ភ្នំពេញៈ​ក្នុង​ទិវា​ស្បៀង​អាហារ​ពិភពលោក​ នៅថ្ងៃទី​ ១៧ ខែ​តុលា​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ​​ស្បៀង និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ (FAO) និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​លើការ​ពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ និង​ទប់ទល់​វិបត្តិ​នានា​។

ស្ថាប័ន​ទាំង​ ៣ ​នេះ​ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នា​ថ្ងៃទី​ ១៦​ ខែ​តុលា ​ថា ការ​កើន​ឡើង​នៃ​តម្លៃ​ស្បៀង​អាហារ ថ្លៃ​ដឹកជញ្ជូន ការ​រំខាន​ផ្សេងៗ​ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត កូវីដ ១៩ ជម្លោះ​នានា​ដែល​កំពុង​កើតឡើង​រួមទាំង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ការ​កើន​ឡើង​នៃ​គ្រោះ​មហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ ដូចជា​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត កំពុង​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​អសន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ។ អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺប្រជាជន​ងាយ​រង​គ្រោះ និង​ប្រជាជន​ដែល​ពឹងផ្អែក​លើ​កសិកម្ម​ជា​របរ​ចិញ្ចឹម​ជីវិត​។

លោក​ អែនតូនីញ៉ូ​ស៊្យែវ៉ន តំណាង​​ស្តីទី​នៃ​អង្គការ​ FAO ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា​ ដោយសារ​ប្រព័ន្ធ​ស្បៀង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​នៃ​ជីវិត និង​សេដ្ឋកិច្ច​រាប់​បញ្ចូល​ទាំង​កសិកម្ម ធនធាន​ធម្មជាតិ ថាមពល រហូត​ដល់​សុខភាព ទើប​ប្រព័ន្ធ​ស្បៀង​ពិតជា​មាន​សក្តានុពល និង​ជា​មធ្យោបាយ សម្រាប់​អនាគត​ប្រកប​ដោយ​សមភាព និង​វិបុលភាព។ ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​​និរន្តរភាព នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​មនុស្ស​គ្រប់ៗ​រូប រួម​ទាំង​ប្រជាជន​ដែល​ងាយ​រងគ្រោះ។ ​លោក​ថ្លែង​ថា​៖ «អង្គការ​ FAO ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​វិស័យ​ឯកជន វិស័យ​អប់រំ ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជួយ​ពង្រឹង​ភាព​អង់អាច​ដល់​កសិករ​ខ្នាត​តូច​តាមរយៈ​ការកែប្រែ​ វិធីសាស្រ្ត​នៅក្នុង​របៀប​នៃ​ការ​ផលិត​អាហារ ការ​ដឹកជញ្ជូន និង​ការ​ប្រើប្រាស់»។

លោក​ Antonio បន្ត​ថា ការជំរុញ​ផលិកម្ម​ស្បៀង​ក្នុង​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព មាន​អាហា​រូបត្ថម្ភ និង​មាន​ការ​ធានា​បាន​នូវ​លទ្ធភាព​ទទួល​បាន​នូវ​ធាតុ​ចូល​កសិកម្ម​ជំនាញ​បច្ចេកទេស ការ​ច្នៃប្រឌិត​ និង​បច្ចេកវិទ្យា ​ដើម​ទុន និង​ទីផ្សារ គឺជា​ប្រការ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់តែ​ល្អប្រសើ​រ។

តាម​របាយការណ៍​បច្ចុប្បន្ន​​ភាព​ទីផ្សារ​របស់ WFP នាពេល​ថ្មីៗ​នេះ តម្លៃ​អង្ករ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​របប​អាហារ​នៅ​កម្ពុជា​គឺ​នៅ​ថេរ។ ទោះ​ជាយ៉ាង​ណា​ក្តី​តម្លៃ​​អាហារ​សម្បូរ​ជីវជាតិ​ដែល​ប្រជាជន​និយម​បរិភោគ​ដូចជា ពងទា បន្លែ និង​ត្រកួន​បាន​កើន​ឡើង ២០,៨ ភាគរយ និង ៣០,៧ ភាគរយ​ពី ១ ឆ្នាំ​ទៅ ១ ​ឆ្នាំ។ ចំណែក​តម្លៃ​អាហារ​នាំចូល​ក៏កើន​ឡើង​គួរ​ឱ្យកត់​សម្គាល់​ផង​ដែរ។ តម្លៃ​ប្រេងឆា​បាន​កើន​ឡើង ៣៩,៧ ភាគរយ​នៅក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ​ បើធៀប​នឹង​ខែ​ឧសភា ឆ្នាំ​មុន ជាមួយ​នឹង​ការ​កើន​ឡើង​តម្លៃ​ខ្លាំង​រហូត​ដល់ ១៣,៥ ភាគរយ​ក្នុង​អំឡុង​ពេល​តែ ២ ​ខែ​ប៉ុណ្ណោះ​។

