ភ្នំពេញៈ លោក អែវ ប៊ុនថុល រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រជុំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ​។

មន្ត្រី​ជាន់ខ្ពស់ ក្រសួង​មុខងារ​សាធារណៈ​បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​នេះ មាន​សេចក្តី​ណែនាំ​ចំនួន ២ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​។ ទី​ ១ គឺ​ផ្តោត​សំខាន់​លើ​សេចក្តីណែនាំ​លេខ ៤៣០៧/២២ ​មស. សណន ស្តីពី​នីតិវិធី​នៃ​ការផ្តល់​ទិដ្ឋាការ​លើ​ការផ្លាស់ប្តូរ​ស្ថានភាព​រដ្ឋបាល និង​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ីវិល​នៅ​ថ្នាក់ក្រោម​ជាតិ​ដល់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ព្រះសីហនុ​។ និង​ទី ​២ គឺ​ទាក់ទង​ទៅនឹង​សេចក្តីណែនាំ​ស្តីពី​គោលការណ៍ បែបបទ នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក រដ្ឋបាលខេត្ត ក្រុង ស្រុក​។

លោក​ អែវ ប៊ុនថុល លើកឡើង​ថា ចំពោះ​សេចក្តី​ណែនាំ​ស្តីពី​ការផ្តល់​ទិដ្ឋាការ​លើ​ការផ្លាស់ប្តូរ​ស្ថានភាព​រដ្ឋបាល​កន្លងមក​ក្នុង​ខែមិថុនា រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​បាន​ចុះ​ស្វែងយល់​ក៏ដូចជា​ប្រមូល​ធាតុ​ចូល​ពី​ខេត្ត​ចំនួន ៤ កំពង់ស្ពឺ កែប កំពត និង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ទៀងផ្ទាត់ ការចាត់តាំង​អនុវត្ត​កិច្ចការ​នេះ ឬ​សេចក្តីណែនាំ​នេះ​កន្លងមក ផ្តើម​ពី​ធាតុ​ចូល​នេះ​នៅ​ខេត្ត​ទាំង ៤ ​នេះហើយ​។

លោក​បញ្ជាក់​ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​បង្កើត​ឱ្យ​មាន​ក្រុម​ការងារ​បន្ថែមទៀត ដើម្បី​ចុះទៅ​ផ្ទៀងផ្ទាត់​ធាតុ​ចូល​ការប្រមូល​នៅ​ទូទាំង ២១ ​រាជធានី​-​ខេត្ត​ទៀត ហើយ​សេចក្តី​ណែនាំ​នេះ ត្រូវ​បាន​ដាក់​អនុវត្ត​ជា​ផ្លូវការ​។ ហើយ​សម្រាប់​សេចក្តី​ណែនាំ​ទី​ ២ ស្តីពី​ការគ្រប់គ្រង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ យើង​បានដឹង​ហើយ​ថា​សេចក្តីណែនាំ​នេះ គឺ​បំពេញ​ឱ្យ​សេចក្តី​ណែនាំ​អនុវត្ត​កន្លងមក​»​។

លោក​រដ្ឋលេខាធិការ​លើក​ឡើង​ទៀត​ថា​៖ «​ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​បទដ្ឋាន​គតិយុត្ត​នេះ បើ​បងប្អូន​មាន​បញ្ហា​អ្វី​មិនទាន់​ច្បាស់លាស់ ឬ​ការ​អនុវត្ត​ទៅ​មាន​ការ​លំបាក សូម​ចូលរួម​ជា​សំណួរ​ដោយផ្ទាល់ តាមរយៈ​ក្រុម​តេឡេក្រាម​ដែល​ក្រុម​ការងារ​បាន​បង្កើត ដើម្បី​យក​ទៅ​អនុវត្ត​នៅក្នុង​មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក នីមួយៗ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​» ។

ក្នុង​ឱកាស​នោះដែរ លោក ឯម ភាព អភិបាលរង​ខេត្ត​បាន​មាន​ប្រសាស៍​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ គឺជា​ផ្លែផ្កា​នៃ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​សមាហរណកម្ម​បង្ខិត​សេវា​មកកាន់​តែ​ជិត​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​៕