​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អូស្ត្រាលីប្រចាំ​កម្ពុជា បាន​ប្រាប់​លោ​ក ស ខេង​ថា អូស្ត្រាលី​បាន​ត្រៀមខ្លួន​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា​ទៅលើ​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខណៈ​នគរបាល​សហព័ន្ធ​អូស្ត្រាលី ក៏​បាននិងកំពុង​ដំណើរកា​រ​វគ្គ​បណ្ដុះបណ្ដាល​មួយចំនួន ជូន​ដល់​កងកម្លាំង​នគរបាល​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​លើ​ការងារ​ប្រយុទ្ធប្រឆាំងការសម្អាត​ប្រាក់ បទល្មើស​បច្ចេកវិទ្យា និង​ការធ្វើ​កោសល្យវិច័យ​ឌីជីថល​។​

​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​ថ្លែង​បែបនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោ​ក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ១៣​ តុលា​។​

​លោ​ក ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​អូស្ត្រាលី ដែល​តែង​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​តាម​គ្រប់​លទ្ធភាព ជាពិសេស​ការចូលរួម​ចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ​១៩ នៅ​កម្ពុជា​។ ក្រៅពីនេះ ក៏មាន​កិច្ចសហការ​ដែល​ភាគី​អូស្ត្រាលី​បាន​ជួយ​គាំទ្រ​លើ​វិស័យ​សំខាន់ៗ ជាច្រើន​ទៀត​ដល់​កម្ពុជា​ផងដែរ​។​

​លោ​ក ស ខេង បាន​មានប្រសាសន៍​បន្តថា ក្រសួងមហាផ្ទៃ និង​ភាគី​អូស្ត្រាលី ក៏មាន​កិច្ចសហការ​ទៅលើ​ការងារ​សន្តិសុខ​ផងដែរ ដែល​ភាគី​ទាំង​ ២ ​ក៏មាន​ក្របខ័ណ្ឌ​ជា​អនុស្សរណៈ​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​សំខាន់ៗ មួយចំនួនដូចជា​៖ ការងារ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាដើម​។​

​លោ​ក ស ខេង ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក ក្រោម​ក្របខ័ណ្ឌ នៃ​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នានេះ ហើយ​លោក​ក៏​សង្ឃឹម​ជឿជាក់ថា លទ្ធផល​ដ៏​ល្អប្រសើរ​តាមរយៈ​ការអនុវត្ត​អនុស្សរណៈ​នេះ នឹង​រួមចំណែក​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​សុខ​សុវត្ថិភាព ពិសេស​បម្រើ​ដល់​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់ៗ​នានា​នៅពេល​ខាងមុខ​ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ជាការ​ឆ្លើយតប លោក Pablo Kang បាន​ថ្លែងអំណរគុណ និង​គាំទ្រ​ការវាយតម្លៃ​របស់លោក ស ខេង ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​ កន្លងមក ជាក់ស្ដែង​អូស្ត្រាលី​ពិតជា​បាន​ចូលរួម​ផ្ដល់​កិច្ចសហការ​ដែល​មិន​ត្រឹមតែ​ជាមួយ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាមួយ​ក្រសួង​ស្ថាប័ន​ដទៃទៀត ដែលមាន​កិច្ចសហការ​ល្អជា​មួយ​ភាគី​អូស្ត្រាលី​ដែរ​។​

​លោកឯកអគ្គរដ្ឋទូត ក៏​យក​ឱកាស​នេះ​ជម្រាបជូន លោ​ក ស ខេង អំពី​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​អូស្ត្រាលី​ដែល​គ្រោង​នឹងចូលរួម​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា​ ខាងមុខនេះ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក​ង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង ​២ ​វិញ លោក​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ការកត់សម្គាល់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​ក្រសួងមហាផ្ទៃ​ក្នុងការ​បង្កើន​នូវ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ដោយ​លោក Pablo Kang ក៏បាន​ជម្រាបជូន​ដែរ​ថា អូស្ត្រាលី​ត្រៀមខ្លួន​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា​ទៅលើ​កិច្ចការងារ​នេះ​។​

​លោក​បន្តថា ជាក់ស្ដែង​ក្នុង​រយៈពេល​កន្លងមក នគរបាល​សហព័ន្ធ​អូស្ត្រាលី ក៏បាន​ចូលរួមចំណែក​ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ MOU ដែល​ភាគី​ទាំង ​២ ​មាន​ជាមួយគ្នា ដោយបាន​ផ្ដល់នូវ​វគ្គ​បណ្ដុះបណ្ដាល​លើ​ការលើកកម្ពស់​សមត្ថភាព​កងកម្លាំង​នគរបាល​កម្ពុជា ព្រមទាំង​បានផ្ដល់​នូវ​សម្ភារ​ឧបករណ៍​បច្ចេកទេស​ក្នុងការ​បង្កើន​សមត្ថភាព​ការងារ​ធ្វើ​កោសល្យវិច័យ​ឯកសារ ធ្វើដំណើរ​របស់​ជនបរទេស​សម្រាប់​បម្រើ​ដល់​ការងារ​អន្តោប្រវេសន៍​ផងដែរ​។​

