​ភ្នំពេញៈ​ នៅក្នុងពិធី​បិទ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី ​២៧ នៅ​ស​ណ្ឋា​ការ​សុខា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៧ ខែតុលា រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ផ្ដាំផ្ញើ​ទៅ​មេធាវី​ទាំងអស់​ត្រូវបំពេញ​វិជ្ជាជីវៈ​ជាមេធាវី​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឧត្ដមភាព និង​កិ​ត្យានុ​ភាព​នៃ​វិជ្ជាជីវៈ​នេះ​ ដែល​ត្រូវ​រក្សា​ឱ្យបាន​នូវ​គោលការណ៍​សុចរិត​ភាព និង​ភាពស្មោះត្រង់ ដើម្បី​ជួយ​រក​យុ​តិ្ត​ធម៌​ជូន​ប្រជាពលរដ្ឋ។

លោក​បានឱ្យដឹងថា បច្ចុប្បន្ននេះ​នៅ​កម្ពុ​ជាមាន​មេធាវី​សរុប​ជាង ២ ពាន់​នាក់ ដូច្នេះ​ គណៈមេធាវី ក្រោម​ការដឹកនាំ​របស់​លោក លី ច័ន្ទ​តុលា ជា​ប្រធាន​គណៈមេធាវី និង​ក្រុមប្រឹក្សា​គណៈមេធាវី នឹង​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការត្រួតពិនិត្យ និង​ការបំពេញ​វិជ្ជាជីវៈ​មេធាវី​ឱ្យបាន​ត្រឹមត្រូវ។

លោក​ថ្លែងថា​៖ «​កន្លែង​នេះ​ខ្ញុំ​ធ្លាប់​បានលើកឡើង​ហើយ​ដូច​ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ធរ​ណ៍​ភ្នំពេញ បានលើកឡើង​មុននេះ​បន្ដិច ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ឧត្ដមភាព និង​កិ​ត្យានុ​ភាព​នៃ​វិជ្ជាជីវៈ​មេធាវី គឺ​ត្រូវ​ចាប់ផ្ដើម​ចំណុច​ទី ​១ ធំជាងគេ គ្រឹះ​ធំជាងគេ គឺ​ខ្លួនឯង​»​។

លោក​បាន​បញ្ជាក់ថា មេធាវី​មាន​ច្រើន ប៉ុន្ដែ​ប្រសិនបើ​មេធាវី​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​របស់ខ្លួន​នោះទេ​ការបាត់បង់​ចំពោះ​ការគោរព​នៃ​ចំណែក​ណាមួយ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​នេះ គឺ​ប្រាកដ​ណាស់​នឹង​ប៉ះពាល់​ទៅដល់​ឧត្ដមភាព និង​កិ​ត្យានុ​ភាព របស់​វិជ្ជាជីវៈ​នេះ​។

​លោក​បន្ថែមថា ខាង​តុលាការ​ក៏​ដូចគ្នា លោក​ធ្លាប់​បានលើកឡើង​ដូចគ្នា បើ​ចៅក្រម អនុវត្តបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​ក្លាយទៅជា​ឥស្សរជន​មួយ​គួរឱ្យ​គោរព​កុំថាឡើយ​ដល់​ការត្រួតពិនិត្យ​នៃ​ការ​កាត់សេចក្ដី​របស់គាត់ គ្រាន់តែ​គាត់​អង្គុយ​កាត់សេចក្ដី​ក៏​គេ​ផ្ដល់​ការគោរព​ហើយ​គេ​ជឿថា ការកាត់ក្ដី​របស់គាត់​ត្រឹមត្រូវ​បាត់ទៅហើយ​។

លោក​លើកឡើងថា ការពង្រឹង​វិន័យ វិជ្ជាជីវៈ​នេះ គឺ​មិន​ត្រូវធ្វើ​ត្រឹមតែ​ក្របខ័ណ្ឌវិជ្ជាជីវៈ​មេធាវី ដើម្បី​សំដៅ​ក្នុងការ​ពង្រឹង​ឧត្ដមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​នេះ​ទេ ​ប៉ុន្ដែ​ការពង្រឹង​បាន​នូវ​វិន័យ​នេះ​ទាំង​វិជ្ជាជីវៈ​មេធាវី ក៏ដូចជា​វិជ្ជាជីវៈ​ច្បាប់​ដទៃ​ផ្សេងទៀត​រួមទាំង​វិជ្ជាជីវៈ​តុលាការ​ផង​នឹង​ពង្រឹង​បាន​នូវ​ឧត្ដមភាព ក្នុង​វិស័យ​យុត្តិធម៌​មួយ​ទាំងមូល​តែម្ដង​។​

លោក កើត រិ​ទ្ធ បញ្ជាក់ថា​៖ «​អ៊ីចឹង ប្រសិនបើ​មេធាវី និង​វិជ្ជាជីវៈ​ផ្សេងទៀត យើង​មិន​នាំគ្នា​ពង្រឹង​ខាង​វិន័យ​ទេ វា​នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​ឧត្ដមភាព ទៅតាម​ពាក្យ​ដែល​គេ​និយាយ​ត​គ្នា​ថា ត្រី​ ១​ កន្ដ្រក កាលណា​ស្អុយ​១ គឺ​ស្អុយ​ទាំងអស់​»​។

