីណា ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ដើម្បី​ដាក់ជូន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នា​ពេល​ខាង​មុខ»។

កាលពី​ថ្ងៃទី ៨ ​ខែ​តុលា ​ឆ្នាំ ២០២២ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ស្នើ​ទៅ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ ដើម្បី​រៀបចំ​ការបោះឆ្នោត ​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំពេញ​បន្ថែម​សមាជិក​រាជរដ្ឋាភិបាល។ លោក​បាន​ស្នើ​លោក ​ឌិត ទីណា ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បន្ទាប់ពី​ព្រះមហាក្សត្រ ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក​ វេង ​សាខុន ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​តាម​សំណើ​របស់​លោក។

លោក​ ឌិត ​ទីណា ​បច្ចុប្បន្ន ​កំពុង​កាន់​តំណែង​ជា​រដ្ឋលេខាធិការ​ នៃ​ក្រសួង​រ៉ែ ​និង​ថាមពល ​និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ផងដែរ។ លោក​ ឌិត ​ទីណា ​ជា​បញ្ញវន្ត​បន្ត​វេន​ ១ ​រូប​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បាក់ឌុប​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ឆ្នាំ ១៩៩៤​ ហើយ​បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ចាប់​ពី​ឆ្នាំ ១៩៩៦ ​រហូត​ដល់​ឆ្នាំ ២០០២។ លោក​កើត​នៅ​ថ្ងៃទី ៧ ​មករា ​ឆ្នាំ ១៩៧៩ ​នាទី​ក្រុង​ភ្នំពេញ។

អំឡុង​ឆ្នាំ ២០០២​ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ពី​សាលា​ជាតិ​ជាន់​ខ្ពស់​ផ្នែក​រ៉ែ ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​Ecole Nationale superieure des mines de Paris ​ដោយ​ទទួល​សញ្ញាបត្រ​វិស្វករ​រ៉ែ។ ក្រៅពី​សញ្ញាបត្រ​វិស្វករ​រ៉ែ ​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រូបវិទ្យា​ពី​សាកលវិទ្យាល័យ​ Orsay, Paris Sud នៅឆ្នាំ ២០០០​។

លោក អ៊ឹង ឌីប៉ូឡា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល ​និយាយ​ថា ​បើ​មើល​ទៅលើ​ការងារ​លោក​ ឌិត ​ទីណា ​គឺជា​ថ្នាក់ដឹកនាំ​ ១ រូប​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ ដោយ​គិត​ពី​ផលប្រយោជន៍​រួម ​និង​ជាតិ​ជា​ធំ។ ភាព​ម៉ឺងម៉ាត់ ​ហ្មត់ចត់ ​តែ​ទន់ភ្លន់​នៅលើ​គ្រប់​កិច្ចការ​របស់​លោក ​ឌិត ​ទីណា ​នឹង​អាច​ដឹកនាំ​វិស័យ​កសិកម្ម​ឱ្យ​ឆ្ពោះ​ទៅមុខ​បាន​ដោយ​ជោគជ័យ។ ​លោក​ថា ​លោក​ ឌិត ​ទីណា ​ជា​ថ្នាក់ដឹកនាំ​ ១ រូប​​តែងតែ​ខិតខំ​​ ពុះពារ​គ្រប់​ឧបសគ្គ​ ដើម្បី​បណ្តុះបណ្តាល ​ណែនាំ ​ជំរុញ ​និង​ផ្តល់​ឱកាស​ដល់​គ្រប់​មន្ត្រី​ក្រោម​ឱវាទ ​ជាពិសេស​យុវជន។

លោក​ថ្លែង​ថា​៖ «ក្នុង​រយៈពេល​ដែល​លោក​បំពេញ​ការងារ​ ជា​រដ្ឋលេខាធិការ​ នៅ​ក្រសួង​រ៉ែ ​និង​ថាមពល ​លោក​តែងតែ​គោរព​នូវ​គំនិត​យោបល់​អ្នកបច្ចេកទេស​ដោយ​មិន​ធ្វើការ​រំលោភ​បំពាន​អំណាច។ លោក​បំពេញ​ការងារ​ជា​អ្នកនយោបាយ​ និង​លើក​យោបល់​ជា​អ្នកនយោបាយ ​ដោយ​ទុកឱ្យ​មាន​ការទទួល​ខុសត្រូវ​តាម​ផ្នែក​នីមួយៗ ​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់»។

លោក​បញ្ជាក់​ថា​៖ «បើ​យើង​មើល​ទៅលើ​លក្ខណៈ​បុគ្គល​របស់​គាត់ ​គាត់​ជាមនុស្ស​សាមញ្ញ ​ស្មោះត្រង់ ​រួសរាយ​ រាក់ទាក់​ និង​យក​អាសា​អ្នក​ដទៃ។ គាត់​ពិតជា​ថ្នាក់​ដឹកនាំ​យុវជន​គំរូ​ ១ រូប»។

លោក​ គិន​ ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភាកម្ពុជា ​សម្តែង​នូវ​ក្តីសង្សឹម​ថា ​រដ្ឋមន្ត្រី​ថ្មី ​នឹង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​កាន់តែ​មាន​ការរីក​ចម្រើន ​តាមរយៈ ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ ​ក្នុង​​ពេល​លោក​កាន់​តំណែង។

លោក​បញ្ជាក់​ថា​៖ «អ្វី​ដែល​ប្រជាពល​រដ្ឋ​​ សង្ឃឹម​ចង់បាន​ខ្លាំង​នោះ ​គឺ​ធ្វើ​ម៉េច​ឱ្យ​កសិករ​មាន​ទីផ្សារ​កសិផល​របស់​គាត់។ ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​មាន​បច្ចេកទេស​កសិកម្ម ​មាន​ពូជ​ដំណាំ​គ្រប់គ្រាន់ ​មាន​ទឹក​ធ្វើ​ស្រែ​គ្រប់​រដូវ។ គួរតែ​កុំឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​កសិកម្ម​តាម​បែប​យថាផល​យូរអង្វែង​ពេក ​ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ​វា​គួរតែ​កសិកម្ម​ហ្នឹង​វា​ជឿន​លឿន​ឡើង»។

ជាមួយ​គ្នា​នេះ​ដែរ លោក ​ហេង ​ចាន់ធួន ​រដ្ឋលេខាធិការ​នៅ​ក្រសួងរ៉ែ ​និង​ថាមពល​ជាមួយ​លោក​ ​ឌិត ទីណា ដែរ​នោះ​ បាន​ថ្លែង​ថា​៖ ​«ខ្ញុំ​ជឿ​ជាក់​ថា ​នៅក្នុង​មុខ​តំណែង​ថ្មី​របស់​គាត់ ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​លើ​មុខរបរ​កសិកម្ម ​នឹង​ទទួល​បាន​​ប្រាក់​ចំណូល​ខ្ពស់​បន្ថែម​ទៀត»​៕