
១៥ តុលា ២០១២-១៥ តុលា ២០២២ ជាខួប ១០ ឆ្នាំនៃការយាងសោយព្រះទិវង្គតនៃព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវីរបិតាឯករាជ្យជាតិកម្ពុជា។ យ៉ាងណាមិញ ទោះព្រះកាយទ្រង់បានចេញចាកពីកម្ពុជា តែអ្នកនយោបាយខ្មែរ នៅតែចងចាំស្នាព្រះហស្តក្នុងការឆាកនយោបាយកម្ពុជា។
លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្ររបស់អតីតបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សកម្ពុជានិយមនាពេលបច្ចុប្បន្ន បានកត់សម្គាល់ ៣ ចំណុចសំខាន់ៗ។ លោកថា៖ «ទី១ គឺរឿងឯករាជ្យជាតិ ព្រះអង្គព្យាយាមគ្រប់យ៉ាងដើម្បីឱ្យបានឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ ហើយចំណុចទី២ រឿងដែលសំខាន់ គឺការទាមទារអ្វីដែលបាត់បង់មកវិញ តួយ៉ាងរឿងប្រាសាទព្រះវិហារ ហើយចុងក្រោយរឿងដែលសំខាន់បំផុត គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ទាំងអស់នេះជាស្នាព្រះហស្តធំៗរបស់ព្រះអង្គ ដែលខ្ញុំបានឃើញតាមរយៈប្រវត្តិសាស្ត្រ»។
រីឯលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថា៖ «សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មានស្នាដៃធំធេងនៅក្នុងប្រទេសកម្ពុជា»។
លោកថា៖ «យើងឃើញហើយថា ក្នុងចំណោមមហាក្សត្រខ្មែរ ដែលមានឈ្មោះល្បីក្នុងប្រវត្តិសាស្ត្រ ព្រះបាទនរោត្តម សីហនុ គឺជាព្រះមហាក្សត្រ ដែលលោកបានបង្ហាញស្នាព្រះហស្តនៅក្នុងការធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរសាមគ្គីភាពគ្នា ហើយព្រះអង្គជាក្សត្រមានប្រជាប្រិយភាពខ្ពស់ ដែលគ្មានអ្នកនយោបាយមានស្មើព្រះអង្គ»។
ទាំងលោក យ៉ែម បុញ្ញឫទ្ធិ ទាំងលោក សុន ឆ័យ សុទ្ធតែបានអះអាងថា ព្រះបាទ នរោត្តម សីហនុ ជាតួអង្គឥស្សរជននយោបាយ ដ៏លេចធ្លោមួយរូបរបស់កម្ពុជា។
អស់រយៈពេល ១០ ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ តែអ្នកនយោបាយខ្មែរនៅតែកត់សម្គាល់ពីបណ្តាំរបស់ទ្រង់ ដែលប្រាថ្នាចង់ឃើញការឯកភាព សាមគ្គីភាព ការរួបរួមរបស់អ្នកនយោបាយ។
លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា៖ «ជាការពិតណាស់ តថភាពនយោបាយស្រុកយើងមួយរយៈចុងក្រោយនេះ អាចនិយាយមានការរើសអើងក៏ថាបាន ហើយមានបញ្ហាមួយចំនួន ហៅថាប្រកាន់និន្នាការនយោបាយហួសហេតុ»។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ លោកនៅតែសង្ឃឹមថា អ្នកនយោបាយខ្មែរគួរប្រតិបត្តិតាមបណ្តាំរបស់ព្រះបរមរតនកោដ្ឋា ដែលប្រាថ្នារកការរួបរួមគ្នា។ លោកថា៖ «ការធ្វើបែបនេះ គឺដើម្បីប្រយោជន៍កម្ពុជា ប្រយោជន៍ពលរដ្ឋនៅថ្ងៃអនាគត ហើយគួររៀបចំគោលនយោបាយមួយ ដែលជាគោលនយោបាយរួបរួមជាតិ ឯកភាពជាតិ ជួបជុំជាតិខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយប្រឆាំង»។
សម្រាប់លោក សុន ឆ័យ វិញ លោកយល់ថា ដំណោះស្រាយចំពោះមុខនៅក្នុងស្ថានការណ៍នយោបាយកម្ពុជា គឺអ្នកនយោបាយគួរតែជួបជជែកគ្នា ដោយឈរលើបញ្ហាប្រទេសជាតិជាធំ។
លោក សុន ឆ័យ ថា៖ «ក្នុងអំឡុងពេលរំឭកខួប ១០០ ឆ្នាំនៃការប្រសូត និង ១០ ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គនេះ អ្នកនយោបាយគួរតែនឹកដល់ស្នាដៃព្រះអង្គបានធ្វើសម្រាប់ប្រទេសជាតិខ្មែរ។ ការខិតខំការពារបូរណភាព អធិបតេយ្យភាព ឯករាជ្យភាព ការបង្រួបបង្រួមអ្នកនយោបាយទាំងអស់ ជាគំរូ ដែលយើងមិនគួរយកឈ្នះ យកចាញ់ រៀងៗខ្លួន»។
បើតាមលោក សុន ឆ័យ គំរូវីរភាពរបស់ព្រះបរមរតនកោដ្ឋ គួរណាស់តែត្រូវលើកមកពិនិត្យសិក្សាជាថ្មី ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយភាពកក់ក្តៅ ដូចសម័យសង្គមរាស្ត្រនិយម របស់ព្រះនរោត្តម សីហនុ។
គួររំលេចថា ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ជាឥស្សរជននយោបាយដ៏ឆ្នើមមួយរូបក្នុងឆាកនយោបាយខ្មែរ ដែលទ្រង់បានដើរតួនាទីជាអ្នកផ្សះផ្សារ និងទាមទារបាននូវឯករាជ្យភាពជូនកម្ពុជាផង។ ទ្រង់ព្រះបរមរដ្ឋកោដ្ឋ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩២ ព្រះវស្សា នៅឯទីក្រុងប៉េកាំង ប្រទេសចិន៕