ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំឭក​គុណ ព្រះបរមរតន​កោដ្ឋ​ដែល​បាន​បូជា​ព្រះកាយពល​ដ៏ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ហើយ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​ប្រជារាស្ត្រ ក៏​បាន​រឭក​ឃើញ​គុណ​ព្រះអង្គ និង ថ្វាយ​ព្រះ​រាជកុសល​ដល់​អតីតព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ​សូម​ស្តេច​យាង​បដិសន្ឋិ​ក្នុង​ព្រះបរម​សុគតិភព​។

ថ្លែង​ក្នុង​ព្រះរាជ​ពិធី​រំឭក​ខួប​ ១០​ ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបិតា​ឯករាជ្យ​ជាតិ “​ព្រះបរមរតន​កោដ្ឋ​” នៅលើ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​សរសេរ​ថា​៖ «​នៅថ្ងៃនេះ ប្រជារាស្ត្រ​ទូទាំង​ប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ ព្រះបរមរតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តទៀត​ថា កូនចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជកុសល​ព្រះ​វិញ្ញាណក្ខន្ឋ​ព្រះបរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ឋិ​ក្នុង​ព្រះបរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែ​តុលា នេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ចូលរួម​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ គម្រប់​ខួប ១០ ​ឆ្នាំ នា​ព្រះមណ្ឌប​សួនច្បារ​ខាងកើត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ ព្រះបរមរតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ និង​បូជា​ព្រះកាយពល​ដ៏ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។ ​សូម​ថ្វាយ​មហា​ព្រះ​រាជកុសល​ថ្វាយ​ព្រះបរម​វិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ឋិ​ក្នុង​ព្រះបរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

ជាមួយ​គ្នា​នោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់​ខួប ១០​ ​ឆ្នាំ នៅ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​ផងដែរ​។

ចំណែក ប្រជាពលរដ្ឋ​ក៏បាន​សម្តែង​ការរឭក​នឹកឃើញ​អង្គព្រះមហាក្សត្រ និង​បាន​បង្ហោះ​សារថ្វាយ​ព្រះរាជកុសល​ដល់​ព្រះបរមរនកោដ្ឋ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ក្រុម​បណ្តាញ​សង្គម​ផ្សេងៗ​ផងដែរ​៕