ភ្នំពេញៈ ពលករ​មួយ​ចំនួន​ ដែល​ធ្វើការ​នៅ​ប្រទេសថៃ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ ក្រោយពេល​អាជ្ញាធរ​ថៃ ​បាន​រឹត​បន្តឹង​ច្បាប់​ការងារ​ ដោយសារ​ក្រុម​ហ៊ុន​ខ្លះ ​បានបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅថៃ ​ដោយ​មិន​មានឯក​សារ​ត្រឹម​ត្រូវ។ នេះ​បើតាម​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ពាក់​ព័ន្ធ​ពលករ​ប្រចាំ​ប្រទេស​ថៃ។

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ ​នៃ​អង្គការ​សង់ត្រាល់ ​លោក ​លឹង សុផុន ​ប្រាប់​នា​ថ្ងៃទី ១៧ ​តុលា ​ថា ​តាម​ការសង្កេត​ ឃើញ​ថា ​ច្បាប់​ការងារ​ប្រទេស​ថៃ ​ប្រសិន​បើ​ពលករ​ខ្មែរ​ ដែល​ពួក​គាត់​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ប្រព័ន្ធ​ MoU ​និងប្រ​ព័ន្ធ​ច្បាប់​ការងារ​ត្រឹម​ត្រូវ ​គឺ​ពលករ​ទាំង​នោះ​នឹង​មិន​មាន​ការព្រួយ​បារម្ភ​ឡើយ។ ប៉ុន្តែ​ពលករ​ខ្មែរ​មួយ​ចំនួន​មក​ប្រទេស​ថៃ​ដោយ​មិន​មាន​ឯកសារ​គ្រប់​គ្រាន់ ដោយ​សារ​ចំណាយ​លើ​ការ​ធ្វើ​ឯកសារ​វា​មាន​តម្លៃ​ថ្លៃ។ នៅ​ឯស្រុក​ ពួក​គាត់​ក៏​មិន​មាន​ការងារ​ធ្វើ ​ទើប​មក​ធ្វើការ​តាម​បណ្ដា​ខេត្ត ​ដែល​នៅជាប់​ព្រំដែន​ខ្មែរ-​ថៃ ​ហើយ​ប្រសិន​ជា​ប៉ូលិស​ ឫ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ឃើញ​ថា ​មិន​មាន​ឯកសារ​គ្រប់​គ្រាន់ ​ពលករ​ទាំង​នោះក៏​ត្រូវ​ផាក​ពិន័យ។

លោក ​លឹង សុផុន ​ថ្លែងថា​៖ «ដូច្នេះ​ពលករ​ដែល​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​នៅ​ថៃ រស់​នៅ​ប្រឈម​ច្រើន ក្នុង​បញ្ហា​ផ្សេង​ៗ ពី​ព្រោះ​ថា​ រដ្ឋាភិបាល​ថៃ​បាន​បន្តឹង និង​ពិនិត្យ​ច្រើននៅ​តំបន់​កន្លែង​រស់​នៅ​របស់​ពួក​គាត់​ ហើយ​ពួក​គាត់​ក៏​ជួប​ផល​វិបាក ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ។ ជា​ពិសេស ការ​បំផ្លាស់ទី​ពី​កន្លែង ១ ទៅ​កន្លែង ​១ ទៀត មាន​ភាព​លំបាក ដោយ​កន្លែង​ខ្លះ ប៉ូលិស​ថៃ គឺ​គេ​មិន​លើក​លែង​ឡើយ ដោយ​ធ្វើ​តាម​ច្បាប់»។

លោក​បន្ត​ថា ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ ដែល​មិន​គោរព​តាម​ច្បាប់​ការ​ងារបាន​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​ថៃ ដោយ​មិន​មាន​ឯកសារ​ត្រឹម​ត្រូវ និង​បាន​សន្យា​ថា​ នឹង​រក​ការ​ងារ​ជូន​ពួក​គាត់។ ប៉ុន្តែ​បែរ​ជា​យក​លុយ​ពី​ពលករ​រួច ក៏​ទុក​ពលករ​ទាំង​នោះ​ចោល​ក្នុង​ប្រទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យពលករ​ទាំង​នោះ​ខាត​ទាំង​លុយ និង​ខាត​ទាំង​ពេល​វេលា។

លោក​ សុផុន ​បន្ថែមថា​៖ «សម្រាប់​ពលករ​ដែល​ប្រឈម​មក​ធ្វើ​ការ​នៅ​ថៃ រដ្ឋាភិបាល​គួ​រ​តែ​ពិចារណា មាន​វិធាន​ការ​ណា​មួយ​ឱ្យ​បាន​ច្បាស់ ដើម្បី​ជួយ​ឱ្យប្រជា​ពលរដ្ឋ​យើង​ កុំ​ឱ្យគាត់​ចំណាក​ស្រុក​ ដោយ​មិន​មាន​សុវត្ថិភាព​អ៊ីចឹង។ ម្យ៉ាង​វិញ​ទៀត ពលករ​នៅ​ថៃ​ក៏​ច្រើន​ដែរ ខ្ញុំ​ចង់​ឱ្យមាន​ការ​អប់រំបង​ប្អូន​ពលករ។ ជា​ពិសេស​មាន​វិធាន​ការ​អប់រំ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ជូន​ពលករ​មក​បរទេស​ហ្នឹង គឺ​គាត់​ត្រូវ​តែ​គោរព​តាម​ច្បាប់​ការ​ងារ​ឱ្យបាន​ត្រឹម​ត្រូវ ពីព្រោះ​កន្លង​មក​ពលករ​ដែល​មក​ដោយ​ក្រុមហ៊ុន ពួក​គាត់​មិន​មានឯកសារ វីសា​ត្រឹម​ត្រូវ»។

