កណ្តាលៈ ក្រុម​កម្លាំងចម្រុះ​បាន​រកឃើញ​សព​ជន​រងគ្រោះ​ចំនួន ២ នាក់​បន្ថែម​ទៀត ដែល​នាំឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៨ នាក់ ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដ កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី ១៣ ខែ​តុលា ស្ថិត​នៅ​ចំណុច​ទូកដរ​ទទឹង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី ១៤ ខែ​តុលា ថា​៖ «​គិត​ត្រឹម​ថ្ងៃទី ១៤ ខែ​តុលា ឆ្នាំ ២០២២ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក មក​ដល់​ពេល​នេះ បាន​រកឃើញ​សព​ជន​រងគ្រោះ​ចំនួន ២ នាក់ បន្ថែម​ទៀត​។ រកឃើញ​សរុប​ចំនួន ១២ នាក់ ស្លាប់ ៨ នាក់ (​ស្រី ១ នាក់)»។​

​ក្រុម​កម្លាំងចម្រុះ​បាន​បន្ត​ស្រាវជ្រាវ​រុករក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ចំនួន ៣ នាក់​បន្តទៀត។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបញ្ជាក់ថា ហេតុការណ៍​លិច​ទូកដទទឹង​នេះ​ បណ្តាល​ឱ្យ​បាត់​ខ្លួន​សិស្ស​សាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែល​មាន​ទីលំនៅ​នៅ​ភូមិ​កោះចំរើន​។ ករណីនេះ​បណ្ដាល​មក​ពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិន​ប្រុង​ប្រយ័ត្ន ហើយ​គ្មាន​អាវ​ពោង​សម្រាប់​ការពារ៕​