សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីអំពី​ការដាក់ឱ្យ​ដំណើរការ​ក្នុង​ការ​ត្រួតពិនិត្យ​អំពូល​តាម​ប្រព័ន្ធ CMS សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៨ ​ខ្សែ និង​គម្រោង ៥០០ ​អំពូល ក្នុង​ក្រុង​សៀមរាប ដោយ​អត្ថប្រយោជន៍​នៃ​គម្រោង​ប្រើប្រាស់​អំពូល​នេះ គឺ​ជួយ​សន្សំ​សំចែ​ថាមពល​អគ្គិសនី និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ (co2)​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១៤ ​តុលា​។

កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​ ១៣​ តុលា​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សុខ ថុល អភិបាលរង​ខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកតាកាហ្ស៊ី អាអុគិ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​មីនេបៀ ( ខេមបូឌា​) លោក​ ថៃ ប៊ុនណាត វិស្វករ លោក​ លន សុភ័ក្ត្រ ប្រធាន​គម្រោង​ទីក្រុង​វៃឆ្លាត​ខេត្ត​សៀមរាប និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត​។

ក្នុង​កិច្ចប្រជុំ​គឺ​បាន​ពិភាក្សា​គ្នា​អំពី​តម្លៃ​នៃ​សេវាកម្ម O&M និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​កំណត់​តម្លៃ​នៃ​សេវាកម្ម​ឡើងវិញ​ដោយ​បច្ចុប្បន្ន​តម្លៃ​ក្នុង​រដ្ឋបាល​ខេត្ត ត្រូវ​ទូទាត់​ជូន​ក្រុមហ៊ុន​មីនេបៀ​ (​ខេមបូឌា​) មិនទាន់​មាន​តម្លៃ​ជា​គោល​នៅឡើយ ដោយ​ខាង​ក្រុមហ៊ុន​ធ្វើការ​កំណត់​តម្លៃ​តាម​ចំនួន​អំពូល​ដែល​បាន​ដំឡើង​រួច និង​ផ្អែក​តាម​គម្រោង​នីមួយៗ​។

បើតាម​រដ្ឋបាល​ខេត្ត​សៀមរាប សេវាកម្ម ការដាក់ឱ្យ​ដំណើរការ និង​ការត្រួត​ពិនិត្យ​អំពូល​តាម​ប្រព័ន្ធ O&M ឬ​សេវាកម្ម O&M នេះ​នឹង​បង្កើត​អត្ថប្រយោជន៍​មួយចំនួន ដល់​រដ្ឋបាល​ខេត្ត​សៀមរាប ហើយ​អត្ថប្រយោជន៍​នោះ គឺ​ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ (co2) ដោយ​មុខ​ការងារ​បន្ថែមបន្ថយ​ពន្លឺ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដំឡើង​អំពូល​ឆ្លាត​វៃ​សរុប​បាន​ប្រមាណ​ជា ១៨ ៨៨០ ​អំពូល នៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ចូលរួម​សន្សំសំចៃ​ថ្លៃ​អគ្គិសនី​បាន​ប្រមាណ​ជាង ១ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ ១ ​ឆ្នាំ​ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