ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង បាន​ណែនាំ​ភ្លាមៗ​ឱ្យ​មាន​ការបង្កើត​ក្រុម​ការងារ​មួយ​ សម្រាប់​សិក្សា​ពី​លទ្ធភាព​នៃ​ការរៀបចំ​ឱ្យ​មាន​កន្លែង​សិក្សា​ត្រឹមត្រូវ​ សម្រាប់​កូនចៅ​របស់​ពលករ​ចំណាក​ស្រុក​ទាំង​ក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​។

ការណែនាំ​ឱ្យ​បង្កើត​ក្រុម​ការងារ​នេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា រៀបចំ​ការផ្ដល់​ការសិក្សា​ដល់​កុមារ​ចំណាកស្រុក ទាំង​ការចំណាកស្រុក​ក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស ដើម្បី​កុំ​ឱ្យ​ពួកគេ​នៅក្រៅ​ចរន្ត​នៃ​ការអប់រំ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ពី​ការបង្កើត​ក្រុម​ការងារ​ថ្មី​ សម្រាប់​ជួយ​សម្រួល​លើ​ការអប់រំ​ដល់​កូនៗ​របស់​ពលករ​ចំណាកស្រុក​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ​៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​នេះ កាលពី​ថ្ងៃទី​ ១២ ខែតុលា​។ លោក​មាន​ប្រសាសន៍​ថា​៖ «​បន្ទាប់ពី​ការ​ផ្តល់នូវ​អនុសាសន៍​ និង​ការណែនាំ​ពី​សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ភ្លាមៗ​ទៅ​ក្រុមការងារ​ឱ្យ​បង្កើត​ក្រុមការងារ​ ១ ​ថ្មី​ ដើម្បី​សិក្សា​​ពី​លទ្ធភាព​ក្នុង​ការរៀបចំ​ឱ្យ​មាន​ការចូល​រៀន​ស្រួល​បន្តិច​ សម្រាប់​កូនចៅ​របស់​បងប្អូន​ចំណាកស្រុក​ដែល​នៅក្នុង​ស្រុក​យើង​»​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​ហើយក៏​ត្រូវ​រៀបចំ​ក្រុម​ការងារ​មួយ​ទៀត ដើម្បី​ពិនិត្យ​ពិភាក្សា​ជាមួយ​នឹង​បណ្តា​ប្រទេស​ ដែល​ទទួល​ពលករ​ដើម្បី​ឱ្យ​កូនចៅ​របស់​ពលករ ដែល​ទៅ​ធ្វើការ​ជាមួយ​នឹង​ឪពុកម្តាយ​នោះ​បាន​ចូលរៀន​នៅក្នុង​ប្រទេស​គេ​ផងដែរ​»​។ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការងារ​ក៏​កំពុង​តែ​គិត​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​ឱ្យ​មាន​នូវ​សាលា​បង្រៀន​ភាសា​ខ្មែរ​តាម​សហគមន៍​ទៅ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដោយ​បន្ថែម​ទៅលើ​ការចូលរៀន​នៅតាម​សាលា​ចំណេះ​ទូទៅ​នៃ​ប្រទេស​ទាំងនោះ​ផងដែរ​។

លោក ហេង សួរ ថ្លែង​ទៀតថា​៖ «​យើង​គិតថា ប្រទេស​ទាំងអស់​នោះ​អាច​នឹង​អនុញ្ញាត​ឱ្យ​កូនចៅ​បងប្អូន​ពលករ​របស់​យើង​ចុះឈ្មោះ​ចូលរៀន​បាន ប៉ុន្តែ​រៀន​ជា​ភាសា​គេ ដូចនេះ​ហើយ​ប្រហែល​ជា​យើង​បង្កើត​ឱ្យ​មាន​ការបង្រៀន​ភាសា​ខ្មែរ​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​បាន​ចំណេះដឹង​ទូទៅ​ផង ហើយក៏​មិន​ភ្លេច​នូវ​ភាសា​កំណើត​របស់ខ្លួន​ដែរ​»​។