​លោក Pablo Kang បន្តថា នគរបាល​សហព័ន្ធ​អូស្ត្រាលី ក៏​បាននិងកំពុង​ដំណើរកា​រ​វគ្គ​បណ្ដុះបណ្ដាល​មួយចំនួនទៀត ជូន​ដល់​កងកម្លាំង​នគរបាល​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​លើ​ការងារ​ប្រយុទ្ធប្រឆាំង ការសម្អាត​ប្រាក់ បទល្មើស​បច្ចេកវិទ្យា ការធ្វើ​កោសល្យវិច័យ​ឌីជីថល ដែល​កិច្ចការ​ទាំងនេះ ​លោក​ឯកអគ្គរដ្ឋទូតសង្ឃឹមថា នឹង​រួមចំណែក​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​បង្កើន​សមត្ថភាព ក៏ដូចជា​ធ្វើយ៉ាងណា​ចូលរួម​គាំទ្រ​ដល់​កម្ពុជា​ឱ្យចេញ​ពី​បញ្ជី​ប្រផេះ​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក​ឯកអគ្គរដ្ឋទូត​បាន​ជម្រាបជូន​លោ​ក ស ខេង ថា បញ្ហា​នេះ ជា​បញ្ហា​សកល និង​ជា​បញ្ហា​តំបន់ មិនមែនជា​បញ្ហា​សម្រាប់តែ​កម្ពុជា​នោះទេ ដូច្នេះ​លោកក៏​សង្ឃឹមថា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែនដ៏​ស្មុគស្មាញ​នេះ​។​

​ជាការ​ឆ្លើយតប លោ​ក ស ខេង ក៏បាន​ថ្លែងអំណរគុណ​លោកឯកអគ្គរដ្ឋទូត ដែល​បាន​វាយតម្លៃ​ជា​វិជ្ជមាន ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​លើកកម្ពស់​សមត្ថភាពរ​បស់​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។​

​លោ​ក ស ខេង​ក៏បាន​ឯកភាព និង​បញ្ជាក់ជូន​លោក​ឯកអគ្គរដ្ឋទូត​ផងដែរ​ថា ជាការ​ពិត ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺជា​កិច្ច​ការដែល​ទាមទារ​ឱ្យមាន​ការសហការ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ទាំង​ក្នុង​តំបន់ និង​សកលលោក​។​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា ដោយ​ផ្អែកលើ​បទពិសោធ​កន្លងមក ប្រទេស​សា​ម៉ី​ដែលមាន​ពលរដ្ឋ​រងគ្រោះ​ក៏មាន​កាតព្វកិច្ច​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ក្នុងប្រទេស​ខ្លួន​ដែរ ធ្វើយ៉ាងណា​ទប់ស្កាត់​ប្រភព​នាំ ឬ​ជួញដូរ​មនុស្ស​ឆ្លងដែន​នេះ ខណៈ​កម្ពុជា​នឹង​បន្ត​ខិតខំ​ស្រាវជ្រាវ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋជន ដែល​ប្រព្រឹត្ត​អំពើ​នេះ​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ លោ​ក ស ខេង ក៏បាន​បង្ហាញ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការជួយ​គាំទ្រ​ពី​សំណាក់​ភាគី​អូស្ត្រាលី​មកលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការងារ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​។

​ក្រៅពី​ការងារ​នេះ បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ផងដែរ​។​

​លោក​បន្ថែមថា ជាក់ស្ដែង​ចុងក្រោយ​នេះ​មាន​កំណើន​នៃ​ការបង្ក្រាប និង​រឹបអូស​បាន​នូវ​សារធាតុ​ផ្សំ​ជា​គ្រឿងញៀន និង​គ្រឿងញៀន​ជាច្រើន​។ លោ​ក ស ខេង ​សង្ឃឹមថា ភាគី​អូស្ត្រាលី​ក្រោម​ក្របខ័ណ្ឌ​នៃ MOU ដែលមាន​ស្រាប់ នឹង​បន្ត​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងការ​ផ្ដល់​កិច្ចសហការ​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន​ដែលមាន​និន្នាការ​កើនឡើង​នេះ​។​

​ជាមួយគ្នានេះ លោក​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួងមហាផ្ទៃ ទាំង​លើ​ការងារ​ប្រតិបត្តិការ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ លើ​ការងារ​បណ្ដុះបណ្ដាល​លើកកម្ពស់ សមត្ថភាព​កងកម្លាំង​អនុវត្ត​ច្បាប់​។ លោក​ក៏បាន​សម្តែង​ក្តី​រីករាយ​ក្នុង​ការបន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ដ៏​មាន​សារៈសំខាន់​ទាំងនេះ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕​