ភ្នំពេញៈ លោក ហ ​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ដល់​ស្ថាប័នរដ្ឋ​ និង​ឯកជន​ដែល​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​វិធាន​សុខាភិបាល​សម្រាប់​សង្គ្រោះ​បឋម និង​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ ​១៩ ទៅលើ​បុគ្គល​ដែល​មាន​ការសង្ស័យ​អំឡុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២២​។

លោក ណារ៉ុន ថ្លែង​នៅក្នុង​សេចក្តី​ណែនាំ​ប្រតិបត្តិ​ស្តីពី «​វិធានការ​សុខភាព និង​សុវត្ថិភាព សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៥-៦​ ខែធ្នូ ឆ្នាំ​ ២០២២ ឱ្យ​ដឹងថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​សម្អាត​បន្ទប់ អគារ បរិវេណ និង​រៀបចំ​កន្លែង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ និង​សម្លាប់​មេរោគ​លើ​តុ កៅអី ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃរាប​បន្ទប់​ប្រឡង និង​កន្លែង​ចាប់​កាន់​ញឹកញាប់​ជាដើម​។

លោក​បាន​ឱ្យ​ដឹងថា៖ «​ការណែនាំ​នេះ ក្នុង​គោលបំណង​លើក​កម្ពស់​ការថែទាំ​សុខភាព និង​សុវត្ថិភាព​ សម្រាប់​គណៈមេប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន អំឡុងពេល​នៃ​ដំណើរការ​ប្រឡង នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ដែល​ត្រូវ​បាន​កំណត់ និង​ជ្រើសរើស​យក​ធ្វើជា​មណ្ឌល​ប្រឡង​ជា​គណៈមេប្រយោគ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​ផងដែរ​»​។ គណៈមេប្រយោគ​ទូទាំង​ប្រទេស​ត្រូវ​ចាត់តាំង​អនុគណៈកម្មការ​ទទួល​បន្ទុក​ការងារ​សុខភាព តាមដាន និង​វាយតម្លៃ​លើ​ស្ថានភាព ការរក្សា​អនាម័យ និង​សុវត្ថិភាព​ក្នុង​ការរៀបចំ​មណ្ឌល​សំណេរ មណ្ឌល​កំណែ និង​មណ្ឌល​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ត្រូវ​ស្នើសុំ​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ភ្នាក់ងារ​សុខាភិបាល ដើម្បី​ចាត់​វិធានការ​សង្គ្រោះ និង​វិធានការ​សុវត្ថិភាព​ស្រប​តាម​វិធាន​វេជ្ជសាស្ត្រ​របស់​ក្រសួង​សុខាភិបាល នៅក្នុង​ដំណាក់កាល​សំណេរ កំណែ និង​ដំណាក់កាល​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​។

លោក ហង់ជួន ណារ៉ុន ក៏បាន​ណែនាំ​ទៅ​ដល់​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំរាជធានី ខេត្ត ត្រូវ​ចាត់តាំង​ក្រុម​ការងារ​ទទួល​បន្ទុក​សុខភាព សម្រាប់​ដំណើរការ​ប្រឡង​នៅតាម​រាជធានី ខេត្ត​ និង​ត្រូវមាន​ការណែនាំ​ដល់​ប្រធាន​មណ្ឌល​សំណេរ ត្រូវ​ធ្វើ​ស្វ័យ​ប្រកាស​ចំពោះ​បេក្ខជន​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ-១៩ និង​ជំងឺឆ្លង​នានា យ៉ាង​តិច​ ១​ ថ្ងៃមុន​ដំណើរការ​»​។

លោក​ថា​៖ «​ប្រធាន​មណ្ឌល​សំណេរ​ត្រូវ​តាមដាន​ពិនិត្យ​សុខភាព​គណៈមេប្រយោគ គណៈកម្មការ​នានា​ និង​បេក្ខជន​ជាប្រចាំ​ក្នុង​ពេល​ដំណើរការ​សំណេរ​។ ត្រូវ​រៀបចំ​រថយន្ត​សង្គ្រោះ​ និង​ភ្នាក់ងារ​សុខាភិបាល​ប្រចាំការ​ដោយ​មាន​បំពាក់​សម្ភារ​ចាំបាច់​ សម្រាប់​សង្គ្រោះ​បឋម​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី ខេត្ត និង​ក្រុង ស្រុក​មួយចំនួន​ផងដែរ​»​។

