ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃបាន​អះ​អាង​ថា គណ​បក្ស​នយោ​បាយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​គឺមាន​សិទ្ធិ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី គ្មាន​ការ​រើស​អើង ខណៈ​គណ​បក្ស​នយោ​បាយ​ និង​សង្គម​ស៊ីវិល​ខ្លះ​នៅ​តែ​សម្តែង​ការ​ព្រួ​យ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ដោយ​មិន​ស្មើ​ភាព​។​

​ក្នុង​ស​ន្និ​ស​ទី​សារ​ព័ត៌​មាន​ស្ដីពី“​សមិទ្ធ​ផល​សម្រេច​បាន​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​របស់​ក្រសួង​មហាផ្ទៃ​”​កាល​ពី​ថ្ងៃទី​១៤​ ខែ​តុលា ឆ្នាំ២០២២ រដ្ឋ​លេ​ខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ​ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ គណ​បក្ស​នយោ​បាយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​ចំនួន​សរុប​ ៤៥គណ​បក្ស (​គិត​ត្រឹម​ខែកញ្ញា ​២០២២​)​។

លោក​បន្ត​ថា ​ក្នុង​នោះ​គិត​ពី​ឆ្នាំ២០១៨ ​ដល់​ឆ្នាំ ២០២២ ​ក្រសួង​បាន​សម្រេច​អនុញ្ញាត​ឱ្យ​បង្កើត​គណ​បក្ស​នយោ​បាយ​ចំនួន​៩និង​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្សន​យោ​បាយ​ចំនួន១៧​និង​លុប​ឈ្មោះ​ចេញពី​បញ្ជី​គណ​បក្ស​នយោ​បាយ​ចំនួន ៨​។​​

លោក​បាន​ថ្លែង​ថា​៖«​ជារួម​គណ​បក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​គឺមាន​សិទ្ធិ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី គ្មាន​ការ​រើស​អើង ឬ​គាប​សង្កត់​អ្វី​ឡើយ​។ ជាក់ស្តែ​ង​ក្នុងការ​បោះឆ្នោ​ត​ជ្រើសរើស ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អណ​ត្តិ​ទី៥​កន្លង​មក​នេះមាន​គណ​បក្សន​យោបាយ​ចូលរួម​ប្រកួត​ប្រជែង​រហូតដល់ ១៧​គណ​បក្ស ដែល​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​បោះ​ឆ្នោត​ជាង ៧​លាន ៣​សែន​នាក់ ​ស្មើ ជាង៨០​ភា​គរ​យ នៃ​អ្នក​មា​នឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ជា​លទ្ធ​ផល​គណ​បក្សន​យោបា​យ​ចំនួន៩ បាន​ទទួល​អាសនៈ​ក្នុង​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​»​។​

​យ៉ាង​ណា​ក្ដី ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​ លោក ​ពេជ្រ ​ស្រស់ បាន​ថ្លែង​ថា សិទ្ធិ​ក្នុង​ការធ្វើ​នយោ​បាយ​នៅ​កម្ពុជា​មិន​ទាន់​ទូលំ​ទូលាយ​នៅឡើយ​ទេដោយ​សារ​សមាជិក​រប​ស់​ខ្លួន​មួយ​ចំនួន​ធ្លាប់​រង​ការ​បំភិត​បំភ័យ​ពី​អាជ្ញា​ធរ​។នៅ​ថ្នាក់​ជាតិគឺ​ពុំទាន់​ឃើញ​មាន​បាតុ​ភាព​ណា​មួយ​ដែល​គំរា​មកំហែង​ដល់​មន្ត្រីជា​ន់ខ្ព​ស់​គណបក្ស​នយោបាយ​ទេ​ ប៉ុន្តែ​បើ​ថ្នាក់ក្រោម​ជាតិ​ មាន​តំបន់​ខ្លះរង​ការបំភិតបំភ័យ​តាមរយៈ​រូបភាព​ផ្សេងៗ​។

លោក​បាន​បញ្ជាក់​ថា​៖«អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​កើត​ចេញ​ពី​គណ​បក្ស​នយោ​បាយ អ៊ីចឹង​គាត់​ខ្លាច​បាត់​បង់​សំឡេង​គាំទ្រ​ខ្លួន​ដូច្នេះ​គាត់​ឆ្លៀត​ឱកាស​លើក​ហេតុ​ផល​ផ្សេងៗ​ទៅ​បន្លាច​សមាជិក​គណ​បក្ស​ផ្សេង​ តាមរយៈ​ប្រើ​មនុស្ស​ទៅ​និយាយ​ថា ដក​បណ្ណ​ក្រីក្រ ​ហើយ​ពេល​ទៅសុំ​ស៊ី​ញ៉េ គេ​មិន​ស៊ី​ញ៉េ​ឱ្យ អ៊ីចឹ​ង​សមា​ជិក​ខ្លះ​ខ្វះ​ការ​គិត គាត់​បារម្ភ​ក៏​គាត់​ឈប់​ចូលរួម​ជា​មួយ​គ្នា​បក្ស​យុវជន ប៉ុន្តែ​មាន​ភាគ​តិច ព្រោះ​ភាគច្រើន​សមាជិក​យើង​មិន​ខ្លាច​ទេ​»​។យ៉ាងនេះ​ក្តី​ លោក​ថា បើ​និយាយ​ជាទូទៅ​ក្នុង​កម្ពុជា​ទាំងមូល​នៅ​ថ្នាក់​ជាតិ​ពុំមាន​ការ​គំរាម​កំហែង ឬ​រឹត​ត្បិត​សេរី​ភាព​ក្នុង​ការធ្វើ​នយោ​បាយ​នៅ​កម្ពុជា​ឡើយ​។​

