សៀមរាបៈ​ក្រសួង​ផែន​ការ​បាន​កំពុង​ដឹកនាំ​សម្រប​សម្រួល​ផ្តល់​បណ្ណ​សម​ធម៌​ជំហាន​ទី​ ២ ជូន​ប្រជា​ពលរដ្ឋ​ចំនួន​ ៤ ៧៩៣ ​គ្រួសារ​បន្ថែម​ទៀត​ដែល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​ទីប្រជុំ​ជន​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ និង​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ​ចាប់​ពី​ថ្ងៃទី ១៧ ​ខែតុលា​ ​តទៅ​នៅ​ទីតាំង​នគរ​បាល​បេ​តិក​ភ​ណ្ឌ​មុខ​ប្រា​សាទ​អង្គរវត្ត​។ ​នេះ​បើតាម​លោក ផេង ​បញ្ញា​ធន ប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​អគ្គ​នាយក​ផែន​ការ​នៃ​ក្រសួង​ផែន​ការ​។

​លោក ផេង បញ្ញា​ធន បាន​ថ្លែង​ថា​៖«​សម្រាប់​ថ្ងៃនេះ​គឺ​បន្ទាប់ពី​ជំ​ហាន​ទី​១ ដែល​យើង​បានផ្តល់​បណ្ណ​សម​ធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​រស់នៅ​រុន​តា​ឯក​ចំនួន ៤ ២២៩ ​គ្រួសារ​រួចហើយ​។​ ដំណាក់​កាល​ទី ​២​ នេះ​មាន​ចំនួន ៤ ៧៩៣ គ្រួសារ ​ក្នុងនោះ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​រុន​តា​ឯក​មាន​ចំនួន ១ ​៨៥៣ ​គ្រួសារ​ ក្រៅពី​នោះ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​នៅ​ឃុំ​ពាក់​ស្នែង​»​។

​លោក​​បាន​បញ្ជាក់​ថា កា​រសម្រប​សម្រួល​ផ្តល់​បណ្ណ​សម​ធម៌​ជំហាន​ទី ​២ ​នេះ​ មិន​កំណត់​ចំនួន​ថ្ងៃ​នោះ​ទេ​ ពោលគឺ​ធ្វើ​រហូត​ដល់​អស់​ចំនួន​គ្រួសារ​ទើប​យុទ្ធ​នាការ​ត្រូវ​បញ្ចប់​។ លោក​បន្ត​ថា ​ពេលនេះ​ជា​ដំណាក់​កាល​មួយ​ដ៏​មមា​ញឹក​ សម្រាប់​មន្ត្រី​ក្រសួង​ផែន​ការ ដោយ​សារ​ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​យុទ្ធនា​ការផ្តល់​បណ្ណ​សម​ធម៌​នេះ​ក្រសួង​ផែន​ការ​ក៏មាន​ការ​ទទួល​ខុស​ត្រូវ​ផ្សេង​ទៀត ​ក្នុង​ការ​កំណត់​គ្រួសារ​ដែល​ងាយ​រង​ហានិ​ភ័យ ដែល​រាជរដ្ឋា​ភិ​បាល​ត្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

​លោក​ថ្លែង​ថា​៖ «​ដើម្បី​យុទ្ធនា​ការ​នេះ​ទទួល​បាន​ជោគ​ជ័យ​គឺ​ក្រសួង​ផែន​ការ​បាន​ប្រមូល​កម្លាំង​មកពី​តាម​បណ្តា​ខេត្ត​ចំនួន ​៥ មក​ចូលរួម​អនុវត្ត​កិច្ចការ​ងារ​នេះ​ដែល​ចំនួន​មន្ត្រី​យើង​សរុប​នៅទី​នេះ​មាន​ប្រមាណ ​៦០ ​នាក់ សម្រាប់​អនុវត្ត​យុទ្ធនា​ការ​នេះ​»​។

​លោក ​ផេង បញ្ញា​ធន បាន​បន្ថែម​ទៀត​ថា តាម​ការណែ​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ប្រជា​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​នៅ​តំបន់​ទីប្រជុំ​ជន​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក និង​ពាក់​ស្នែង ​មិន​ថា​ស្ថាន​ភាព​គ្រួសារ​យ៉ាង​ណា​នោះទេ ​គឺ​ត្រូវ​ទទួល​បាន​បណ្ណ​សមធ​ម៌ ប្រភេទ​ក្រីក្រ​១ ដូចៗ​គ្នា​ទាំង​អស់​។​

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​អ្នក​ដែលមាន​បណ្ណ​រួចហើយ​ដែល​បណ្ណ​នោះ​ជា​បណ្ណ​ក្រីក្រ​ប្រភេទ ​២ គឺ​ត្រូវតែ​មក​ប្ដូរ​នៅទីនេះ​[​ទីតាំង​ប៉ូលិស​បេ​តិក​ភណ្ឌ​មុខ​ប្រាសាទ​អង្គរ​វត្ត​] ដើម្បី​ឱ្យបាន​បណ្ណ​ក្រីក្រ​១ ដូច​គ្នា​ទាំង​អស់​»​។