លោក​ក៏បាន​ណែនាំ​ដល់​ប្រធាន​មណ្ឌល​សំណេរ​សហការ​ជាមួយ​ភ្នាក់ងារ​សុខាភិបាល ធ្វើតេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​មេរោគ​កូវីដ​ ១៩ ចំពោះ​បេក្ខជន​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន និង​បេក្ខជន​ដែល​មាន​កម្តៅ​លើសពី ៣៧,៥ ​អង្សាសេ ឬ​មាន​រោគសញ្ញា​ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ជាដើម​។ សម្រាប់​ប្រធាន​មណ្ឌល​សំណេរ​នឹង​ទទួល​សម្ភារ​សុខភាព​ដូចជា ម៉ាស់ ទឹក​អាល់កុល ឬ​អាល់កុល ជែល អាវ​ការពារ​សុវត្ថិភាព​ (PPE) ស្រោមដៃ សាប៊ូ ពិសេស​ឧបករណ៍​ស្ទង់កម្តៅ​។

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ លោក ចេង លឹមហ៊ន់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរអប់រំ​បាន​ធ្វើការ​ណែនាំ និង​បាន​ត្រៀម​មណ្ឌល​សម្រាប់​សង្គ្រោះ​បឋម​ទៅដល់​សិស្ស​ និង​គណៈមេប្រយោគ​ផងដែរ ហើយ​សម្រាប់​មណ្ឌល​ប្រឡង​ក៏​មិន​មាន​ជា​បញ្ហា​អី​ដែរ ដោយ​មន្ទីរ​បាន​កំណត់​រួចរាល់​ហើយ​ដែរ​។ សាលា​ក៏បាន​ណែនាំ​ទៅដល់​បេក្ខជន​ប្រឡង ដែល​កំពុង​ទទួល​ការសិក្សា​បំប៉នបន្ថែម​ត្រូវ​ត្រៀម​ខ្លួ​ង​ផងដែរ​។

លោក ចេង លឹមហ៊ន់ បាន​ប្រាប់ថា​៖ «​ដោយសារ​តែ​ស្ថានភាព​នៅក្នុង​ខេត្ត​យើង​នេះ មិនមាន​បញ្ហា​ប្រឈម អ៊ីចឹង​យើង​មិន​មាន​តម្រូវការ​ឱ្យ​សិស្ស​ធ្វើ​តេស្ត​រហ័ស​មុនពេល​ប្រឡង​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​នេះ​នៅ​កន្លែង​ណាមួយ​គួរឱ្យ​បារម្ភ នោះ​យើង​នឹង​ស្នើ​ទៅខាង​សុខាភិបាល​ក្នុង​ការជួយ​អន្តរាគមន៍​ភ្លាមៗ​តែម្តង​»​។

លោក ហង់ជួន ណារ៉ុន ក៏បាន​ចេញប្រកាស​នៅ​ថ្ងៃទី​ ១១ ខែតុលា ស្តី​ពីបទ​ប្បញ្ញត្តិ​ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ក្នុង​នោះ​ក្រសួង​បាន​បញ្ជក់​ពី​ការទទួល​ទណ្ឌកម្ម​ចំពោះ​បេក្ខជន​ដែល​ធ្វើ​សកម្មភាព​មិនប្រក្រតី ដោយ​ដាក់​កម្រិត​វិន័យ​លើ​បេក្ខជន​ផ្សេងៗ​ទៅតាម​កម្រិត​វិន័យ​ថ្នាក់​ទី​ ១ ទី​ ២ និង​កម្រិត​វិន័យ​ថ្នាក់​ទី​ ៣ ​ទៅតាម​កំហុស​របស់​បេក្ខជន​រៀងៗ​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ក្នុង​ពេល​ប្រឡង​បាក់ឌុប​នេះ​៕