ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​​បច្ចេកទេស​វិជ្ជាជីវៈ​រយៈពេល​ខ្លី ដោយ​ឥត​គិត​ថ្លៃ ជូន​កម្មករ​ និង​ប្រជាពលរដ្ឋ​ជាង ១៧ ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ជំនាញ​នេះ ហាក់​មិនសូវ​ទទួល​បាន​ការចាប់​អារម្មណ៍​ច្រើន​​ពី​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ ជាពិសេស​យុវជន។

លោក ថង សាម៉ុន អគ្គនាយករង​អប់រំ​​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​​បទសម្ភាស​ដល់ ​ភ្នំពេញ ​ប៉ុស្តិ៍ ជុំវិញ​បញ្ហា​នេះ និង​ពី​សារប្រយោជន៍​នៃ​ការរៀន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ​៖

តើ​ការ​បណ្តុះបណ្តាល​​ជំនាញ​រយៈពេល​ខ្លី​ដល់​ពលរដ្ឋ បង្កើតឡើង​តាំងពី​ពេលណា​មក​?

ការបណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី​ដល់​ពលរដ្ឋ​ គឺ​មាន​ជា​យូរ​មក​ហើយ​ (អនុក្រឹត្យ​លេខ ៥២ អនក្រ.បក ចុះ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០០៥ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ) ហើយ​ក្រសួង​ការងារ បាន​ធ្វើ​កិច្ច​ការងារ​នេះ បន្ត​រហូត​មក​តាំងពី​ឆ្នាំ ២០០៥។

តើ​ការ​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​​ខ្លី​មាន​សារ​ប្រយោជន៍​ដូចម្តេច?

ការផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី​នេះ ខ្ញុំ​សុំ​ញែក​អត្ថប្រយោជន៍​ជា ២ ដើម្បី​ធ្វើការ​បកស្រាយ​គឺ ១ សម្រាប់​​កម្មករ​កម្មការិនី និង​ទី២ សម្រាប់​ពលរដ្ឋ​ទូទៅ។ ការបណ្តុះ​​បណ្តាល​សម្រាប់​កម្មករ​កម្មការិនី គឺ​ចំពោះ​ពួកគាត់​ដែល​គិត​ថា ចង់បាន​ជំនាញ​ថ្មី​ពី​ជំនាញ​ដែល​គាត់​ធ្វើ​ការងារ​រាល់ថ្ងៃ ដោយ​ចាប់​យក​ឱកាស​នូវ​ជំនាញ​ថ្មី​មួយ​ទៀត។ ពេល​គាត់​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ខ្លី ហើយ​នៅ​ពេល​​គាត់​ចេញ​ទៅ​វិញ នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​បំពេញ​ការងារ​ថ្មី ឬ​សម្រាប់​គាត់ ដែល​មាន​គោលបំណង​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ​ចង់​បង្កើត​មុខរបរ​ថ្មី។ ពួកគាត់ អាច​មាន​ឱកាស​ចូល​ទីផ្សារ​ការងារ​ថ្មី ឬ​បង្កើត​ការងារ​ថ្មី សម្រាប់​ពួកគាត់ បន្ទាប់ពី​រៀន​ជំនាញ​ហើយ។

១ ទៀត កម្មករ-កម្មការិនី​ទៀត​សោត បើសិនជា​គាត់​មក​រៀន​ជំនាញ​រយៈពេល​​ខ្លី​ទាក់ទង​នឹង​ការអភិវឌ្ឍ​ជំនាញ បាន​ន័យ​ថា គាត់​មក​អ៊ីចឹង ធ្វើឱ្យ​ជំនាញ​របស់​គាត់​ល្អប្រសើរ​ជាង​មុន។ ពេល​គាត់​ទៅធ្វើ​ការ ច្បាស់​ជា​ផលិតភាព​របស់​គាត់ បាន​កើនឡើង​ជាង​មុន ហើយ​​គាត់​ប្រាកដជា​ទទួល​បាន​ប្រាក់ខែ​ច្រើនជាង​មុន ហើយ​អាច​ថា​ នឹង​មានឱកាស​ឡើង​តួនាទី​សម្រាប់​កន្លែង​ធ្វើការ​គាត់។ មាន ២ ចំណុច​នេះ សម្រាប់​អត្ថប្រយោជន៍​របស់​កម្មករ-កម្មការិនី ដែល​ទី១ គឺ​ការរៀន​ជំនាញ​ថ្មី សម្រាប់​បង្កើត​មុខរបរ​ថ្មី និង​ទី២ គឺ​ការអភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ដែល​ធ្វើឱ្យ​ពួកគាត់ មាន​ភាព​ប្រសើរ​ជាង​មុន​នៅ​កន្លែងធ្វើការ​ចាស់​។

