សៀមរាបៈ ស្ពាន​ថ្មី​នៅ​ប្រាសាទ​នាគព័ន្ធ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បើក​ឱ្យ​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចូល​ទៅ​ទស្សនា​ប្រាសាទ​នាគព័ន្ធ ជាពិសេស​ទស្សនា​ទិដ្ឋភាព​ដ៏ស្រស់ស្អាត​នៅលើ​ផ្ទៃ​ទឹក​នៃ​បារាយណ៍​ជ័យតដាក ឬ​នាគព័ន្ធ (​បារាយណ៍​ខាងជើង​) ​ធ្វើឱ្យ​ភ្ញៀវទេសចរ​បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ​ពេល​ឆ្លងកាត់​ស្ពាន​នេះ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក វិចិត្រ ប្រជាពលរដ្ឋ​មកពី​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី​ ១ ​ហើយ ដែល​រូបលោក​បាន​នាំ​ក្រុមគ្រួសារ​ចូល​មក​ទស្សនា​ប្រាសាទ​នាគព័ន្ធ ដោយសារ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឃើញ​ស្ពាន​ថ្មី​មួយ ទើបតែ​សាង​សាង​រួចរាល់ មាន​រូបរាង​ស្រស់ស្អាត ទើប​ចាប់​ចិត្ត​ចង់​ចូល​ទស្សនា​ទិដ្ឋភាព​នៅទីនេះ​។

លោក​បន្តថា នៅពេល​បាន​ឆ្លងកាត់​លើ​ស្ពាន​ថ្មី​នេះ ពិតជា​មិន​ខកបំណង​ឡើយ ព្រោះ​មាន​ទេសភាព​ស្រស់ស្អាត ផ្ទៃ​ទឹក​ខៀវស្រងាត់ ព្រម​ជាមួយ​សត្វ​ស្លាប​ហោះហើរ​ឆ្លងកាត់​ព្រោងព្រាត​ជា​ទីចាប់​អារម្មណ៍​សម្រាប់​អ្នកទេសចរ​។

ចំណែក​លោក​ សេង គុណ ប្រជាពលរដ្ឋ​មកពី​ស្រុក​ប្រាសាទ​បាគង​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ការជួសជុល​ស្ពាន​ថ្មី នៅ​មុខ​ប្រាសាទ​នាគព័ន្ធ​បាន​រួចរាល់ ហើយ​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​ហើយ​នោះ លោក​ក៏បាន​សម្រេច​ចិត្ត​មក​ទស្សនា​ប្រាសាទ​នាគព័ន្ធ​។

ក្នុងនោះ​លោក​សង្កេត​ឃើញ ស្ពាន​ថ្មី​នេះ​មាន​ភាពរឹងមាំ ស្រស់​ស្អាត និង​ធំ​ទូលាយ​ជាង​មុន​។ លោក​ក៏​រំពឹងថា និង​មាន​ភ្ញៀវទេសចរ​មក​ទស្សនា ប្រាសាទ​នាគព័ន្ធ​នេះ​កាន់តែ​ច្រើន​ថែមទៀត​។

លោក​ សេង គុណ ក៏បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការស្ថាបនា​ស្ពាន​ថ្មី​នេះ ក៏ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ឱ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត ស័ក្ដិសម​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា បារាយណ៍​ជ័យ​តដាក ឬ​នាគព័ន្ធ (​បារាយណ៍​ខាងជើង​) ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ អស់​រយៈកាល​ជិត ​១ ​ពាន់​ឆ្នាំ​មក​ហើយ បារាយណ៍​នេះ​មាន​បណ្តោយ​ ៣ ៦០០ ​ម៉ែត្រ និង​ទទឹង​ ៩៣០ ​ម៉ែត្រ ។

ដោយ​សារភាព​រីងស្ងួត​អស់កាល​ជាយូរ​ឆ្នាំ​មក​ហើយ នៅក្នុង​ឆ្នាំ ​២០០៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម ការងារ​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ឡើងវិញ មាន​ទំនប់ និង​ប្រឡាយ​បង្ហូរទឹក ដើម្បី​អាច​រក្សា​ទឹក​ក្នុង​បារាយណ៍​បាន ហើយ​នៅក្នុង​ឆ្នាំ​ ២០០៧ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​បង្ហូរទឹក​ចូលមក​ធ្វើឱ្យ​បារាយណ៍​ជ័យតដាក មាន​ជីវិត​សាជាថ្មី​ម្តងទៀត​។

បច្ចុប្បន្ន​បារាយណ៍​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​ផ្គត់ផ្គង់​ទឹក ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ដល់​មនុស្ស ក្នុង​រាជធានី​អង្គរធំ នាគព័ន្ធ និង​នៅ​ប្រាសាទ​ព្រះខ័ន​៕