ជាមួយ​គ្នា​នោះដែរ លោក ហេង សួរ បាន​លើកឡើង​ដែរ​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​ ២០២២ ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ប្រមាណ​ជា​ ១,៣ ​លាន​នាក់​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស ដែល​ពួកគាត់​បាន​រួម​ចំណែក​ក្នុង​ការ​កែលម្អ​ជីវភាព​រស់នៅ​សម្រាប់​ខ្លួន​គាត់​ផង ហើយក៏​ដូចជា​ក្រុមគ្រួសារ​របស់​គាត់​ផង​។ លោក​បន្តថា តាម​អ្វីដែល​ក្រសួង​ការងារ​បាន​កត់ត្រា​ទុក​ និង​ព្យាករ​ឃើញថា ក្នុង​ឆ្នាំ ​២០២២ ​នេះ ពលករ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​អាច​ផ្ទេរប្រាក់​មក​ស្រុក​កំណើត​វិញ គឺ​មាន​ប្រហាក់​ប្រហែល​ជា​ ២ ៧០០​ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

លោក ហេង សួរ បាន​ថ្លែងថា៖ «​នេះ​គឺជា​តួលេខ​មួយ​ដ៏ខ្ពស់ ដែល​ហេតុ​ដូចនេះ​ហើយ​បានជា​កន្លងមកនេះ​ឯកឧត្តម​ អ៊ិត សំហេង តែងតែ​កោតសរសើរ​ទៅដល់​បងប្អូន​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស និង​តែងតែ​ឆ្លៀតពេល​ចុះ​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​យើង​នៅ​តាម​ប្រទេស​នានា​ផងដែរ ពិសេស​នៅ​ប្រទេស​ថៃ​ និង​កូរ៉េ​»​។

សូម​រំឭក​ផងដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​វេទិកា​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ PPIU ជាង​ ២ ពាន់​នាក់​កាលពី​ថ្ងៃទី​ ១១ ខែ​តុលា ដោយ​លោក​បាន​លើក​ជា​អនុសាសន៍​ឱ្យមាន​សាលារៀន​នៅក្បែរ​នឹង​ការដ្ឋាន​សំណង់​ ដែល​ឪពុកម្តាយ​កុមារ​ទាំងនោះ​ធ្វើការ ដើម្បី​ជំរុញ​ឱ្យ​ក្មេង​ចូលរៀន​នៅ​សាលា​ក្បែរ​នោះបាន​។

យោងតាម​ក្រសួង​អប់រំ​ក្នុង​ពេល​កន្លងមក​បាន​ឱ្យដឹងថា អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស នៅ​សាលាបឋមសិក្សា​បាន​ធ្លាក់ចុះ និង​មាន​កំណើន​ការ​ចូលរៀន​ទៀងទាត់ បន្ទាប់ពី​មាន​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលា ដែល​មកដល់​ពេលនេះ មាន​សាលា​គោលដៅ​ជាង ១ ០០០ សាលា​ក្នុង​ខេត្ត​ចំនួន ១០ បាននិង​កំពុង​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​នេះ​។ ចំពោះ​ការលើកឡើង​របស់​លោក​ ហ៊ុន សែន មន្ត្រី​អង្គការ​មួយ​ចំនួន រួម​នឹង​ក្រសួង​ពាក់ព័ន្ធ​បាន​ស្វាគមន៍​ចំពោះ​ការជំរុញ​ និង​លើក​ទឹកចិត្ត​ឱ្យ​កុមារ​កម្ពុជា​បាន​ទទួល​ការសិក្សា​នេះ​ ដោយសារ​កុមារ​ដែល​ឪពុកម្ដាយ​នាំ​ទៅ​ជាមួយ​ពេល​ធ្វើ​ចំណាកស្រុក​កំពុង​ក្លាយ​ជា​កង្វល់​ និង​ការបារម្ភ​មួយ​ទាក់ទង​នឹង​ការអប់រំ​កុមារ​នេះ​៕