នាយក​ប្រតិ​បត្តិ​គណៈ​កម្មាធិ​ការ​អ​ព្យា​ក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ​លោក សំ គ​ន្ធា​មី បាន​ថ្លែង​ថា យោង​តាម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ​ពិតជា​បាន​ចែង​ពីសិទ្ធិ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​គ្មាន​ការ​រើស​អើង ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​សកម្ម​ជន​គណ​បក្ស​នីមួយៗ​តែង​រង​ការ​គាប​សង្កត់​ជា​ពិសេស​នៅ​តាម​មូល​ដ្ឋាន​មាន​ការ​រើស​អើង​។

លោក​ថា​៖«​ច្បាប់​តម្រូ​វឱ្យធ្វើ​សកម្ម​ភាព​ផ្នែក​នយោ​បាយ​ដោយ​សេរី ប៉ុន្តែ​ជាក់ស្តែង​អនុវត្ត​មិន​ដូច​គាត់​មាន​ប្រសា​សន៍​ទេ​ បើ​គាត់​មាន​ប្រសាសន៍​បែប​នេះ យើង​គាំទ្រ ហើយ​​សុំឱ្យ​គាត់​ណែនាំ​ទៅ​អាជ្ញាធរ​ ថ្នាក់ក្រោម​ជាតិ​សម្រួល​ដល់​គណ​បក្ស​នយោ​បាយ​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ដោយ​សេរីកុំឱ្យ​មានការ​គាបរ​សង្កត់ ព្រោះ​កន្លង​មក​គណ​បក្ស​នយោ​បាយ​គេ​ត្អូញ​ត្អែរ​ច្រើន​»​។

​សម្រាប់​អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុន ស៊ិនប៉ិច លោក ​ញឿ​ន រ៉ា​ដែន បាន​ថ្លែង​ថា ការពិត​គណ​បក្សរ​បស់​លោក​តែង​ទទួល​បាន​នូវ​ការ​សម្រប​សម្រួល​ ជា​ពិសេស​លម្ហនៃ​ការ​ចូលរួ​មពុំដែល​មានការ​រឹតត្បិត​នោះទេ គឺ​តែង​តែ​សហ​ការ​ជា​មួយ​អាជ្ញាធ​រ​គ្រប់​លំដាប់​ជាន់ថ្នា​ក់ជាពិ​សេស​ក្រសួង​មហាផ្ទៃ​ ។

លោក​បន្ត​ថា​ ក្នុង​រយៈ​ពេល​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ចូលរួម​ការបោះ​ឆ្នោត​ចាប់​តាំងពី​ឆ្នាំ១៩៩៣ ​មក ដល់​សព្វ​ថ្ងៃ គណ​បក្ស​ហ៊្វុន ស៊ិនប៉ិច បាន​ចូលរួម​នយោ​បាយ​យ៉ាងសក​ម្ម ជាពិសេស​ការចុះ​ទៅតាម​មូលដ្ឋាន និង​ការ​ប្រ​មូលផ្តុំ ហើយ​គ្រប់​អាជ្ញា​ធរ​ទាំង​អស់​បាន​ចូលរួម​ការពារ​សុវត្ថិ​ភាព​ផង​ដែរ​។

លោក​ថា​៖«កន្លង​មក​យើង​ពុំដែល​ជួប​បញ្ហា​ធំដុំ​ទេ​ប៉ុន្តែ​កន្លែង​ខ្លះ​ជួប​បញ្ហា​តិច​តួច​តែ​ត្រូវ​បាន​សម្របសម្រួល​ដោះ​ស្រាយ ជួ​នកា​ល​យើង​ទៅ​លើក​ស្លាក​គណ​បក្ស ហើយ​អាជ្ញាធរ​មក​ឃាត់​ ដល់​ពេល​សួរនាំ​ថា​យើង​បាន​ជូន​ដំណឹង​រួច​ហើយ ​គាត់​ក៏​សហ​ការ​ជា​យើង​មិន​ដែល​មាន​ពាក្យ​បណ្តឹង​ទៅ​ថ្នាក់លើ​​ទេ តែង​តែ​សម្រប​សម្រួល​ជាមួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​»៕