បើតាម​សេចក្តី​ប្រកាស​ផលិតកម្ម​ស្រូវ​ត្រូវបាន​គេ​រំពឹង​ថា​​ នឹង​អាច​ផលិត​បាន​ក្នុង​កម្រិត​លើស​ពី​មធ្យម​ដែល​មាន​ន័យ​ថា​កម្ពុជា​នឹង​មិន​ប្រឈម​នឹង​កង្វះ​ខាត​ស្បៀង​ធ្ងន់ធ្ងរ​នោះ​ទេ។ ទោះ​យ៉ាង​ណា កង្វះ​អាហារ ចំណី​សត្វ ឥន្ធនៈ ជី និង​ហិរញ្ញវត្ថុ កំពុង​បង្ក​ការ​គំរាមកំហែង​ថ្មី​ទៀត​ដល់​ប្រព័ន្ធ​ស្បៀង​។

លោកស្រី​ អានឡ័រ ខូវែល​តំណាង​ WFP ប្រចាំ​កម្ពុជា​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ ពិភពលោក​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ស្បៀង​សកល​ដែល​បណ្តាល​មកពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​ ១៩ ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​ពី​សង្គ្រាម​អ៊ុយក្រែន។

លោកស្រី​ ថ្លែង​ថា៖ «ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មិន​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នេះ​ក៏​ពិតមែន ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា យើង​មិន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុងការ​កាត់បន្ថយ​បញ្ហា​អសន្តិសុខ​ស្បៀង និង​ការធានា​ថា ប្រជាជន​អាច​ទទួល​បាន​របប​អាហារ​សុខភាព​នោះដែរ​»​។

លោក​ស្រី​ Annelaure បន្ថែម​​ថា WFP នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ឆ្លើយ​តប​​ទៅ​នឹង​វិបត្តិ​កូវីដ​ ១៩ ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ដែល​ត្រូវ​បាន​​គេ​មើល​​រំលង​។ ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្បៀង និង​ខ្សែចង្វាក់ ផ្គត់ផ្គង់ មាន​សារៈសំខាន់​ណាស់​នា​បច្ចុប្បន្ន ដើម្បី​ធានា​បាន​នូវ​និរន្តរភាព និង​ភាព​ធន់​នាថ្ងៃ​អនាគត​។

លោក ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​​ថ្លែង​ថា ខ្សែ ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ស្បៀង​ត្រូវ​តែ​ពង្រឹង​ដើម្បី​ធានា​ថា​ ប្រព័ន្ធ​ស្បៀង​អាច​ផ្តល់​នូវ​ស្បៀង​អាហារ​ប្រកប​ដោយ​គុណភាព និង​សារធាតុ​ចិញ្ចឹម​ដល់​ពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​បង្កើន​នវានុវត្តន៍ និង​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ឌីជីថល​។

បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ ​២០២១ ដែល​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀង​កម្ពុជា​ក៏បាន​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​ ២០៣០។ ផែនទី​បង្ហាញ​ផ្លូវ​នេះ​កំណត់​អាទិភាព​ចំនួន​ ៤ គឺ​ទី ​១ ការលើក​កម្ពស់​របប​អាហារ​សុខភាព​សម្រាប់​ទាំងអស់​គ្នា ​​ទី ២ ការ​លើក​កម្ពស់​ភាព​អង់អាច​របស់​យុវជន និង​ជន​ងាយរងគ្រោះ​បំផុត​ក្នុងការ​ចូលរួម​ផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀង​ ទី ៣ ការពង្រឹង​ភាព​ធន់​របស់​កសិករ​ខ្នាត​តូច និង​ទី៤​ ការ​ពង្រឹង​អភិបាលកិច្ច​ដើម្បី​ឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​មាន​បរិយាប័ន្ន តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​សម្របសម្រួល និង​កិច្ចសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ៕