ភ្នំពេញៈ លោក​ ខៀវ សុភ័គ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គឺ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការរើសអើង ឬ​ទទួល​រង​នូវ​ការគាប​សង្កត់​អ្វី​ឡើយ ខណៈ​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​ ២០២២ មាន​គណបក្ស​សរុប​ចំនួន​ ៤៥​ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។

លោក ​ខៀវ សុភ័គ​ បាន​ថ្លែង​បែបនេះ នា​ឱកាស​អញ្ជើញ​ជា​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ​៥ ​ឆ្នាំ​កន្លងមក​របស់​ក្រសួង​មហាផ្ទៃ​» នា​ថ្ងៃទី​ ១៤ ខែ​តុលា ឆ្នាំ​ ២០២២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​។

លោក​លើកឡើង​ថា បច្ចុប្បន្ន (​គិត​ត្រឹម​ខែកញ្ញា​) គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​សរុប​ចំនួន ៤៥​ គណបក្ស ខណៈ​ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ ​២០២២ ក្រសួង​បាន​សម្រេច​អនុញ្ញាត​ឱ្យ​បង្កើត​គណបក្ស​នយោបាយ​ចំនួន ​៩ ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​ចំនួន ១៧ និង​លុបឈ្មោះ​ចេញពី បញ្ជី​គណបក្ស​ចំនួន​ ៨​។

លោក ​ខៀវ សុភ័គ ​បញ្ជាក់​ថា​៖ «​ជារួម គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គឺមាន​សិទ្ធិ ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការរើសអើង ឬ​ទទួលរង​នូវ​ការគាបសង្កត់​អ្វី​ឡើយ​។ ជាក់ស្តែង ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ កន្លង​ទៅ​នេះ មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​រហូត​ដល់ ១៧ ​គណបក្ស ដោយ​មាន​បេក្ខជន​ឈរឈ្មោះ​សរុប​ចំនួន ៨៦ ០៩២ ​នាក់​»​។

បើតាម​ក្រសួង​មហាផ្ទៃ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​ចំនួន ៧ ៣៨២ ៤៤៩ ​នាក់ ស្មើ ៨០,១៩% នៃ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​ជា​លទ្ធផល​មាន​គណបក្ស​នយោបាយ​ចំនួន​ ៩ ទទួល​បាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់​៕