សៀមរាបៈ ខ្លោងទ្វារ​អគារ​ព្រះឥសូរ​ស្ថិតនៅ​ជ្រុង​ឥសាន​នៃ​ប្រាង្គ​កណ្តាល​របស់​ប្រាសាទ​ព្រះខ័ន ត្រូវបាន​ក្រុមការងារ​អាជ្ញាធរជាតិ​អប្សរា បាន​បញ្ចប់​ការជួសជុល​ហើយ ហើយ​គ្រោង​នឹង​បើក​ឱ្យ​ភ្ញៀវទេសចរ​ដើរ​ឆ្លងកាត់​ឡើងវិញ ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​មួយរយៈ​ពេល ដើម្បី​ធ្វើ​ការងារ​ជួសជុល​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ១៣ ​តុលា​។

លោក​ ជា សារិទ្ធិ បុរាណវិទូ និង​ជា​ប្រធាន​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​អគារ​ព្រះឥសូរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ក្រុម​អ្នកជំនាញ​បាន​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​នេះ តាំងពី​អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ មកដល់​បច្ចុប្បន្ន​នេះ​ក្រុមការងារ​បាន​បញ្ចប់​ការជួសជុល​ហើយ​។

លោក​បន្ត​ថា ការជួសជុល​ចាប់ផ្តើម​ពី​ការសិក្សា​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​កិច្ចការ​អភិរក្ស​កន្លង​មក ធ្វើ​សម្រង់​ប្លង់ ចុះ​បញ្ជើ​ថ្ម ស្វែងរក​ថ្ម រៀបផ្គុំ​ថ្ម​សាកល្បង វាស់​ស្ទង់ សិក្សា​វាយតម្លៃ​ស្ថានភាព​សំណង់​ដែល​រង​ការខូចខាត ធ្វើ​វិភាគ ហើយ​កំណត់​នូវ​វិធីសាស្ត្រ​ដើម្បី​ជួសជុល​។

បន្ទាប់មក រៀបចំ​របាយការណ៍​ដាក់​ឆ្លង​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អង្គរ (ICC-Angkor)​។

ក្រោយ​ទទួលបាន​អនុសាសន៍​ពី​អ្នកជំនាញ​ការ Ad hoc នៃ​អង្គការ​យូណេស្កូ ក្រុមការងារ​ចាប់ផ្តើម​រុះរើ​ត្រង់​ផ្នែក​រង​ការខូចខាត ហើយ​ប្រឈម​នឹង​ដួលរលំ និង​ធ្វើ​កំណាយ​សិក្សា​ពិនិត្យ​ស្ថានភាព​គ្រឹះ ហើយ​ជួសជុល​ពង្រឹង​គ្រឹះ​និង​ជើងតាង​។

លោក​បន្ត​ទៀត​ថា អគារ​នេះ​មាន​សសរ​ចំនួន​ ២៤ ហើយ​ស្រុត​ស្ទើរតែ​ទាំងអស់ ចំណែក​រចនាសម្ព័ន្ធ​សំណង់​ទ្រេត​ខ្លាំង ប្រឈម​នឹង​ការដួលរលំ​។

កិច្ចការ​បន្ត គឺ​ជួសជុល​ពង្រឹង​គ្រឹះ និង​ជើងតាង (​ដូរ​ថ្ម​ដែល​ពុកផុយ ជំនួស​ដោយ​ថ្មបាយក្រៀម​ថ្មី ចំពោះ​ថ្ម​ដែល​មាន​គុណភាព​ល្អ​រក្សា​ទុក​ដដែល​) បន្ទាប់មក​រៀប​ផ្គុំ​សសរ ធ្នឹម និង​ដំបូល​។

លោក​បន្ត​ទៀត​ថា ក្រោយពី​ការងារ​ជួសជុល​រួច អាជ្ញាធរជាតិ​អប្សរា​រំពឹង​ថា នឹង​បើក​វង់​ទស្សនា​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ព្រោះ​ពេល​កន្លងមក​អគារ​នេះ​ត្រូវ​បិទ​មិនឱ្យ​ភ្ញៀវ​ឆ្លងកាត់​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា សំណង់​ខ្លោងទ្វារ​អគារ​ព្រះឥសូរ មាន​លក្ខណៈ​ខុសប្លែក​ពី​សំណង់​ផ្សេងៗ​នៅក្នុង​ប្រាសាទព្រះខ័ន មាន​ច្រកចេញ​បើកចំហ​គ្រប់​ទិស គ្មាន​ជញ្ជាំង ហើយ​មាន​ដំបូល​គ្រប​ពីលើ​សសរ​ចំនួន​ ២៤ ​ដើម​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា រចនាសម្ព័ន្ធ​ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះឥសូរ​ធ្លាប់បាន​រៀបចំ​ទល់​ទ្រ ដោយ​ការ​ទល់​ទ្រនល់​និង​ធ្នឹម​អំពី​បេតុង​នៅ​ឆ្នាំ​ ១៩២៨ ដោយ​ក្រុម​អភិរក្ស​អង្គរ​នៃ​សាលា​បារាំង​ចុង​បូពា៍ និង​នៅ​ឆ្នាំ​ ២០០២ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា និង​ធ្វើការ​ទល់ទ្រ នូវ​រចនាសម្ព័ន្ធ​ដែល​ប្រឈម​និង​ការដួលរលំ​៕