ចុះ​ជាមួយ​ពលរដ្ឋ​ធម្មតា​វិញ​តើ​​ត្រូវ​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​យ៉ាង​ដូចម្តេច?

សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ពួកគាត់​មក​រៀន​ជំនាញ​រយៈពេល​ខ្លីៗ​នេះ គឺ​គាត់​អាច​ចូលរៀន​មិន​ខុសពី​កម្មករ​កម្មការិនី​នោះ​ទេ ដោយ​ក្រសួង​យើង​តែង​ផ្តល់​ជូន​គាត់​អាច​ចូលរៀន ដើម្បី​ទទួល​បាន​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់ ដែល​​ធ្វើឱ្យ​គាត់​ចូលទៅ​ក្នុង​ទីផ្សារ​ការងារ ដោយ​អាច​ទទួលបាន​ឱកាស និង​ទទួលបាន​ប្រាក់ខែ​ល្អប្រសើរ​ជាង​គាត់​ទៅ​ធ្វើការ​អត់​មាន​ជំនាញ។ អ៊ីចឹង​គាត់​មក​រៀន​រយៈពេល​ខ្លី គាត់​ចំណាយ​ការសិក្សា​ក៏​មិន​ច្រើន​ដែរ ដែល​គាត់​ចំណាយពេល​តែ ៤ ខែ ទៅ ៦ ខែ គឺ​គាត់​នឹង​ទទួល​បាន​ជំនាញ​មួយ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ជាង​អ្នក​អត់​មាន​ជំនាញ​ (មិន​ចេះ​អ្វី​សោះ​​)។

បន្ថែម​ពីនេះ​តាមរយៈ​ការទទួល​បាន​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​​ខ្លី​នេះ ទោះបីជា​គាត់ ចូល​បម្រើ​ការងារ​ទទួល​បាន​ប្រាក់ខែ​ប្រហាក់ប្រហែល​គេ ប៉ុន្តែ​គាត់​អាច​មាន​ឱកាស​ទទួលបាន​ការឡើង​ប្រាក់ខែ​ជាង​អ្នក​ដែល​មិនមាន​ជំនាញ​ដែរ។ ពិសេស​ជាង​នេះ​ទៀត ពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​អាច​យក​ចំណេះ​ដែល​ទទួលបាន​ពី​ការ​បណ្តុះ​បណ្តាល​ជំនាញ​ខ្លី​នេះ ទៅ​ប្រកបរបរ​ដោយ​ខ្លួនឯង​បាន។ ឧទាហរណ៍​ទៅធ្វើ​ជាជាង​ឡាន ឬ​ធ្វើ​ជាជាង​ថែទាំ និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​ជា​ដើម។

នៅពេល​ដែល​សិក្ខាកាម ទទួល​បាន​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​ពីលើ​ការងារ​ដែល​ពួកគាត់​មាន​ស្រាប់ ឬ​គ្មាន តើ​ក្រសួង ជួយ​ដល់​ពួកគាត់​យ៉ាង​ដូចម្តេច​ ក្នុងការ​ចាប់​យក​ឱកាស​ការងារ​នៅ​លើ​ទីផ្សារ​?

