ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូន និង​ចៅ​នៅ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្ស​ចេញ​ពី​សាលារៀន​ទៅផ្ទះ​ស្ថិត​នៅ​ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល។​

​លោក​បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ១៤ ខែតុលា ថា​៖ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រំ​បំផុត​ជាមួយ​បងប្អូន​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​កូនៗ​ និង​ចៅៗ​ជាទី​ស្រឡាញ់​នៅ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្សានុសិស្ស​ចេញពី​សាលា​ទៅផ្ទះ​ស្ថិត​នៅ​ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល កាលពី​យប់​ថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០២២ ដែល​បាន​បណ្តាល​ឱ្យស្លាប់​ជាច្រើន​នាក់ និង​មួយ​ចំនួន​ត្រូវបាន​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​មួយ​ចំនួន​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ»។​

​លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បន្ត​ស្វែងរក​អ្នក​រងគ្រោះ និង​ចូលរួម​ដោះ​ជួយ​ដល់​ក្រុមគ្រួសារ​នៃ​សព​និង​ជន​រងគ្រោះ​ឱ្យបាន​ទាន់​ពេលវេលា «​ដ៏​លំបាក​បំផុត​នេះ»។​

​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​រស់​នៅតាម​មាត់​ទន្លេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ដែល​ស្ថានភាព​ទឹកជំនន់​កំពុង​កើនឡើង។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានឱ្យដឹង​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី ១៤ ខែ​តុលា ថា គិត​ត្រឹម ម៉ោង ៨ ព្រឹក ថ្ងៃទី ១៤ ខែ​តុលា នេះ ក្រុម​កម្លាំង​ចម្រុះ​បាន​រកឃើញ​សព​ជន​រងគ្រោះ​ចំនួន ២ នាក់​បន្ថែម​ទៀត ដែល​នាំឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៨ នាក់ ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដរ កាល​ពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី ១៣ ខែតុលា ស្ថិត​នៅ​ចំណុច​ទូកដរ​ទទឹង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល។​

​ក្រុម​កម្លាំងចម្រុះ​បាន​បន្ត​ស្រាវជ្រាវ​រុករក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ចំនួន ៣ នាក់​បន្តទៀត។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបញ្ជាក់ថា ហេតុការណ៍​លិច​ទូកដរ​ទទឹង​នេះ​បណ្តាល​ឱ្យ​បាត់​ខ្លួន​សិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែល​មាន​ទីលំនៅ​នៅ​ភូមិ​កោះចំរើន​។ ករណី​នេះ​បណ្ដាល​មក​ពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ ធ្វេស​ប្រហែស និង​មិន​ប្រុងប្រយ័ត្ន ហើយ​គ្មាន​អាវ​ពោង​សម្រាប់​ការពារ៕​