ភ្នំពេញៈ អង្គការ​យូនីសេហ្វ (UNICEF) អំពាវនាវ​ដល់​សាធារណជន​កុំ​បន្ត​ចែករំលែក ផ្ញើ​រូបភាព ឬ​វីដេអូ ដែល​បង្ហាញ​ហេតុការណ៍​បាត់បង់​ជីវិត​កុមារ​នៅក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ខេត្តកណ្តាល​លើ​បណ្តាញ​សង្គម ពីព្រោះ​វា​នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​កុមារ គ្រួសារ​ជនរងគ្រោះ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។

ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ ៧ ​យប់ ថ្ងៃទី​ ១៣ ខែ​តុលា ស្ថិតនៅ​ចំណុច​ទូកដ​ទទឹង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។

យោងតាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​ចម្លង​នេះ​បាន​កើន​ដល់​ ១០ ​នាក់ គិត​ត្រឹម​ម៉ោង​ប្រមាណ​ ២ ​រសៀល ថ្ងៃទី​ ១៤ ខែ​តុលា នេះ ខណៈ​ក្រុម​កម្លាំង​ចម្រុះ​បាន​បន្ត​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ដែល​នៅសល់​ចំនួន​ ១ ​នាក់​ទៀត​។

អង្គការ​យូនីសេហ្វ​បាន​សម្ដែង​អារម្មណ៍​ក្រៀមក្រំ និង​តក់ស្លុត​ជាខ្លាំង​ចំពោះ​ការបាត់បង់​ជីវិត​កុមារ​នៅក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នេះ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ ដែល​បាន​បាត់បង់​កូនៗ​ជាទី​ស្រឡាញ់ និង​គ្រួសារ​ដែល​មាន​កូនៗ​កំពុង​បាត់​ខ្លួន​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។

អង្គការ​យូនីសេហ្វ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៤ ខែ​តុលា ថា​៖ «​យូនីសេហ្វ សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​កុំ​បន្ត​ចែករំលែក ឬ​ផ្ញើ​រូបភាព ឬ​វីដេអូ ដែល​បង្ហាញ​ហេតុការណ៍​ដ៏​អកុសល​នេះ​លើ​បណ្តាញ​សង្គម ពីព្រោះ​ទង្វើ​នេះ នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​កុមារ គ្រួសារ​ជនរងគ្រោះ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​»៕