កណ្ដាលៈ អាជ្ញាធរ​ស្រុក​លើក​ដែក​បាន​សម្រេច​ចេញ​សេចក្ដី​ណែនាំ​​បន្ទាន់​មួយ​ដល់​ម្ចាស់​អាជីវកម្ម​ទូកដ​ទាំង​អស់​ត្រូវ​មាន​អាវ​ពោង​សុវត្ថិភាព​ សម្រាប់​អ្នក​ដំណើរ និង​ហាម​ដឹក​លើស​ចំណុះ​ ឬ​ប្រើប្រាស់​មធ្យោបាយ​ទូក​ចម្លង ដែល​ចាស់​ទ្រុឌទ្រោម​ជា​ដាច់​ខាត​។

សេចក្ដី​ណែនាំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​លិច​ទូក​ ១ កាលពី​ព្រលប់​ថ្ងៃទី​ ១៣ ​ខែ​តុលា នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល ដែល​បណ្ដាល​ឱ្យ​សិស្ស​ ១១ ​នាក់​ស្លាប់ និង​មនុស្ស​ប្រុស​​ស្រី ​៤​ នាក់​ទៀត​រងរបួស​។

លោក ​ចាប ច័ន្ទវិទ្យា អភិបាល​ស្រុក​លើកដែក បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា ដើម្បី​សុវត្ថិភាព​ដល់​អ្នកដំណើរ តាម​ផ្លូវ​ទឹក ឬ​អ្នក​ដំណើរ​កាត់​ផ្លូវទឹក​តាមរយៈ​ទូក​ចម្លង ឬ​កាណូត​នោះ​ម្ចាស់​អាជីវកម្ម​ទូក​ចម្លង​ទាំងអស់​ត្រូវមាន​អាវ​ពោង​សុវត្ថិភាព​សម្រាប់​អ្នក​ដំណើរ​ និង​ត្រូវ​ធានា ថា​​ទូក​ចម្លង​មាន​លក្ខណៈ​រឹងមាំ និង​មាន​សុវត្ថិភាព​​ព្រមទាំង​ត្រូវ មាន​ភ្លើង​ហ្វា​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់​។

លោក​ថ្លែង ថា​​៖ «​ករណី​លិច ទូក ស្លាប់​សិស្ស សាលា​ ១១ ​នាក់ នៅ​ភូមិ​កោះ​ចំរើន គឺជា​សោកនាដកម្ម​មួយ ដែល​ធ្វើឱ្យ​យើង​គ្រប់​គ្នា ត្រូវ​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក»​។

បើតាម​លោក​ ច័ន្ទវិទ្យា ករណី​លិច​ទូក​ខាង​លើ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី ​៣ ​នាក់​ ដែល​ជា​ម្ចាស់​ និង​កម្មករ​ក្នុង​អាជីវកម្ម​ទូក​ចម្លង​នេះ ទៅ​សាកសួរ​ និង​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​បាន​ផ្ដល់​ទំនុកចិត្ត​ និង​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទូក​ចម្លង​ទៅឱ្យ​គ្រួសារ​ពលរដ្ឋ​ម្នាក់​នៅក្នុង​ភូមិ​កោះ​ចំរើន​ ជា​អ្នក​ទទួល​ខុសត្រូវ​ដឹក​សិស្ស និង​អ្នកភូមិ​កោះ​ចំរើន​ជំនួស​វិញ​ ដោយ​បាន​ផ្ដល់​នូវ​អាវ​ពោង​សុវត្ថិភាព​ចំនួន​ ២០ ​អាវ​ អំពូល​ភ្លើង​ហ្វា សម្រាប់​បំពាក់​លើ​កាណូត​ចំនួន ​២ ដើម្បី​បំភ្លឺ​ផ្លូវ​ពេល​យប់​ ។

លោក​ថា​​៖ «​ក្នុង​អំឡុង​ពេល​នេះ សិស្សានុសិស្ស និង​ពលរដ្ឋ​នៅ​ភូមិ​កោះ​ចំរើន​នៅតែ​ត្រូវការ​ធ្វើដំណើរ​តាម​ទូកដ​ដើម្បី​ទៅ​រៀន​ និង​ដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ ​ដូច្នេះ​អាជ្ញាធរ​យើង​បាន​អនុញ្ញាត​ឱ្យ​លោក ខៀវ ​សំផន ជា​អ្នក​ទទួល​ខុសត្រូវ​ ដឹក​ចម្លង​អ្នកភូមិ និង​សិស្ស​សាលា​ជំនួស​អ្នក​ចាស់​»​។

លោក ​ខៀវ សំផន ជា​ពលរដ្ឋ​ដែល​សកម្ម​ក្នុង​ការជួយ​យក​អាសា​អ្នកភូមិ​កោះ​ចំរើន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា គាត់​នឹង​ខិតខំ​បម្រើ​ពលរដ្ឋ​ក្នុង​ភូមិ​កោះ​ចំរើន​ឱ្យ​បាន​ល្អ​ដោយ​ធានា​នូវ​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​តាម​ទូក​ចម្លង​របស់​គាត់ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នឹង​មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ជិះ​ទូក​គាត់​ដោយ​គ្មាន​ពាក់​អាវ​ពោង​សុវត្ថិភាព​នោះ​ឡើយ ​។