ដើម្បី​ឱ្យ​ពួកគាត់ អាច​ចូល​ទីផ្សារ​ការងារ​បាន​ជា​ធម្មតា​គ្រឹះស្ថាន​បណ្តុះបណ្តាល គឺ​គាត់​មាន​ដៃគូ​សហការ​ជាមួយ​វិស័យ​ឯកជន។ អ៊ីចឹង​យើង​អាច​តម្រង់​គាត់ នៅពេល​រៀន​ចប់ គឺ​ពួកគាត់​អាច​រក​ការងារ​ធ្វើបាន​ដ៏​ល្អ ហើយ​យើង​អាច​ប្រឹក្សា​យោបល់​ជូន​គាត់​ក្នុង​ការចូល​ទីផ្សារ​ការងារ និង​ពី​របៀបរបប​ទំនាក់ទំនង​ដើម្បី​ស្វែងរក​ការងារ ក៏ដូចជា​ការ​ចុះ​កម្មសិក្សា​ជាដើម។

បន្ថែម​ពីនេះ យើង​ក៏បាន​ណែនាំ​ពួកគាត់ ពី​របៀបរបប​​នៃ​ការបើក​អាជីវកម្ម​ផ្ទាល់​ខ្លួន ចំពោះ​បងប្អូន​ណា​ដែល​គាត់​មាន​បំណង​ចង់​ក្លាយជា​សហគ្រិនភាព គឺ​យើង​អាច​តម្រង់​ទិស​គាត់​បាន។ អ្វី​ទាំងនេះ គឺ​បាន​ចូលរួម​ផ្តល់​ឱកាស​ដល់​ពួកគាត់ ដែល​ជា​អ្នកទទួល​បាន​ការបណ្តុះ​បណ្តាល​ជំនាញ​​ខ្លី។

បន្ថែម​ពីនេះ សម្រាប់​​ការ​ចូល​ទីផ្សារ​ការងារ​ យើង​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ និង​ការងារ ដើម្បី​សហការ​គ្នា ក្នុងការ​ផ្តល់​ព័ត៌មាន​ការងារ និង​ជួយ​រៀបចំ​សរសេរ​ប្រវត្តិរូប​ការងារ (CV) រួមទាំង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទៅ​ដល់​សិក្ខាកាម​ដើម្បី​ឱ្យ​ពួកគាត់ មាន​ទីផ្សារ​ការងារ​បាន​លឿន ហើយ​ទៅរក​ទីផ្សារ​ការងារ ដែល​ត្រូវ​នឹង​ជំនាញ​ដែល​គាត់​រៀន។ ការទទួល​បាន​ទីផ្សារ​ការងារ​ត្រូវ​ជំនាញ គឺជា​ឱកាស​មួយ​ដែល​ចូលរួម​បង្កើន​ផលិតភាព និង​ប្រាក់ខែ​ខ្ពស់​សម្រាប់​ពួកគាត់​ជាង​ការ​ទទួលបាន​ការងារ​ដែល​ខុស​ជំនាញ។

នៅពេល​កម្ពុជា មាន​កម្មករ​ជំនាញ​កាន់តែ​ច្រើន តើ​នឹង​ជួយ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច​ជាតិ?

គឺ​ប្រាកដ​ណាស់ នឹង​ចូលរួម​ជួយ​ដល់​​​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ច្រើន​។ បាន​ន័យ​ថា សេដ្ឋកិច្ច​ជាតិ​យើង​រីកចម្រើន​បាន​អាស្រ័យ​ទៅលើ​វិស័យ​ជាច្រើន។ ​ខ្ញុំ​លើក​តែ​វិស័យ​វិនិយោគ​ឧស្សហកម្ម​មួយ​មក​និយាយ។ បើសិនជា​យើង​មាន​អ្នកជំនាញ​ច្រើន​ក្នុង​វិស័យ​នេះ នោះ​អ្នក​វិនិយោគ នឹង​បង្កើត​រោងចក្រ បង្កើត​សហគ្រាស​តាម​ជំនាញ​ដែល​យើង​មាន​ហ្នឹង គឺ​អាច​ថា កើនឡើង​ជាង​មុន។ អ៊ីចឹង​យើង​យក​អ្នក​ដែល​រកស៊ី​ថ្មី​មក​បង្កើត​អាជីវកម្ម បង្កើត​សហគ្រាស​រោងចក្រ​នៅ​កម្ពុជា​យើង ប្រាកដជា​មាន​អ្នក​វិនិយោគ​ច្រើន​ មាន​រោងចក្រ​ច្រើន បង្កើត​ការនាំ​ចេញទៅ​ក្រៅ​ច្រើន នឹង​ទទួលបាន​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ។

