ភ្នំពេញៈ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ដែល​ធ្វើការ​សិក្សា​លើ​គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្ដុភារកម្ម​ទន្លេបាសាក់ ត្រូវ​បញ្ចប់​ការសិក្សា​គម្រោង​នេះ​យ៉ាងយូរបំផុត​នៅត្រឹម​ខែមករា ឆ្នាំ​ ២០២៣​។

លោក​ ស៊ុន ចាន់ថុល បាន​ជំរុញ​បែបនេះ នៅ​ថ្ងៃទី ​១៤ តុលា ក្នុង​ពេល​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ គម្រោង​សិក្សា​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្ដុភារកម្ម​ទន្លេបាសាក់​ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​ (CRBC) និង​ជំនាញការ​របស់​ក្រុមហ៊ុន CCCC Water Transport Consultant ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​។

កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ និង​ស្វែងរក​ដំណោះស្រាយ​លើ​កិច្ចការ​បច្ចេកទេស​សំខាន់ៗ​មួយ​ចំនួន ដែល​ស្នើឡើង​ដោយ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង ដើម្បី​ជួយ​ជំរុញ​ល្បឿន​នៃ​ការសិក្សា​នេះ​ឱ្យបាន​លឿន និង​អាច​បញ្ចប់​នាពេល​ដ៏ខ្លី​ខាងមុខ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ទទួល​បាន​លទ្ធផល​គ្រប់​ជ្រុងជ្រោយ​តាម​ផែនការ​ដែល​បាន​រំពឹងទុក​។

បើ​តាម​ក្រសួង​សាធារណការ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្ដុភារកម្ម​ទន្លេបាសាក់​នេះ​នឹង​ជួយ​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ភ័ស្តុភារកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​មួយកម្រិត​ទៀត ជាពិសេស​អាច​ជួយ​កាត់បន្ថយ​ការចំណាយ និង​ថ្លៃដើម​នៃ​ការដឹកជញ្ជូន​ឱ្យ​កាន់តែ​ទាប​ជាង​មុន ព្រមទាំង​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​សមាហរណកម្ម​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ផ្ទៃក្នុង​ប្រទេស​ផង និង​អាច​តភ្ជាប់​ជាមួយ​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ងាយស្រួល​ផងដែរ​។

ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​យ៉ាង​ផុសផុល និង​ផ្លាស់ប្ដូរ​មតិយោបល់​លើ​ទិន្នន័យ និង​ព័ត៌មាន​ទាក់ទង​នឹង​ការងារ​បច្ចេកទេស​ផ្លូវទឹក ការសិក្សា និង​ការវាយតម្លៃ​ចាំបាច់​លើ​ផ្នែក​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​ផងដែរ​។

លោក​ ស៊ុន ចាន់ថុល បាន​ស្នើសុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ទាំង​ ២ ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការសិក្សា​បច្ចេកទេស លម្អិត​ដើម្បី​ឱ្យមាន​គុណភាព​ខ្ពស់ និង​ត្រូវ​សហការ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង ដើម្បី​ពន្លឿន​គម្រោង​សិក្សា​នេះ​ឱ្យ​បាន​ចប់​សព្វគ្រប់ និង​គ្រប់​ជ្រុងជ្រោយ​យ៉ាងយូរ​នៅត្រឹម​ខែមករា ឆ្នាំ​ ២០២៣៕