ភ្នំពេញៈ គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៤-១៥ ខែ តុលា ដែលដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានរបស់កម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូន គូឡាឡាំពួឆ្នាំ ២០១៦-២០២៥ (KLTSP-2025) កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ ២០២៣ និងរៀបចំការងារពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៨ ពីថ្ងៃទី ១៦-១៧ ខែតុលា។

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១៤ ខែតុលា ថា៖ «កិច្ចប្រជុំពេញអង្គនៃឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ នេះ បានពិភាក្សាយ៉ាងផុលផុសអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនូវគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមានការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ ការដឹកជញ្ជូនផ្លូវគោក ការសម្របសម្រួលការដឹកជញ្ជូន និងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព»។

កិច្ចប្រជុំពេញអង្គនេះក៏នឹងត្រៀមពិភាក្សាផងដែរអំពីការងារដែលត្រូវអនុវត្តបន្ត ជាពិសេស កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា នានាដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុបជាដើម ក្នុងគោលបំណងស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេសដើម្បីភាពជោគជ័យក្នុងភារកិច្ច អនុវត្ត KLTSP-2025៕