
ទិដ្ឋភាពផ្ទះបណ្តែតទឹកជនជាតិវៀតណាមនៅភូមិសាស្ត្រខណ្ឌឫស្សីកែវ ពីឆ្នាំ ២០២១ ។ ហេង ជីវ័ន
ភ្នំពេញៈ គិតពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃបានបណ្តេញជនបរទេសរស់នៅកម្ពុជា ដោយខុសច្បាប់ជាង ២៤ ០០០ នាក់ និងជាង ១០០ សញ្ជាតិ ហើយខណៈនេះ អាជ្ញាធរកម្ពុជាក៏កំពុងពិភាក្សាជាមួយភាគីវៀតណាម ដើម្បីរកដំណោះស្រាយជុំវិញជនជាតិវៀតណាម ដែលបន្តរស់នៅលើទឹកដោយខុសច្បាប់ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ១៤ ខែតុលា លោកកែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា កម្ពុជា មានទិសដៅសំខាន់ៗពង្រឹងប្រសិទ្ធភាពការងារចេញ-ចូល និងការស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេស ក្នុងគោលបំណងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាសណ្តាប់ធ្នាប់ក្នុងប្រទេស។
លោក កែវ វណ្ណថន បញ្ជាក់ថា ក្នុងការអនុវត្តវិធានការច្បាប់ចំពោះជនបរទេស ដែលរកឃើញថា ខុសច្បាប់ និងត្រូវបណ្តេញចេញពីកម្ពុជាគិតចាប់ពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន អាជ្ញាធរបានបណ្តេញជនបរទេស ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា សរុប ២៤ ១៩១ នាក់ ដែលមាន ១០៧ សញ្ជាតិ។
ជាមួយគ្នានេះ លោកឱ្យដឹងដែរថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចេញប្រកាសទទួលស្គាល់ ក៏ដូចជាផ្តល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍ចំនួន ៨៩ ៧៨៦ នាក់ ចំពោះជនបរទេសបែបអន្តោប្រវេសន្ត។ ក្នុងចំណោមនោះ បានផ្តល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍ជាង ៦៦ ០០០ នាក់។
លោកបញ្ជាក់ថា៖ «ជនអន្តោប្រវេសន្តមានជាអ្នកវិនិយោគ គឺយើងមានគោលបំណងគ្រប់គ្រងជនបរទេស ដែលមកធ្វើការប្រកបមុខរបរនៅកម្ពុជា ដើម្បីឱ្យបង់បណ្ណការងារស្របទៅតាមច្បាប់ស្តីពីការងារ ដែលបានកំណត់»។
លោកបន្តថា៖ «ហើយក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ត្រូវគោរពតាមច្បាប់ ហើយតាមគោលការណ៍កំណត់ ទទួលស្គាល់ជនបរទេស ដែលមកធ្វើការនេះ មិនលើសពី ១០ ភាគរយនៃបុគ្គលិកកម្មករខ្មែរ»។
លោកបន្តថា ការផ្តល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍នោះមានសុពលភាពរយៈពេល ២ ឆ្នាំ ហើយអាចស្នើសុំបន្តបាន ប៉ុន្តែក្រសួងពុំមានគម្រោងផ្តល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍ដល់ជនអន្តោប្រវេសន្តបន្ថែមទៀតទេ ដោយរក្សាតួលេខ ជាង ៦៦ ០០០ នាក់។ លោកពន្យល់ថា ជនអន្តោប្រវេសន្តមានន័យថា គឺជនដែលទទួលបណ្ណស្នាក់នៅអចិន្រៃ្តយ៍ស្របច្បាប់ ខុសពីជនបរទេសខុសច្បាប់ ពុំមាន ឯកសារ ដែលរស់នៅកម្ពុជា។
ជុំវិញជនជាតិវៀតណាមដែលរស់នៅខុសច្បាប់លើទឹកក្នុងទឹកដីកម្ពុជា លោក កែវ វណ្ណថន បញ្ជាក់ថា អាជ្ញាធរកម្ពុជាកំពុងពិភាក្សាជាមួយអាជ្ញាធរវៀតណាម ដើម្បីដោះស្រាយបញ្ហានេះ។
លោកថ្លែងថា៖ «កន្លងមកអ្នករស់នៅលើទឹកនេះ អ្នកខ្លះមានបណ្ណស្នាក់នៅអចិន្រៃ្តយ៍ ប៉ុន្តែអ្នកខ្លះក៏អត់មាន ហើយអ្នកអត់មានបណ្ណនេះ បច្ចុប្បន្ន អាជ្ញាធរយើងបានរុះរើលំនៅគាត់ឱ្យមករស់នៅលើគោក ហើយសល់មួយចំនួនតូច នៅព្រំដែនខេត្តព្រៃវែង និងខេត្តកណ្តាល ហើយយើងកំពុងធ្វើការជាមួយភាគីវៀតណាម ដោះស្រាយបញ្ហានេះ»។
លោកបន្តថា៖ «ជនជាតិវៀតណាមដែលនៅលើទឹកនេះអ្នកខ្លះក៏មានបណ្ណស្នាក់នៅអចិន្រៃ្តយ៍បានន័យថា គាត់ស្នាក់នៅស្របច្បាប់អត់មានសិទ្ធិដេញទេ។ ប៉ុន្តែយើងដេញចេញជនបរទេស ដែលស្នាក់នៅខុសច្បាប់ អត់មានលិខិតស្នាមទាំងអស់។ អ្នកដែលមានសិទ្ធិបណ្តេញចេញមានតែសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកចេញប្រកាសបណ្តេញចេញជនបរទេស ដែលខុសច្បាប់»។
លោកបន្ថែមថា ការរុះរើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើគោកនេះ គឺក្នុងគោលបំណង ដើម្បីបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ ដែលជាគោលការណ៍របស់រដ្ឋបាលរាជធានី-ខេត្ត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ការងារអន្តោប្រវេសន៍បានសម្រេចសមិទ្ធផលជាច្រើន ក្នុងអធិបតេយ្យភាពជាតិ ក្នុងការទប់ស្កាត់លំហូរការជ្រៀតចូលស្នាក់នៅខុសច្បាប់របស់ជនអន្តោប្រវេសន្តនៅកម្ពុជា។
លោកថា ក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាស្ត្រសំខាន់ចំនួន ៣ ក្នុងការគ្រប់គ្រងជនបរទេស រួមមាន ទប់ស្កាត់ម៉ឺងម៉ាត់ មិនឱ្យមានកំណើនបន្ថែមទៀត នូវជនបរទេសស្នាក់នៅ បែបអន្តោប្រវេសន៍ ដោយផ្តើមចេញពីការចុះធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្តឡើងវិញ។ យកចិត្តទុកដាក់ជំរុញដោះ-ស្រាយបញ្ហាជនបរទេស ដែលមានវត្តមានក្នុងប្រទេសឱ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងគ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្តោះអាសន្នរបស់ជនមិនមែនអន្តោប្រវេសន្ត។
ពាក់ព័ន្ធការផ្តល់បណ្ណស្នាក់នៅអចិន្រៃ្តយ៍ដល់ជនអន្តោប្រវេសន្តបរទេសនេះ កាលពីខែសីហា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃបានពន្យល់ថា ការផ្តល់បណ្ណនេះ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស៕