ភ្នំពេញៈលោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ទុក​ពេលចំ​នួន ២ ​សប្ដាហ៍​ឱ្យ​អភិ​បាល​ខេត្ត​បាត់​ដំបង ​និង​ខេត្ត​ប៉ៃលិន ដោះ​ស្រាយ​ឱ្យ​បាន​រួចរាល់​នូវបញ្ហា​ព្រំ​ប្រទល់​​រដ្ឋបាលរវាង​ខេត្ត​ទាំង ​២​ ស្ថិត​នៅក្នុង​តំបន់​ ១ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​កម្ម​សិទ្ធិ​ដីធ្លី និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​។

លោក​នាយក​រដ្ឋ​មន្រ្ដី ​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិតសាក​លវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ជាង ៦ ពាន់​នាក់ ​ពីថ្ងៃទី ​១៧​ ខែតុលាថា​ បញ្ហាការ​កែសម្រួល​​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់​ដំបង និង​ប៉ៃលិន​នេះ ​អាជ្ញាធរ​ខេត្ត​ទាំង ២ បាន​ដោះ​ស្រាយ​តាំងពីឆ្នាំ​ ១៩៩៦ រហូតមក​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំ​ទៅហើយ​ ប៉ុន្ដែបែរ​ជាមិន​ទាន់​ដោះ​ស្រាយ​បាន​រួចរាល់​ទៅវិញ។

​លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អភិ​បាល​ខេត្ត​បាត់​ដំបង និង​អភិ​បាល​ខេត្ត​ប៉ៃលិន​ថា ដោះស្រាយ​ឱ្យ​ចប់​នៅ​តំបន់​១ គ្រាន់​តែ​កែ​សម្រួល​ព្រំ​ប្រទល់​រដ្ឋ​បាល។ ធ្វើ​ប៉ុន្មាន​ជំនាន់​ហើយ ​ធ្វើ​អត់​ចេញ។ អ៊ីចឹង​ទេ ម្សិល​មិញ(ថ្ងៃទី​១៦​ ខែតុលា) ខ្ញុំ​បាន​ផ្ញើសារ​ទៅ​ សុខ លូ [អភិ​បាល​ខេត្ត​បាត់​ដំបង] ថា​បើសិន​ជា ​២ អាទិត្យ​ទៀត​ ធ្វើ​មិន​ចេញ ខ្ញុំ​ចុះ​ទៅ​តែ​ម្ដង​ ព្រោះ​វា​មិន​មែន​កាត់​ដី​ឱ្យ​បរទេស​ឯណា»​។

លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត អភិបាលស្រុក ដែល​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហានេះ​ឱ្យ​បាន​។ លោក​បន្តថា ខេត្ត​បាត់​ដំបង មាន​​ផ្ទៃដី​ធំ គឺអាច​កាត់ឱ្យ​ទៅខេត្ត​ប៉ៃលិន​ប៉ុន្មាន​ពាន់​ហិកតា​នោះ​ទៅ ​ដើម្បី​ឱ្យប្រជា​ជន​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬអាច​ផ្ទេរ ឬក៏​បោះ​ឆ្នោត​នៅ​កន្លែង​ដដែល​ក៏បាន​។

​លោក​បាន​បញ្ជាក់ថា​៖ «ធ្វើ​ប៉ុណ្ណឹង​ធ្វើមិន​ចេញ​ហើយ​ខ្ញុំ​ក៏បាន​ផ្ញើ​សំឡេង​ហ្នឹង​បញ្ជូន​ទៅ​ឱ្យ​សម្ដេច​ក្រឡាហោម ស ខេង ហើយ​ក៏បាន​ប្រាប់​សម្ដេច​ក្រឡា​ហោម ស ខេង នៅ​ឯរដ្ឋ​សភា​កាល​ពីថ្ងៃ​មុន​ដែរ​​ដើម្បី​ធ្វើឱ្យវា​ចប់​។ ប្រជា​ពល​រដ្ឋ​​គាត់​បាន​អាហ្នឹង​គាត់​បាន​កម្មសិទ្ធិ។ ​ខាង​នេះ​ក៏មិន​ចេញ​កម្ម​សិទ្ធិ​ឱ្យ​ ខាង​នោះ​ក៏វា​អត់​សិទ្ធិ។ បាត់​ដំបង​អត់ចេញ​កម្ម​សិទ្ធិ​ដីធ្លីឱ្យ​ទេ​ ហើយ​នៅខំ​កាន់​កាប់​អីទៀត។ ​ខ្ញុំ​ថា​តែ​ឯកឧត្ដម ​សុខ លូ និង​ លោក​ជំទាវ បាន ស្រីមុំ ​២ នាក់​ហ្នឹង បើ​ធ្វើមិន​ទាន់​ទេ គឺខ្ញុំ​នឹង​ចុះ​នៅ ២អាទិត្យ​ទៀត​​ ឱ្យពេលវេលា តែ​ប៉ុណ្ណឹង​។ បើ​ធ្វើមិន​ទាន់​ទេ គឺខ្ញុំ​នឹង​ចុះទៅធ្វើ​»។

លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​ឱ្យ​ដឹង​ថា ​អភិបាលខេត្ត​ប៉ុន្មាន​នាក់​ហើយ​ក៏ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ចេញ។ ប៉ុន្ដែ​បើតាម​ការ​​ស៊ើប​របស់​លោក​គឺមាន​​អ្នកធំ​មួយ​ចំនួនទៅ​ចាប់ដី​ដាំដំណាំ​ស្វាយ​នៅទី​នោះ​ បាន​​ទៅ​រារាំង​នៅ​រដ្ឋ​បាល​​ខេត្ត​បាត់​ដំបង​កុំឱ្យ​កាត់ដី​តំបន់១​នោះ ទៅ​ឱ្យ​ខេត្ត​ប៉ៃ​លិន​។​

លោក​បាន​ថ្លែង​ថា​៖ «អ៊ីចឹង​អ្នក​ទាំង​ហ្នឹង​ទៅ ​អាដី​ស្វាយ​លោកឯង​អត់​បាត់​ទៅ​ណាទេ​។ ដីនៅ​បាត់​ដំបង​ គង់​តែដី​ខ្មែរ ដី​នៅ​ប៉ៃលិន ​គង់​តែដី​ខ្មែរ លោក​ឯងស៊ីផល​ទៀត​ទៅ​ កុំចាំបាច់​ទៅរារាំង​គេ​អ៊ីចឹង​។ខ្ញុំ​ស៊ើប ខ្ញុំ​ដឹង​តើថា​ ហេតុ​អ្វីរាប់​ឆ្នាំ​ហើយ ដោះ​មិន​ចេញ។ សម្ដេច​ក្រឡា​ហោម ក៏គាត់​បាន​និយាយ​ដែ​រថា វា​តម្រឹម​ព្រំប្រទល់​រដ្ឋបាល​ដើម្បី​ឱ្យវាងាយ​គ្រប់​គ្រង ព្រោះ​ខាង​ប៉ៃលិន​គេលូក​មក​វា​ជិត​ ឯ​ខាង​បាត់​ដំបង​វាលូក​ទៅ​វាឆ្ងាយ​​»។

លោក សុខ លូ អភិ​បាល​ខេត្ត​ បាត់​ដំបង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅថ្ងៃទី​ ១៧ តុលា​ថា ​ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន នៅ​ព្រឹកថ្ងៃទី ​១៧​ ខែតុលា​ លោក​បាន​ចុះទៅ​ពិនិត្យ​មើល​ទីតាំង​ព្រំប្រទល់​ដី​រវាង​ខេត្ត​ទាំង​ ២​រួច​ហើយ និង​បាន​ណាត់គ្នា​ជា​មួយ​លោក​ស្រី ​បាន ស្រីមុំ អភិ​បាល​ខេត្ត​ប៉ៃលិន​ ដើម្បីចុះទៅ​ពិនិត្យ​មើល​ទី​តាំង​នោះ​រួម​គ្នា​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា៖ «យើង​បាន​ធ្វើ​ផែន​ទី​ដើម្បី​កំណត់​លើការ​ដោះ​ស្រាយ​បញ្ហានេះ​រួច​ហើយ​ដែរ​។ តាម​ពិត​មិនមែន​កាត់​អីទេ​គ្រាន់​តែ​កែ​សម្រួល​ព្រំប្រ​ទល់​រវាង​ខេត្ត​និង​ខេត្ត​ទាំង ​២ ​ដូច្នេះ​គឺយើង​បាន​ត្រៀម​លក្ខណៈ​ និង​បាន​ធ្វើផែនទី​រួច​រាល់​អស់​ហើយ​»។

លោក​ សុខ លូ បាន​ឱ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​កែ​សម្រួល​ព្រំ​ប្រទ​ល់នេះ សម្រាប់​ខេត្ត​បាត់​ដំបង​ គឺ​ពាក់ព័ន្ធ​នៅទីតាំង​ស្រុកសំឡូត និង​ស្រុកកំរៀង ដើម្បី​កែ​សម្រួល​លើ​រដ្ឋ​បាល​ព្រំ​ប្រទល់​ស្រុក​ទាំង ​២ ​នេះ​។

លោក​បញ្ជាក់​ថា​៖ «យើង​នឹង​ខិត​ខំធ្វើ​តាម​ដែល​សម្ដេច​បាន​ដាក់​បទ​បញ្ជា​នេះ​»។

លោក​ អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​នៃអង្គការ​លីកាដូ ​ថ្លែងថា ​បញ្ហា​កំណត់​ព្រំប្រ​ទល់​រដ្ឋបាល​រាជធានី-ខេត្ដ-ក្រុង-ស្រុក​ខណ្ឌ​និង​ឃុំ-សង្កាត់ ដែល​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់ គឺ​នាំ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ដល់​ពលរដ្ឋ​ពិសេស​នៅ​ពេល​មាន​បញ្ហា​ដីធ្លី​កើត​ឡើង​រដ្ឋបាល​រាជធានី-​ខេត្ដ​មាន​ការ​លំបាក​ក្នុងការ​ដោះ​ស្រាយ​​។

លោក​បាន​ថ្លែង​ថា​៖ «​ការ​មិន​កំណត់​ព្រំប្រ​ទល់​របស់​រដ្ឋបាល​រាជធានី-​ខេត្ដ បាន​ច្បាស់លា​ស់​នាំ​វានាំ​ឱ្យមាន​បញ្ហា​ច្រើន​ដល់​ពល​រដ្ឋ ​ដូច​ជា​ ការ​បញ្ជាក់ ​អត្តសញ្ញាណ ​និង​ស្នើសុំ​សេវា​សាធាណៈ​របស់​​រដ្ឋបាល​ភូមិ-​ឃុំផ​ងដែរ​​»៕