ភ្នំពេញៈ រដ្ឋមន្ត្រី​អប់រំ​អាស៊ាន​បូក​ ៣​ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា ដោយ​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ច​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​ប្រទេស​សមាជិក​អាស៊ាន​បូក​ ៣ ដើម្បី​ស្តារ​ការសិក្សា​ឡើង​វិញ និង​កសាង​ភាព​ធន់​ប្រព័ន្ធ​អប់រំ​នៅក្នុង និង​ក្រៅ​តំបន់​អាស៊ាន​។ នេះ​បើ​យោងតាម​ក្រសួង​អប់រំ​កម្ពុជា​។

ក្រសួង​អប់រំ​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុកនា​ថ្ងៃទី​ ១៤ ខែ​តុលា ថា សេចក្តី​ថ្លែងការណ៍​នេះ​បាន​លើកឡើង​ពី​ដំណើរការ​សាលារៀន ការស្តារ​ការសិក្សា​ឡើងវិញ​និង​ការបន្ត​ការសិក្សា​របស់​សិស្ស ព្រមទាំង​ការធានា​គុណភាព​ឧត្តមសិក្សា​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​បូក​ ៣​។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏បាន​លើកឡើង​ពី​ការលើក​កម្ពស់​ចល័តភាព​របស់​សិស្ស គ្រូបង្រៀន បញ្ញា​វ័ន្ត និង​មន្ត្រី​អប់រំ​នៅ​កម្រិត​អប់រំ​ចំណេះ​ទូទៅ ឧត្តមសិក្សា និង​ការអប់រំ​វិជ្ជាជីវៈ​និង​បច្ចេកទេស ក្នុងប្រទេស​អាស៊ាន​បូក​បី​តាមរយៈ​កម្មវិធី​អាហារូបករណ៍ កម្មវិធី​អភិវឌ្ឍ​សមត្ថភាព និង​ផ្លាស់ប្តូរ​បទពិសោធ​។

សេចក្តី​ថ្លែងការណ៍​នេះ​ថែមទាំង​បាន​លើក​ឡើង​ពី​ការពង្រឹង​កិច្ច​ប្រតិបត្តិការ​រវាង​ប្រទេស​អាស៊ាន​បូក​ ៣ ជាមួយ​ស្ថាប័ន​អប់រំ​ផ្សេងទៀត​ដូចជា បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (ANU) និង​ក្រុមប្រឹក្សា​អប់រំ​វិជ្ជាជីវៈ និង​បច្ចេកទេស (ASEAN TVET) និង ស៊ីម៉េអូ (SEAMEO)​។

លោក អ៊ុម រម្យណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន​បូក​បី​លើក​ទី​៦ នៅ​ទីក្រុង​ហាយណូយ ប្រទេស​វៀតណាម នា​ថ្ងៃទី​ ១៤ ខែ​តុលា ក្រោម​មូលបទ «​កិច្ច​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ស្តារ​ការសិក្សា​ឡើងវិញ និង​ការកសាង​ភាព​ធន់​ប្រព័ន្ធ​អប់រំ​នៅក្នុង និង​ក្រៅ​តំបន់​អាស៊ាន នៅក្នុង​បរិបទ​ថ្មី​»​។

ហ្វេសប៊ុក​ក្រសួង​អប់រំ​បញ្ជាក់​ថា​៖ «​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន​បូក​បី បាន​កត់​សម្គាល់​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​បូក​បី​ស្តីពី​ការអប់រំ​ឆ្នាំ​ ២០១៨-២០២៥ និង​បាន​គូស​បញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​សារៈសំខាន់​នៃ​កិច្ច​ប្រតិបត្តិការ​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ដោះស្រាយ​វិបត្តិ​នៃ​ការរៀនសូត្រ កសាង​ភាព​ធន់ និង​បរិវត្តកម្ម​ប្រព័ន្ធ​អប់រំ​»​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន​បូក​ ៣​ នេះ​មាន​គោលបំណង​ពិនិត្យ​មើល​ឡើងវិញ​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​បូក​បី ស្តីពី​ការអប់រំ​ឆ្នាំ​ ២០១៨-២០២៥​។

កិច្ចប្រជុំ​នេះ​ក៏មាន​គោលបំណង​ពង្រឹង​កិច្ច​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​នឹង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ក្នុង​ការស្តារ​ការសិក្សា​ឡើងវិញ និង​ការកសាង​ភាព​ធន់​ប្រព័ន្ធ​អប់រំ​នៅក្នុង និង​ក្រៅ​តំបន់​អាស៊ាន​ក្នុង​បរិបទ​ថ្មី​៕