ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ​កាលពី​រសៀល​ថ្ងៃទី​ ១៣ ​តុលា បាន​បង្ក្រាប​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ១៤ ​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់​ម៉ូតូ និង​ប៉ុនប៉ង​ប្លន់​ម៉ូតូ​ជា​បន្តបន្ទាប់​នៅតាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី​ ១​ ខែ​តុលា​មក​។

បើតាម​ទំព័រ​ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជាមួយ​នឹង​ការឃាត់​ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន ​៥ ​គ្រឿង​, កាំបិត​ប៉័ងតោ​ចំនួន​ ១, ទូរស័ព្ទដៃ​ចំនួន​ ៣ ​គ្រឿង និង​កាំបិត​កែច្នៃ​ប្រវែង ​១៧ ​សង់ទីម៉ែត្រ​ចំនួន​ ១ ​ដើម​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ (​ជនសង្ស័យ​ទាំង​ ១៤ ​នាក់​) បាន​ធ្វើ​សកម្មភាព ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ចំនួន​ ៣ ​ករណី ទី​១ ករណី​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​ម៉ូតូ​) នៅ​ចំណុច​ស្តុប​ទួល​ពង្រ ផ្លូវ​ ៥០ ​ម៉ែត្រ ស្ថិតនៅ​ភូមិ​ ២៤ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៣ ខែ​តុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ០៣​ និង​ ០០ ​នាទី (​ប៉ុនប៉ង​)​។

ទី​២ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ការប្រើ​អំពើហិង្សា (​ធាក់​ប្លន់​យក​ម៉ូតូ​) ត្រង់​ចំណុច​ខាងមុខ​តូប​លក់​ទឹកត្នោតជូរ ផ្លូវ​ ៥០ ​ម៉ែត្រ ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ០០ ​និង​ ៤០ ​នាទី (​បាន​សម្រេច​) និង​ទី ​០៣ ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ការប្រើ​អំពើហិង្សា (​ធាក់​ប្លន់​ម៉ូតូ​) នៅ​ផ្លូវជាតិ​លេខ​ ២ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​១ ខែ​តុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១​ និង​ ៣០ ​នាទី (​បាន​សម្រេច​)។

ក្រៅពីនេះ​មាន​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ប៉័ងតោ​កាប់​) ចំនួន​ ២​ ករណី​ទី១ បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​កាំបិត​ប៉័ងតោ​កាប់​) ត្រង់​ចំណុច​បុរី​ពិភពថ្មី​ ២ ផ្ទះ​លេខ​ ១២៣ ផ្លូវលេខ​ ៩ ភូមិ​ព្រៃកីខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៤ ខែ​តុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៩ ​និង​ ២២ ​នាទី និង​ទី​២ បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ប៉័ងតោ​កាប់​) ត្រង់ចំណុច​មុខ​វត្ត​សំបួរ ផ្លូវ​ ២១៧ ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រោយពី​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ ១៤ ​នាក់​នេះ ហើយ​មាន​ការ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