កណ្តាលៈ ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូកដ​នៅ​ខេត្ត​កណ្តាល​កើន​ដល់​ ១០ ​នាក់ ខណៈ​ក្រុម​កម្លាំង​ចម្រុះ​បាន​បន្ត​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ដែល​នៅសល់​ចំនួន ​១ ​នាក់​ទៀត​។

ឧបទ្ទវហេតុ​លិច​ទូកដ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧ ​យប់ ថ្ងៃទី​ ១៣ ខែតុលា ស្ថិតនៅ​ចំណុច​ទូកដ​ទទឹង​នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៤ ខែ​តុលា ថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែតុលា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១៣:៤៥ ​នាទី កម្លាំងចម្រុះ និង​ក្រុមការងារ​ចុះ​រុករក​សព​ជនរងគ្រោះ​បាន​ចំនួន​ ១​ នាក់ បន្ថែមទៀត អាយុ​ ១២ ​ឆ្នាំ មុខរបរ​សិស្ស​។ មកដល់​ពេល​នេះ​បាន​រកឃើញ​សរុប​ចំនួន​ ១៤​ នាក់ ស្លាប់​ ១០ ​នាក់ (​ស្រី ​៣​ នាក់​) នៅសល់​ចំនួន​ ១​ នាក់​»​។

បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ហេតុការណ៍​លិច​ទូកដ​នេះ​បណ្តាល​ឱ្យ​បាត់​ខ្លួន​សិស្សសាលា​ប្រហែល ១៤ ទៅ ១៥ នាក់ ដែល​មាន​ទីលំនៅ​នៅ​ភូមិ​កោះ​ចំរើន​។ ករណី​នេះ​បណ្ដាល​មកពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ ធ្វេសប្រហែស និង​មិន​ប្រុងប្រយ័ត្ន ហើយ​គ្មាន​អាវ​ពោង​សម្រាប់​ការពារ​៕