នេះ​​សម្រាប់​សហគ្រាស​ថ្មី។ សម្រាប់​សហគ្រាស​ដែល​មាន​ស្រាប់ នៅពេល​ដែល​គាត់​មាន​កម្មករ​ជំនាញ​ច្បាស់លាស់ ផលិតភាព​ការងារ​របស់​កម្មករ​ហ្នឹង នឹង​ខ្ពស់ជាង​មុន ដែល​ធ្វើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម និង​ការផលិត​របស់​គាត់ មាន​គុណភាព​ល្អ​ជាង​មុន និង​បាន​ច្រើន​ជាង​មុន​។ នៅពេល​បែបនេះ គឺ​នឹង​នាំឱ្យ​រោងចក្រ​សហគ្រាស ឬ​វិស័យ​ឯកជន​មាន​លទ្ធភាព​នាំចេញ​ផលិតផល​ទៅ​ក្រៅ​បាន​ច្រើនជាង​មុន ដែល​នឹង​ចូលរួម​ជួយ​បង្កើន​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន និង​ជួយ​​ដល់​ប្រាក់ខែ​របស់​បុគ្គលិក និង​កម្មករ​​បាន​ច្រើន​ដូចគ្នា។

ទន្ទឹម​នឹង​នេះ​ដែរ បើ​យើង​មាន​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន យើង​អាច​ធ្វើអ្វី​បាន​ច្រើន​សម្រាប់​ប្រទេស​ជាតិ​យើង​។ យើង​អាច​រៀបចំ​ជា​ផែនការ​អភិវឌ្ឍន៍​វិស័យ​ឧស្សហកម្ម វិស័យ​សេវាកម្ម វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ។ល​។ អីហ្នឹង បាន​ល្អ និង​មាន​ភាព​ទាក់ទាញ​អ្នកវិនិយោគ​បាន​ច្រើន​ជាង​មុន។ ទាំង​នោះ​ហើយ ដែល​បាន​ចូលរួម​ជួយ​សេដ្ឋកិច្ច​ជាតិ ហើយ​​កាលណា​យើង​មាន​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន ផលិតភាព​ការងារ​ក៏​ខ្ពស់ ហើយ​ពួកគាត់ ក៏​ទទួល​បាន​ប្រាក់ខែ​ច្រើន។

នៅពេល​កម្មករ​ជំនាញ ទទួលបាន​ប្រាក់ខែ​ច្រើន ពួកគាត់​​នឹង​យក​ប្រាក់ខែ​ទាំងនោះ ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដែលនាំ​ឱ្យ​មាន​អ្នក​ទទួល​បាន​ផលប្រយោជន៍​ដោយ​ប្រយោល​ជាច្រើន​​ទៀត មាន​ទាំង​សហគមន៍​គាត់ និង​អាជីវកម្ម​ផ្សេងៗ ដែល​គាត់ នឹង​ទៅ​ប្រើប្រាស់។ ឧទាហរណ៍ នៅពេល​ពលកម្ម​ជំនាញ គាត់​មាន​ថវិកាច្រើន គាត់​ទៅ​ចំណាយ​ទៅលើ​សម្ភារ​ផ្សេងៗ ដូចជា​សម្លៀកបំពាក់​ដែល​ទាំងនេះ គឺ​នឹង​ជួយ​​ដល់​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​បែបនេះ​។

តើ​ការចូល​រៀន​វគ្គ​​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ​មាន​បង់​ប្រាក់​ដែរ​ទេ?

សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លីៗ​នេះ ក្រសួង​ការងារ បាន​ផ្តល់​អាហារូបករណ៍ ​១០០ ភាគរយ ជូន​ពួកគាត់ សម្រាប់​រយៈពេល ៤ ខែ ឬ ១ ខែ​ឬ​ក៏ ១ សប្តាហ៍​ ទៅតាម​ជំនាញ និង​វគ្គ​នីមួយៗ​។ ទន្ទឹម​នឹង​នេះ យើង​ក៏​មាន​វគ្គ​បណ្តុះបណ្តាល​ពិសេសៗ​ជូន​ពួកគាត់​ផ្សេង​ទៀត ដែល​ក្រសួង​បាន​ផ្តល់​អាហារូបករណ៍​ជាប្រចាំ​ជូន​ពួកគាត់​​ដោយ​ឥត​បង់ថ្លៃ។

អ្វីដែល​ពិសេស​នោះ គឺ​មាន​​ជំនាញ​ជា​អាទិភាព​មួយ​ចំនួន​គឺ​យើង​បាន​ផ្តល់​ប្រាក់​ហូបចុក​ប្រចាំថ្ងៃ ដោយ​មាន ១៦ ម៉ឺន​រៀល​ក្នុង ១ ខែ ឬ​ខ្លះ​ក៏​​ ២០ ​ម៉ឺន​រៀល​ក្នុង ១ ខែ។ ​ទន្ទឹម​នឹង​ហ្នឹង​ក៏​យើង​​បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ជូន​ពួកគាត់​ទៀត ព្រោះ​សាលា​បច្ចេកទេស​របស់​យើង​មួយ​ចំនួន​មាន​អន្តេវាសិកដ្ឋាន។ ដូច្នេះ​បើ​សាលា​ណា​ដែល​មាន​អន្តេវាសិកដ្ឋាន ​យើង​នឹង​ផ្តល់​កន្លែង​ស្នាក់នៅ​ជូន​គាត់​ដោយ​ឥត​គិត​ថ្លៃ។

តើ​ជំនាញ​ដែល​សិក្ខាកាម ​ចាប់​យក​សិក្សា​ច្រើន​ជាងគេ​ មាន​អ្វីខ្លះ?

ជំនាញ​ដែល​កម្មករ​ កម្មការិនី និង​ពលរដ្ឋ​ទូទៅ ចាប់​យក​ច្រើន​ជាងគេ ក្នុង​ចំណោម​ជំនាញ​ដែល​ក្រសួង​បាន​ផ្តល់​ឱ្យ​គឺ​សម្រាប់​បុរសៗ គាត់​ច្រើន​ចាប់​យក​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​វិស័យ​សំណង់។ ក្នុង​សំណង់​មាន​ច្រើន ដែល​យើង​ដឹង​ហើយ​ថា មាន​ការងារ​កំបោរ ការងារ​រៀប​ឥដ្ឋ ការងារ​លាបថ្នាំ ការងារ​ពិតាន និង​ការងារ​សរសៃដែក​អី​ផ្សេងៗ។ អ៊ីចឹង​មាន​ការងារ​ច្រើន ជាពិសេស​គឺ​ការងារ​ក្នុង​វិស័យ​សំណង់ ប្រភេទ​ការងារ ក្នុង​វិស័យ​អគ្គិសនី ​មេកានិក អេឡិចត្រូនិក​ វិស័យ​បរិក្ខារ​ត្រជាក់ ឬ​ម៉ាស៊ីន​ត្រជាក់។ វិស័យ​ទាំង​នេះ គឺ​បុរសៗ គាត់​ចូលចិត្ត​រៀន​ច្រើន ហើយ​សម្រាប់​នារីៗ ក៏​មាន​ដែរ ប៉ុន្តែ​ក៏​មិនមាន​ច្រើន​នៅឡើយ​ទេ។

