ភ្នំពេញៈ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឱ្យដឹង​ថា ការផ្ទេរ​ថវិកា​ពី​ថ្នាក់ជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​កំណើន​ជិត​ ១០ ​ដង គឺ​ពី​ ៤១៦ ​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៨ ដល់ ៣ ៦៧៦ ​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២ ខណៈ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាន​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច និង​អនុវត្ត​គម្រោង​សេវា​សង្គម​បាន​ប្រមាណ​ជាង ២ ០០០ ​គម្រោង ក្នុង​មួយ​ឆ្នាំៗ​។

លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លង​មក របស់​ក្រសួងមហាផ្ទៃ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក ទី​ ១៤ ខែ​តុលា ឆ្នាំ​ ២០២២​។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​រយៈពេល ៥ ​ឆ្នាំ​មកនេះ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ជាសំខាន់​ទៅលើ​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

តាមរយៈ​កំណែទម្រង់​នេះ​មាន​មុខងារ​ជិត​ ៦០​ មុខងារ ត្រូវបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មុខងារ ផ្តល់​សេវា​ប្រមាណ​ជាង ៨០០ ​ប្រភេទ ត្រូវបាន​ធ្វើ​ប្រតិភូកម្ម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​តាម​យន្តការ​ច្រក​ចេញចូល​តែមួយ​។

ក្នុងនោះ ការអនុវត្ត​កម្មវិធី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ បាន​យក​ចិត្ត​ទុក​ដាក់​ជាសំខាន់​ទៅលើ​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តោតលើ​សកម្មភាព​អាទិភាព រួមមាន​៖ ១-​ការពង្រឹង​ការគ្រប់គ្រង​ការងារ​កំណែទម្រង់ ២-​ការពង្រឹង និង​ការកែសម្រួល រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ៣-​ការលើកកម្ពស់​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ៤-​ការជំរុញ​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ អាទិភាព​នានា​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយ​ភ្ជាប់​ជាមួយនឹង​ធនធាន​ហិរញ្ញវត្ថុ និង​ធនធាន​មនុស្ស​ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន និង ៥-​ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​។

ក្រៅពីនេះ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក៏​បាន​ទទួល​ថវិកា​ដែល​ភ្ជាប់​ជាមួយ ការផ្ទេរ​មុខងារ និង​ថវិកា​អន្តរាគមន៍​ជាច្រើន​ទៀត ពី​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​នានា ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ផងដែរ​។

ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​មុខងារ​ជា​អាណត្តិ​ទូទៅ និង​មុខងារ​ជា​ជម្រើស​របស់​ខ្លួន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (​រាជធានី​-​ខេត្ត ក្រុង និង​ឃុំ សង្កាត់​) បាន​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច និង​អនុវត្ត​គម្រោង​សេវា​សង្គម​ប្រមាណ​ជាង ២ ០០០ ​គម្រោង ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន ដែល​ជា​ការរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ​៕