ភ្នំពេញៈ ប្រតិភូ គ.ជ.ប នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត លើក​ទី​ ៥ របស់​សមាគម​ស្ថាប័ន​រៀបចំ ការបោះឆ្នោត ពិភពលោក (A-WEB) និង​សន្និសីទ​អន្តរជាតិ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​រយៈពេល​ ៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៧ ដល់​ថ្ងៃទី ២២ ខែតុលា​នេះ​។

សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប នៅ​ថ្ងៃទី ១៥ ខែតុលា​នេះ​បាន​ឱ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​សមាគម​ស្ថាប័ន រៀបចំ​ការបោះឆ្នោត​ពិភពលោក ហៅ​កាត់​ថា A-WEB ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ គ.ជ.ប នឹង​អញ្ជើញ ចូលរួម​មហាសន្និបាត លើក​ទី​ ៥ និង​សន្និសីទ​អន្តរជាតិ​ស្តីពី «​កិច្ចការពារ​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត ក្នុង​សម័យ​កាលដែល​លទ្ធិប្រជាធិបតេយ្យ​សកល​លោក​មានការ​ធ្លាក់ចុះ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង​រយៈពេល ៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៧ ដល់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​ ២០២២ ជាមួយ​ប្រទេស​ដែលជា​សមាជិក A-WEB សរុប ១០៩ ប្រទេស​។

គណៈប្រតិភូ គ.ជ.ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២២ ហើយ​ឆ្លៀត​ក្នុង​ឱកាស​ចេញ ដំណើរ​នោះ លោក ឌឹម សុវណ្ណារុំ ប្រធាន​ប្រតិភូ គ.ជ.ប នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ជម្រាបជូន​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​ខាង​លើ​នេះ វេលា​ម៉ោង ៦ ​ល្ងាច នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ច្រក VIP) ៕