លោក​បន្ថែមថា​ លោក​ចង់​ឃើញ​រាជ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ ​មាន​ការរួម​គ្នា​ពង្រឹង​វិធានការ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​ពលករ។ ជា​ពិសេស​ សុំ​ឱ្យរាជ​រដ្ឋាភិបាល ​ជួយ​សម្រួល​ការធ្វើ​ឯក​សារស្រប​ច្បាប់​របស់​ពលករ ​ព្រោះ​ពលករ​ថា ​ការធ្វើ​ឯកសារ​នេះ ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​មាន​តម្លៃ​ថ្លៃ​ណាស់។

អ្នកស្រី​ ជា សម្ផស្ស ​មាន​តួនាទី​ជាភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​នៃ​ក្រុមហ៊ុន ​១៦៨ ​មេនផៅវ័រ​ សឹបផ្លាយ ​ដែលជា​ក្រុម​ហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​ទៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់ ​និយាយ​នា​ថ្ងៃទី ១៧ ​តុលា​ថា ​ជាធម្មតា ​ក្រុម​ហ៊ុន​ប្រកប​អាជីវកម្ម​ដែល​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ​តែងតែ​ប៉ះពាល់​ដល់​ពលករ។ លោកស្រី​ស្នើ​សមត្ថ​កិច្ច​ចាត់​វិធានការ​ចំពោះ​បញ្ហា​នេះ។

ទោះ​យ៉ាងណា ​អ្នកស្រី​បញ្ជាក់ថា ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៣ ​ហើយ​តែងតែ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់។

អ្នកស្រី​ឱ្យដឹងថា​៖ «សម្រាប់​ពលករ​ទៅ​ថៃ ​មុន​នឹងទៅ​ ពុំ​មាន​ការហ្វឹកហាត់​ដូច​ទៅ​ជប៉ុន​នោះ​ទេ ​គ្រាន់តែ​ភ្ជាប់​លិខិត​ឆ្លងដែន​ និង​ធ្វើ​វីសា។ ប៉ុន្តែ​ពលករ​ត្រូវ​ចំណាយ​អស់​៥៥០ដុល្លារ​ សម្រាប់​ធ្វើ​ឯកសារ ​និង​សេវា​ផ្សេងៗ​ឱ្យ​ស្រប​តាម​ច្បាប់»។

អ្នកស្រី​បន្ថែម ​ក្រុមហ៊ុន​របស់​ខ្លួន​តែង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ក្នុង ​១ វគ្គ​ម្តង​ ដោយ​វគ្គខ្លះ​មាន ​៣ ​ទៅ ​៤ ខែ។ អ្នកស្រី​ប្រាប់ថា​៖ «បញ្ជូន​ពលករ​ទៅ​ម្តងៗ ​តាម​វគ្គ។ វគ្គ​ខ្លះ ​១០​ ទៅ ​៥០ នាក់ ​ មាន​ផ្នែក​វេចខ្ចប់​សាច់​មាន់ ​អេឡិចត្រូនិក​ រោង​ចក្រ​ត្រីខ ​ កាត់​ដេរ។ ក្នុង​១ខែ ​ពលករ​ទទួលបាន​ប្រាក់ខែ​គោល​ដំបូង​ចន្លោះ​ពី​ ៤៥០ ​ទៅ ​៥០០ ដុល្លារ»។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក​ ហេង សួរ ​បាននៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក ​អ៊ិត សំហេង ​កាលពី​ខែឧសភា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​កុំឱ្យ​ជឿ​លើ​ការញុះញង់​ ឬ​ការផ្សព្វផ្សាយ​របស់​ជន​ខិលខូច​មួយចំនួន​ទាក់ទង​នឹង​ការបញ្ជូន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ ដោយ​លោក​បាន​អះអាងថា ​បច្ចុប្បន្ន ​កម្ពុជា​មិនទាន់​មាន​ការបញ្ជូន​ពលករ​តាម​រដូវកាល​ទៅ​ធ្វើការ​នៅ​បរទេស​ឡើយ​។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​បរទេស ​មាន​ជាង ​១​ លាន ​៣​ សែន​នាក់។ ក្នុង​នោះ​ ១​ លាន​ ២​ សែន​នាក់ ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ជាង​ ៤ ​ម៉ឺន​ ៥ ​ពាន់នាក់ ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ២​ ម៉ឺន ​៣​ ពាន់​នាក់​នៅ​ម៉ាឡេស៊ី ​១ ម៉ឺន​ ១ ពាន់​នាក់​នៅ​ប្រទេស​ជប៉ុន ​ជាង ​៨​០០ នាក់​នៅ​សិង្ហបុរី ​២០០ នាក់​នៅ​ហុងកុង ​និង ​៤៣ ​នាក់ ​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​៕