ភ្នំពេញៈ មន្ត្រី​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ប្រមាណ​ ៤ ​ឆ្នាំ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​ ២០២២ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស​បានផ្ដល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង ២​ លាន​សេវា ដែល​មាន​ ១៤ ​វិស័យ និង​ទទួល​បាន​ចំណូល​សរុប​ចំនួន​ជាង​ ៣០ ​ម៉ឺន​លាន​រៀល ឬ​ជាង​ ៧៥ ​លាន​ដុល្លារ​អាមេរិក​។

ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ​បាន​ដកស្រង់​សម្ដី​លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​បាន​ថ្លែងថា «​គិត​ចាប់ពី​ពេល​ដាក់ឱ្យ​ដំណើរការ​រហូត​ដល់​ខែកក្កដា ឆ្នាំ ​២០២២ អង្គភាព​ច្រកចេញ ចូល​តែមួយ​រាជធានី ខេត្ត​ទាំង ២៥ ផ្តល់​សេវា​បាន​ចំនួន ២ ១០០ ៨៤៤​ សេវា លើ ១៤ ​វិស័យ ទទួល​បាន​ចំណូល​សរុប ៣០៣ ០៣៤ ៨២៤ ១០៩ ​រៀល​»​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លងមក របស់​ក្រសួង​មហាផ្ទៃ​» នា​ថ្ងៃទី​ ១៤ ខែ​តុលា លោក​បាន​បញ្ជាក់ថា អង្គភាព​ច្រក​ចេញចូល​តែមួយ​រាជធានី​-​ខេត្ត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០១៨​។

លោក ខៀវ សុភ័គ បន្ថែម​ថា ចំណែក​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ក្រុង ស្រុក ខណ្ឌ ដែល​បច្ចុប្បន្ន​មាន​ចំនួន ២០៤ ​ការិយាល័យ​។ គិតពី​ឆ្នាំ​ ២០១៨ ដល់ ខែកក្កដា ឆ្នាំ​ ២០២២ ការិយាល័យ​ទាំងនេះ​បាន​ផ្តល់​សេវា​បាន​ជាង​ ៧,៦​ លាន​សេវា​ដែល​មាន​ ១៧ ​វិស័យ និង​ទទួលបាន​ចំណូល​សរុប​ជាង​ ៧ ​ម៉ឺន​លាន​រៀល ឬ​ជាង​ ១៩ ​លាន​ដុល្លារ​អាមេរិក​។

លោក​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​ក៏បាន​ពិនិត្យ និង​ផ្តល់​អនុលោមភាព​លើ​គម្រោង​អភិវឌ្ឍន៍​រាជធានី​-​ខេត្ត សរុប​ចំនួន ១ ៨៨៦ ​គម្រោង ដែល​ភាគច្រើន​ជា​គម្រោង​ជួសជុល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដូចជា ផ្លូវថ្នល់ សួនច្បារ​សាធារណៈ អគារ​រដ្ឋបាល បណ្តាញ​អគ្គិសនី គំនូស​ចរាចរណ៍ និង​សំណង់​សិល្បការ​នានា​។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស​បាន​អនុវត្ត​គម្រោង​មូលនិធិ​ក្រុង ស្រុក​ចំនួន ២ ៣៦១ ​គម្រោង និង​គម្រោង​មូលនិធិ ឃុំ សង្កាត់​ចំនួន ៩ ៤៤៣ ​គម្រោង​។ លើសពីនេះ ក្រោម​ក្របខ័ណ្ឌ​មូលនិធិ​ទ្រទ្រង់​ថវិកា​ឆ្នាំ​ ២០១៦-២០១៩ ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ាន (ADB) ក្រសួង​មហាផ្ទៃ​បាន​សម្របសម្រួល និង​គាំទ្រ​ការកសាង​អគារ​រដ្ឋបាល និង​អគារ​សាលប្រជុំ​សាលាស្រុក​ចំនួន ៧ និង​អគារ​រដ្ឋបាល​ឃុំ សង្កាត់​ចំនួន ១២៥ ដោយ​ចំណាយ​ថវិកា​សរុប​អស់ ១០ ​លាន​ដុល្លារ​៕