សម្រាប់​នារីៗ គឺ​គាត់​ចូលចិត្ត​ផ្នែក ជំនួញ ICT ( ICT គឺជា​ពាក្យ​ផ្លូវការ ១ ​​មកពី​ពាក្យ​ពេញ Information Communication Technology ដែល​ក្ដោប​យក​ក្រុម​នៃ​ឧបករណ៍ ឬ​កម្មវិធី​អាច​ទំនាក់ទំនង​គ្នា​បាន ក្នុង​នោះ​មាន​​ដូចជា វិទ្យុ ទូរទស្សន៍ ប្រព័ន្ធ​កុំព្យូទ័រ ឧបករណ៍​កុំព្យូទ័រ និង​កម្មវិធី​កុំព្យូទ័រ» ឬ​ទាក់ទង​នឹង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ​ចុងភៅ និង​វិស័យ​ទាក់ទង​នឹង​ជំនាញ​ទេសចរណ៍។ មាន​ជំនាញ​មួយ​ចំនួន ដែល​យើង​បណ្តុះ​បណ្តាល​នៅ​ក្នុង​សហគមន៍ ដែល​មាន​ទាំង​បុរស និង​ស្ត្រី អាច​រៀន​បាន​ដូចគ្នា ​វគ្គ​កសិកម្ម​ខ្លីៗ ទាក់ទង​នឹង​ការកែច្នៃ​ម្ហូប​អាហារ ការថែទាំ​ ដាំ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​ជាដើម​។

តើ​លោក​មាន​​សារ​​អ្វី​ទៅ​កាន់​ពលរដ្ឋ​ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​មាន​ការ​ចាប់អារម្មណ៍​មក​រៀន​យក​ជំនាញ​វិជ្ជាជីវៈ​?

អ្វី​ដែល​ខ្ញុំ​ចង់​សំណូមពរ​ថា ឱ្យ​យុវជន​យើង ឬ​ក៏​ប្រជាពលរដ្ឋ​យើង ក៏​ដូចជា​កម្មករ​-កម្មការិនី​យើង ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឱ្យបាន​ច្រើន​ជាង​នេះ ដោយសារតែ​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងពេល​បច្ចុប្បន្ន គឺ​មាន​ចំនួន​ខ្ពស់ ហើយ​ទៅ​ពេល​អនាគត ក៏មាន​តម្រូវការ​ខ្ពស់​ដែរ។ ជំនាញ​បច្ចេកទេស​នេះ​ទៀត​សោត នឹង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​ប្រទេស​ជាតិ និង​ជួយ​អភិវឌ្ឍ​ដល់​ខ្លួន​ផ្ទាល់ អាច​ថា ចូល​បម្រើការ​ឱ្យគេ​ក៏បាន ប្រកបរបរ​រកស៊ី​ខ្លួនឯង​ក៏បាន។

ខ្ញុំចង់​ឱ្យ​យុវជន កម្មករ​-កម្មការិនី មក​ចាប់អារម្មណ៍ ឬ​ក៏​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​នេះ​ព្រោះ​យើង​មាន​ការ​ផ្តល់​​អាហារូបករណ៍ ហើយ​កន្លែង​ខ្លះ មាន​ផ្តល់​កន្លែង​ស្នាក់នៅ​ជាដើម។ ជាពិសេស​នោះ យើង​ក៏បាន​ជួយ​តម្រង់ទិស​ឱ្យ​ពួកគាត់ ទទួល​បាន​ការងារ​ផ្សេងៗ និង​ការ​ប្រឹក្សា​យោបល់​ផង​ដែរ។

តើ​មាន​កម្មករ​ ឬ​ពលរដ្ឋ​ច្រើន​ទេ​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ?

ក្នុង​រយៈពេល​ ៥ ឆ្នាំ​ចុងក្រោយ​នេះ​ក្រសួង​​បាន​បណ្តុះ​បណ្តាល​ជំនាញ​រយៈពេល​ខ្លី​ដល់​សិក្ខាកាម​ជា​មធ្យម​ប្រមាណ​ ៣ ម៉ឺន​នាក់​ក្នុង ​១ ឆ្នាំ​ហើយ​សរុប​រយៈពេល ​៥ ឆ្នាំ​នេះ​ មាន​សិក្ខាកាម សរុប​យ៉ាង​តិច​ ១៥ ម៉ឺន​នាក់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ខ្លី​ពី​ក្រសួង​៕