កណ្តាលៈ រយៈពេល ២ ​យប់ ៣ ថ្ងៃ គិត​ចាប់ពី​យប់​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ​១៥ ខែតុលា នេះ កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដ ស្ថិត​នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល អាជ្ញាធរ​បាន​រកឃើញ​អ្នក​បាត់​ខ្លួន​ឃើញ​ទាំងអស់​ និង​បានបញ្ចប់​បេសកកម្ម​ហើយ​។

កម្លាំង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ក្រោម​ការដឹកនាំ​របស់​លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ជា​អនុប្រធាន​ទី ​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈអភិបាល​ខេត្តកណ្តាល ដោយ​មាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បាន​ស្រាវជ្រាវ​រុក​រកឃើញ​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​អស់ហើយ នៅ​ថ្ងៃទី ១៥ ខែតុលា​នេះ​។

តាម​លទ្ធផល​នៃ​ការរុករក​ឃើញ​ថា ជនរងគ្រោះ​សរុប​មាន​ចំនួន​ ១៥ ​នាក់ ស្រី ៤ ​នាក់ ក្នុងនោះ​ស្លាប់ ​១១​ នាក់ ស្រី​ ០៣ ​នាក់​។

អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​សម្តែង​ការសោកស្តាយ រក​ទីបំផុត​គ្មាន​ក្នុង​សោកនាដកម្ម​ ដែល​បាន​កើតឡើង​នេះ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​ ១១​ នាក់​ ដែល​បាន​ស្លាប់ និង​សូម​បួងសួង​ឱ្យ​វិញាណក្ខន្ធ​ក្មួយៗ​ទាំង​ ១១ ​នាក់ បាន​ដល់​ឋាន​សុគតិភព​៕