​លោក ឌុ​ច សា​វី ប្រជា​ពលរដ្ឋ​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​តំបន់​រុន​តា​ឯកបាន​ឱ្យដឹង​ថា ​លោក​មាន​ក្តី​សប្បាយ​រីករាយ​ក្រៃលែង ដែល​បាន​ទទួល​បណ្ណ​សម​ធម៌​ពី​រាជរដ្ឋាភិ​បាល​។ ​បណ្ណ​នេះ​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ និង​ការ​លំបាក​ក្នុង​គ្រួសារ ព្រោះ​អាច​ទទួល​បាន​ចំណូល​ប្រចាំ​ខែ​បន្ថែម​លើ​ការ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អរ​គុណ​សម្តេច​ដ៏​ជ្រាលជ្រៅ​អស់​ពីដួង​ចិត្ត​ដែល​លោក​បានគិត​គូ​ដល់​សុខ​ទុក្ខ​ពួក​យើង​ខ្ញុំ ស្ថិត​ក្នុង​ការ​លំបាក​ហើយ​សម្តេច​បាន​មក​ជួយ​ទាន់​ពេល​វេលា​»​។

​លោក​ប៉ិច ពិសី ​នាយក​ប្រតិ​បត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​បាន​ថ្លែង​ថា ការផ្តល់​បណ្ណ​សម​ធម៌​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​ការ​ជំនួយ​ចាំ​បាច់​ពី​រដ្ឋាភិ​បាល​ដើម្បីឱ្យ​ពួក​គាត់​មាន​លទ្ធភាព​អាច​ទទួល​បាន​សម្ភារ​ ចំណី​អាហារ​ ឬ​ការ​ឧបត្ថម្ភ​ជា​ថវិកា​ផ្សេងៗ​ពី​រដ្ឋាភិ​បាល​ដែល​មាន​កញ្ចប់​ថ​វិកា​នេះ​។ លោក​បន្ត​ថា​ បណ្ណ​សម​ធម៌ ឬ​បណ្ណ​ក្រីក្រ​នេះ​មិន​ត្រឹម​តែ​បាន​ជំនួយ​ម្តង​ម្កាល​នោះ​ទេ ​ប៉ុន្តែ​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​បណ្ណ​នោះ​សម្រាប់​ទទួល​សេវា​ផ្សេងៗ​ដែល​កំណត់​ក្នុង​គោល​ការណ៍​នៃ​ការរៀប​ចំ​សេវា​នៅ​ក្រោម​បណ្ណ​សម​ធម៌ ឬ​បណ្ណ​ក្រីក្រ​នេះ​ទៀត​ផង​។

​លោក​ថ្លែង​ថា​៖ «​ការ​ផ្តល់​បណ្ណ​នេះ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ ដល់​ប្រជា​ពលរដ្ឋ​ដែល​គាត់​ក្រីក្រ​ខ្លាំង​ ហើយ​គាត់​ត្រូវ​ការ​ជា​ចាំ​បាច់​។ ខ្ញុំ​គិតថា​ប្រសិន​បើ​រដ្ឋាភិ​បាល​អាច​ពង្រីក​វិសាល​ភាព​នៃ​ការផ្តល់​បណ្ណ​សម​ធម៌​នេះ​ ជូន​អ្នក​ក្រីក្រ​ពិត​ប្រាកដ​នៅ​តំបន់​ផ្សេង​ក៏​ជា​រឿង​មួយ​ល្អ​ដែរ ព្រោះ​ក្រោយ​កូ​វីដ​នេះ​យើង​ឃើញ​ថា​ពលរដ្ឋ​ដែល​ក្រីក្រ​រឹត​តែ​ធ្លាក់​ខ្លួន​ថែមទៀ​ត​»​។

​រាជ​រដ្ឋាភិ​បាល​កម្ពុជា​កាល​ពី​ថ្ងៃទី ៥​ ខែតុលា​ បាន​ប្រកាស​សម្រេច​បន្តក​ម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ ក្នុង​អំឡុង​ពេល​កូ​វីដ​១៩ ​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២២ និង​បន្ត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថាន​ភាព​នៅ​រៀង​រាល់ ​៣ ខែម្តង​។ ជា​មួយ​គ្នា​នោះ​រាជ​រដ្ឋាភិ​បាល​ក៏បាន​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិ​ភ័យ ​ដើម្បី​ឆ្លើយ​តប​នឹង​សម្ពាធ​អតិផរ​ណា​ផង​ដែរ​។

តាម​រយៈ​សេចក្តី​សម្រេច​នោះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ផែន​ការ​ដើម្បី​ដឹកនាំ​គ្រប់​គ្រង​ និង​សម្រប​សម្រួល​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ងាយ​រង​ហានិ​ភ័យ​នៅ​ទូទាំង​ប្រទេស​។ ចំណែក​មូល​និធិ​ជាតិ​ជំនួយ​សង្គមត្រូវ​ទទួល​បន្ទុក​ប្រតិ​បត្តិ​ករ ក្នុង​ការ​គ្រប់​គ្រង​និង​ចាត់​ចែង​បើក​ផ្តល់​សាច់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ងាយ​រង​ហានិ​ភ័យ​៕