ភ្នំពេញៈ គណ:កម្មការ​ទី​៣ (​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក​) នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​តុលា​នេះ បាន​បើក​សិក្ខាសាលា​ស្តីពី «​តួនាទី​សភា​ក្នុង​ការងារ​ប្រែប្រួល​អាកាសធាតុ​»​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ធ្វើ​បច្ចុប្បន្នភាព​ការងារ​ការប្រែប្រួល​អាកាសធាតុ​រវាង​ក្រសួង​សាម៉ី​ជាមួយ​រដ្ឋសភា​។

សិក្ខាសាលា​ដែល​ធ្វើឡើង​នៅ​វិមាន​រដ្ឋសភា​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ដោយ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា និង​ក្រសួងបរិស្ថាន ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) និង​ប្រទេស​ស៊ុយអែត​។

ទំព័រ​ហ្វេសប៊ុក​រដ្ឋសភា​បាន​ចុះផ្សាយ​ថា សិក្ខាសាលា​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មការ​នានា នៃ​រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំង​លោក លោកស្រី​ជា​វាគ្មិន សំខាន់ៗ និង​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។

បើតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ ៣ ​សំខាន់ៗ ១- គឺ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ធ្វើ​បច្ចុប្បន្នភាព​ការងារ​ការប្រែប្រួល​អាកាសធាតុ​រវាង​ក្រសួង​សាម៉ី​ជាមួយ​សភា ជាពិសេស​គណ:កម្មការ​ទី​៣​។

២-​ដើម្បី​ស្វែងយល់​ពី​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល ក្នុង​កិច្ច​គាំពារ​ការប្រែប្រួល​អាកាសធាតុ និង​៣-​គឺ​ដើម្បី​ស្វែងយល់ និង​ផ្តល់​មតិយោបល់ លើ​សេចក្តីព្រាង​សៀវភៅ​ណែនាំ​សម្រាប់​សភា ជាពិសេស​តួនាទី​របស់​សភា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​៕