ភ្នំពេញៈ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ឌិត ទីណា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ទាប់ពី​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​លោក​កាលពី​ព្រឹក​មិញ​។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១៤ ខែ​តុលា បញ្ជាក់​ថា​៖ «​តែងតាំង​មុខតំណែង​ឯកឧត្តម ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ​»​។

នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែតុលា​នេះ រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​សំឡេង ១១១ លើ ១១១ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

គួរ​រំឭក​ផងដែរ កាលពី​ថ្ងៃទី​ ៨ ខែតុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅកាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំពេញ​បន្ថែម​សមាជិក​រាជរដ្ឋាភិបាល ដែល​លោក​បាន​ស្នើ​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តាម​សំណើ​របស់​លោក​កាលពី​ថ្ងៃទី​ ៨ ខែតុលា​៕