ភ្នំពេញៈ ​រថយន្ត​ជិត​ ២០ ​ម៉ឺន​គ្រឿង បាន​បើកបរ​នៅលើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​ ក្រោយពី​បាន​បើក​ឱ្យ​សាកល្បង​ដោយ​មិន​បង់ប្រាក់​កាលពីដើម​ខែតុលា​នេះ ដើម្បី​ស្វែងយល់​ពី​ការធ្វើ​ចរាចរណ៍ និង​បញ្ហា​នានា​ដែល​កើតមាន​នៅលើ​ផ្លូវ​ថ្មី​ ១​ នេះ។ ទន្ទឹមនេះដែរ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូន បាន​ទទូច​ជាថ្មី​ឱ្យ​អ្នកបើកបរ ចូលរួម​គោរព​ច្បាប់ ដោយ​ប្រើប្រាស់​គន្លង​ផ្លូវ​ឱ្យបាន​ត្រឹមត្រូវ និង​គោរព​ល្បឿន​កំណ​ត់​។ យោងតាម លោក ហ៊ាង សុធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៧ តុលា​។​

លោក បាន​បញ្ជាក់ថា​៖ ​​«​យើង​ឃើញ​មាន​បញ្ហា​មួយចំនួន ដូចជា​ការកកស្ទះ​នៅ​ច្រកចូល ទោះ​មិន​កកស្ទះ​ពេញ ​១​ ថ្ងៃ ប៉ុន្តែ​មានការ​កកស្ទះ​នៅ​ម៉ោង​មមាញឹក ដោយសារ​កត្តា​ទី​ ១ ច្រក​ផ្លូវ​ល្បឿន​លឿន គឺ​បងប្អូន​យើង​ចំណាយពេល​ណែនាំ​ច្រើន ដើម្បី​ធានា​នូវ​សុវត្ថិភាព​ចរាចរណ៍​។ ទី​ ២ គឺ​បងប្អូន​យើង​បើក​បំពាន​គន្លង​។ ក្រៅពីនេះ ដោយសារ​ចំ​នួន​បញ្ជរ​របស់​យើង​បើក​មិនទាន់​អស់ ព្រោះ​ជាការ​បើក​សាកល្បង​»​។​

លោក សុធា​យុត្តិ បាន​អះអាងថា បញ្ហា​បើក​លើស​ល្បឿន នៅតែ​បន្ត​កើតមាន នៅពេលដែល​អ្នកបើកប​រ បាន​បើក​លើស​ល្បឿន ហើយ​ជ្រុល​ទៅបុក​ប៉ះ​ជាមួយ​រនាំង​ដែក​ដែល​អម​សងខាង​ផ្លូវ ខណៈ​របាយការណ៍ មិនមាន​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ណាមួយ ដែល​កើតមានឡើង​បណ្តាលឱ្យមាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​នោះឡើយ​។​

លោក បាន​ថ្លែង​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​លែង​សត្វពាហនៈ​ឱ្យ​ឡើងមក​លើផ្លូវ​ដូចជា​សត្វ​ឆ្កែ សត្វ​ចិញ្ចឹម​ផ្សេងៗ ដើម្បី​រក្សា​សុវត្ថិភាព​សាធារណៈ​។​

លោក ហ៊ាង សុធា​យុ​ត្តិ ថ្លែងថា​៖ «​ក្រសួង កំពុង​បន្ត​តាមដាន និង​វាយតម្លៃ​ក្រុមហ៊ុន ទៅលើ​ការអនុវត្ត ការធ្វើ​អាជិ​វ​កម្ម​របស់​ក្រុមហ៊ុន ដោយ​ធ្វើយ៉ាងណា ឱ្យ​ក្រុមហ៊ុន បន្ត​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាននៅ​ផ្លូវ​ល្បឿន​លឿន​នេះ​»​។​

ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូន បានប្រកាស​ជាថ្មី​ម្តងទៀត ដោយ​ក្រើនរំឭក​ដល់​អ្នកបើកប​រលើ​ផ្លូវ​ល្បឿន​លឿន ត្រូវ​បើកបរ​តាម​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា ដោយ​ទុក​គន្លង​វ៉ា​ជែង ដែលជា​គន្លង​ស្ថិតនៅ​ខាងឆ្វេង​ដៃ​បំផុត សម្រាប់​ប្រើប្រាស់​ក្នុងការ​វ៉ា​ជែង​តែប៉ុណ្ណោះ​។​

ក្រសួង​បាន​ណែនាំ​ដែរ​ថា ក្នុងករណី​សុំ​ជែង អ្នកបើកបរ​យានយន្ត​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងឆ្វេង​យ៉ាងតិច ៥ ​វិនាទី ហើយ​ត្រូវ​ងាក​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​នៃ​ផ្លូវ​ល្បឿន​លឿន​ដែលជា​គន្លង​ផ្លូវ​សម្រាប់​ជែង​។ នៅពេល​ជែង​ផុត អ្នកបើកបរ​ត្រូវឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាងស្ដាំ​ដើម្បី​ងាក​ចូល​គន្លង​ផ្លូវ​សម្រាប់​ចរាចរណ៍​ធម្មតា​វិញ​។​

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ចរាចរណ៍​មមាញឹក អ្នកបើកបរ​យានយន្ត​អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ទាំង​ ២​ បាន ដោយឡែក​រថយន្ត​ធុន​ធ្ងន់​ត្រូវប្រកាន់យក​គន្លង​ផ្លូវ​ សម្រាប់​ចរាចរណ៍​ធម្មតា​ដដែល​។ ក្នុងករណីនេះ យានយន្ត​នៅតាម​គន្លង​ផ្លូវ​ណាមួយ​បើកបរ​លឿន​ជាង មិន​ចាត់ទុក​ជាការ​ជែង​ឡើយ ហើយ​យានយន្ត​ដែល​ស្ថិត​នៅក្រោយ​គេ​ត្រូវ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ជា​ដំណឹង​»​។​

តាម​ការណែនាំ​របស់​ក្រសួង គន្លង​ផ្លូវ​សម្រាប់​ឈប់​បន្ទាន់ គឺជា​គន្លង​ផ្លូវ​សម្រាប់​ឈប់ ក្នុងករណី​យានយន្ត​ខូច ឬ​មាន​បញ្ហា​ផ្សេងៗ ដែល​អ្នកបើក​បរទាំង​អស់​ត្រូវអនុវត្ត​ដើម្បី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទាំងអស់​គ្នា​។​

តាម​រដ្ឋបាលខេត្ត​ព្រះសីហនុ បានដឹង​នៅ​ថ្ងៃទី​ ១៦ ខែតុលា​ថា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរលេង​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ រយៈពេល​ ២ ថ្ងៃ (​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​)​ ចំនួន ១២៥ ០០០ ​នាក់ ខណៈ​កាល​ពីសប្តាហ៍​ទី ​១ នៃ​ខែតុលា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង ១២ ម៉ឺននាក់​៕