លោក ខៀវ ​សំផន ដែល​មាន​អាយុ​ ៦០ ឆ្នាំ បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ «​ខ្ញុំ​នឹង​បម្រើ​អ្នក ភូមិ​ឱ្យ​បាន​ល្អ​នៅក្នុង​សេវាកម្ម​ទូក​ចម្លង​នេះ ដោយ​មិន​យក​ប្រាក់​ពី​សិស្ស ​ព្រះសង្ឃ​ តាជី និង​យាយជី​នោះឡើយ »​។

បើ​តាម​លោក​ខៀវ សំផន ទូក​លោក​មាន​ប្រវែង ៩​ ម៉ែត្រ និង​ទទឹង​ ២,៥ ​ម៉ែត្រ អាច​ផ្ទុក​ទម្ងន់​បាន ៤​ តោន សម្រាប់​ទំនិញ​ជា​កសិផល ឬ ផលិតផល​សត្វ​ ប៉ុន្តែ ដើម្បី​សុវត្ថិភាព គាត់​នឹង​ដឹក​មនុស្ស​ព្រមទាំង​កង់​-​ម៉ូតូ មិន​លើសពី​​ ១៥​ នាក់​ឡើយ​។

លោក ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​​កីឡា បាន​ថ្លែង​ថា នឹង​ចេញ​សេចក្ដី​ណែនាំ​មួយ​អំពី​សុវត្ថិភាព​នៃ​ការធ្វើ​ដំណើរ​​តាម​ផ្លូវ​ទឹក ដើម្បី​ឱ្យ​សិស្សានុសិស្ស បង្កើន​ការប្រុង​ប្រយ័ត្ន ពេល​ធ្វើ​ដំណើរ​តាម​ទូក​ និង​កាណូត ។

លោក​ថ្លែង​ថា កត្តា​ចាំបាច់​និង​បន្ទាន់​នេះ គឺ​សូមឱ្យ​សិស្សានុសិស្ស​ត្រូវ​ពាក់​អាវ​ពោង​សុវត្ថិភាព ពេល​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​រៀន ជាពិសេស​ម្ចាស់​ទូក ត្រូវ​មាន​ការយល់​ដឹង​ពី​ហានិភ័យ​នៃ​ការដឹក​លើស​ទម្ងន់ ​។

កាលពី​ម្សិលមិញ​មាន​សប្បុរសជន​ម្នាក់ ឈ្មោះ លី សែមសិរី បាន​នាំ​យក​អាវ​ពោង​សុវត្ថិភាព​ជាង​ ៣០០ ​អាវ​ផ្ដល់​ជូន​សិស្ស​នៅ​ភូមិ​កោះ​ចំរើន ដើម្បី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​​តាម​ទូក​។

ទោះយ៉ាង​ណា​កុមារី​រងគ្រោះ វី ចាន់បូរា អាយុ​ ១២ ឆ្នាំ ដែល​រួច​ពី​ស្លាប់​ក្នុង​ករណី​លិច​ទូក នេះ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធ​រ ជួយ​ធ្វើ​ស្ពាន​ ១​ ខ្សែ​ឆ្លងកាត់​ព្រែក​ពី​ភូមិ​អំពិល​ទឹក ទៅ​ភូមិ​កោះ​ចំរើន ​របស់​នាង ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ឆ្លងកាត់​។

ជុំវិញ​សំណូមពរ​នេះ លោក ច័ន្ទវិទ្យា បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ស្រុក​លើកដែក បាន​កំណត់​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ជូន​អ្នក​ភូមិ​កោះ​ចំរើន​រួច​ហើយ ។

លោក​ថា​៖ «​បើតាម​ខ្ញុំ​ដឹង​នៅ​ពេលនេះ​ គម្រោង​នេះ​​ស្ថិត​នៅក្រោម​គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​​កំពុង​សិក្សា​វាយ​តម្លៃ ហើយ​យ៉ាង​យូរ នៅ​មុន​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី ២០២៣ ខាង​មុខ​នេះ អាជ្ញាធរ​យើង​នឹង​ដំណើរការ​បើក​ការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ ១ ​ខ្សែ​នេះ​»​។

ដោយ​ឡែក​លោក ហាំ ធូ អធិការ​ស្រុក​លើក​ដែក ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ពេល​នេះ ម្ចាស់​ទូកដ រួម​មាន ​អ្នកស្រី​ ឆឹង វណ្ណា និង​អ្នក​ស្រី ឆឹង ស្រី​នាង ​ព្រម​ទាំង​យុវជន​ម្នាក់​ជា​កម្មករ​ទូក​ឈ្មោះថេត ចន្ធី ត្រូវបាន ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