​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​ ​១៤ ខែតុលា​នេះ រដ្ឋសភាបាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​សំឡេង​ ១១១ លើ​ ១១១ តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​

​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋសភា​បញ្ជាក់​នា​ថ្ងៃទី ​១៤ ខែតុលាថា​៖ «​សម័យប្រជុំ​រដ្ឋសភា​នាឱកាស​នេះ​មាន​របៀបវារៈ​តែមួយ ដោយបាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ទទួលបាន​សំឡេង​ព្រមចំនួន ១១១​ សំឡេង​»​។​

​គួរ​រំឭក​ផងដែរ កាលពី​ថ្ងៃទី ​៨ ខែតុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ទៅកាន់ លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាជិក​រាជរដ្ឋាភិបាល ដែល​លោក​បានស្នើ​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ទាប់ពី​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក វេ​ង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​សំណើ​របស់លោក កាលពី​ថ្ងៃទី​ ៨ ខែតុលា​។

​លោក ឌិ​ត ទីណា បច្ចុប្បន្ន​កាន់តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ហើយ​លោក​ជា​អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​ផងដែរ​។

​លោក​លោក ឌិ​ត ទីណា កើត​នៅ​ថ្ងៃទី ​៧ មករា ឆ្នាំ​ ១៩៧៩​។ លោកជា​បញ្ញវន្ត​បន្តវេន ​១ ​រូប ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​បានបញ្ចប់​ការសិក្សា​ថ្នាក់បាក់ឌុប​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ឆ្នាំ​ ១៩៩៤ ហើយ​បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ចាប់ពី​ឆ្នាំ​ ១៩៩៦ រហូតដល់​ឆ្នាំ​ ២០០២​។

​ក្នុងអំឡុង​ឆ្នាំ​ ២០០២ លោកក៏បាន​បញ្ចប់​ការសិក្សា​ពី​សាលា​ជាតិ​ជាន់ខ្ពស់​ផ្នែក​រ៉ែ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ Ecole Nationale superieure des mines de Paris ដោយ​ទទួល​សញ្ញាបត្រ​វិស្វករ​រ៉ែ​។

​ក្រៅពី​សញ្ញាបត្រ​វិស្វករ​រ៉ែ​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រូបវិទ្យា​ពី​សាកលវិទ្យាល័យ​ Orsay, Paris Sud នៅ​ឆ្នាំ​ ២០០០។​

លោក ឌិត ទីណា បាន​ថ្លែង​អំណរគុណ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ខ្ញុំ​បាទ ឌិត ទីណា សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​សេចក្តី​ទុកចិត្ត និង​ឱកាស​ដល់​រូប​ខ្ញុំ បាន​បម្រើ​ជាតិ និង​មាតុភូមិ នៅក្នុងនាម​ជា​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»​។

លោក​បាន​បន្ត​ថា​៖ «ខ្ញុំ​បាទ​ក៏​សូម​ថ្លែង​អំណរគុណ​ជូន​ចំពោះ សម្ដេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​កិត្តិសេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា និង​លោកជំទាវ​កិត្តិ​សង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន​ទី​២ ​នៃ​រដ្ឋសភា ព្រមទាំង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​ដាក់​បញ្ចូល​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​ការបំពេញ​បន្ថែម​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ដល់​រូបខ្ញុំ​បាទ ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៦ នា​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ​ ២០២២»​។

លោក​ក៏បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សមាជិក សមាជិកា នៃ​រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម ដែល​ផ្ដល់​កិត្តិយស​ចូលរួម​ក្នុងការ​បោះឆ្នោត​ផ្ដល់​និង​បាន​បោះឆ្នោត​ផ្តល់​សេចក្ដី​ទុកចិត្ត​ដល់​រូប​លោក​ចូល​ជា​សមាជិក​រាជរដ្ឋាភិបាល ក្នុងនាម​ជា​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​សំឡេង ព្រម ចំនួន ១១១/១១១​។

លោក​ថ្លែង​ថា ការបោះឆ្នោត​យល់ព្រម​ពី​សំណាក់​អង្គសភា​ដ៏​ឧត្តុង្គឧត្តម គាំទ្រ​ដល់​រូប​លោក គឺជា​ការផ្ដល់​កិត្តិយស និង​ការទទួល​ខុសត្រូវ ក៏ដូចជា​កម្លាំងចិត្ត​យ៉ាង​ធំធេង​ដល់​រូបលោក ដើម្បី​បំពេញ​បេសកកម្ម​បម្រើ​ប្រជាជន និង​ប្រជាជាតិ ក្នុង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