លោក​បានឱ្យដឹងថា ក្នុងចំណោម​មេធាវី​ទាំងអស់ ម្នាក់​ណា​ក៏​ប្ដេជ្ញាចិត្ត ឧត្ដមគតិ មនសិកា ធ្វើ​យ៉ាងម៉េច​លើកកម្ពស់​ឧត្ដមភាព​វិជ្ជាជីវៈ​មេធាវី​។ ប៉ុន្ដែ​ក្នុងចំណោម​នោះ​ក៏មាន​មេធាវី​ខ្លះ​អនុវត្ត​ទៅ​មិន​ត្រឹមត្រូវ​ទៅតាម​សីលធម៌ វិជ្ជាជីវៈ​ដែរ​។ ដូច្នេះ​បើ​មិន​ប្រើប្រាស់​នូវ​វិន័យ​ទាក់ទង​នឹង​សីលធម៌ វិជ្ជាជីវៈ​នេះ​ទេ គឺ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​មេធាវី​ដទៃទៀត​ជាច្រើន​នាក់​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​កិច្ចការងារ​ឱ្យ​ល្អ​ដើម្បី​ឧត្ដមភាព​នៃ​វិជ្ជាជីវៈ​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​គិតថា​ មេធាវី​ជា​វិជ្ជាជីវៈ​ជា​មុខរបរ​ប៉ុន្ដែ​ត្រូវ​គិត​មួយទៀត​ថា ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ ដូច្នេះ​ការកសាង​បាន​នូវ​កិត្តិយស​ឧត្ដមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី គឺ​មិន​ខុសពី​ការកសាង​នូវ​កិ​ត្ដិ​យស​និង​កិត្យានុភាព សម្រាប់​ខ្លួនឯង​ទេ​»​។

បើតាម​លោក កើត រិ​ទ្ធ បច្ចុប្បន្ននេះ វិជ្ជាជីវៈ​មេធាវី​ដែល​បាន​ចាក់គ្រឹះ​រហូតមកដល់​ពេលនេះ សង្គម​កម្ពុជា​បាន​ទទួលស្គាល់ថា​មាន​មេធាវី​ហើយ​មិនមែនជា​វិជ្ជាជីវៈ​មួយ​ដែល​កំពុង​ជជែក​គ្នា​ថា គួរ​បង្កើត ឬ​មិនបង្កើត​នោះទេ គឺ​សង្គម​ទទួលយក​ថា​មាន​មេធាវី​រួចទៅហើយ​។

លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​ ថ្លែងថា ពេលដែល​មេធាវី​ទទួលបាន​ការការពា​រ​ជនក្រីក្រ ដោយ​ការចាត់តាំង មាន​មេធាវី​មួយចំនួន​មិនបាន​មើល​អង្គហេតុ សំណុំរឿង ដូច្នេះ​លោក​បាន​ស្នើឱ្យ​កែតម្រូវ​ចំណុច​នេះ​ដើម្បី​លើកមុខ​មាត់​អាជីព​ជា​មេធាវី​នេះ​។​

លោក​ថ្លែងថា​៖ «​យើង​ការពារ​ជនក្រីក្រ មិនមែន​ការពារ​រាល់ថ្ងៃ​ឯណា ហើយក៏​មិនមែន​ការពារ​រាស់​សប្ដាហ៍​ដែរ យូរ​គឺ​ការពារ​ម្ដង តាម​ការចាត់​តាំងរបស់​ប្រតិភូ​។ ដូច្នេះ​ខ្ញុំ​សូមឱ្យ​មេធាវី​ការពារ​ក្ដី​ជូន​ដល់​ជនក្រីក្រ​យកចិត្តទុកដាក់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យើង ទាំង​ជនរងគ្រោះ និង​ជនល្មើស បាន​ស្ដាប់​ទាំងអស់គ្នា​នៅ​សាល​សវនាការ ឃើញថា មេធាវី យើង​ពិតជា​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ ការពារ​កូនក្ដី​ពិតប្រាកដ មិន​ថា​កូនក្ដី​ក្រ ឬ​កូនក្ដី​មាន ឬ​ប្រុ​សស្រី ទាប​ខ្ពស់ ស ខ្មៅ​អី​ទេ​»​។

ក្នុងនាម​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​ ១៤ បន្តទៀត​នេះ លោក លី ច័ន្ទ​តុលា បាន​ប្ដេជ្ញាចិត្ត បន្ត​អនុវត្ត​នូវ​គោលនយោបាយ ៨ ចំណុច​ដែល​លោក​បាន​ដាក់ចេញ​ចាប់តាំងពី​អាណត្តិ​ទី​១ ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​បន្ត​ផ្សព្វផ្សាយ​នូវ​ការអនុវត្ត​នូវ​វិជ្ជាជីវៈ​មេធាវី​ទៅដល់​ថ្នាក់ឃុំ សង្កាត់​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការពង្រឹង​និង​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ សមត្ថភាព និង​សុខុមាលភាព​របស់​មេធា​វី​ដើម្បី​អនុវត្ត​បេសកកម្ម​នេះ គណៈមេធាវី​បានកំណត់​ចេញ​ជា​សកម្មភាព​ការងារ​ចំនួន​១១ ក្នុង​គោលបំណង​ពង្រឹង​វិជ្ជាជីវៈ​មេធាវី និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​វិជ្ជាជីវៈ​មេធាវី​និង​មេធាវី​ជា​ចម្បង តាមរយៈ​ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​លើ​ការគោរព​ក្រមសីលធម៌​និង​វិធាន​វិជ្ជាជីវៈ​មេធាវី ការបង្កើន​សមត្ថភាព​ដល់​មេធាវី ការបង្កើត​យន្តការ​ផ្តល់​ការលើកទឹកចិត្ត​ដល់​មេធាវី​ដែលមាន​ស្នាដៃ​ក្នុង​ការជួយ​ដល់​យុត្តិធម៌​សង្គម វិជ្ជាជីវៈ​មេធាវី និង​គណៈមេធាវី ការលើកកម្ពស់​សុខុមាល​ភាព​មេធាវី និង​ការទប់ស្កាត់​ការប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ជន​ដែល​មិនមែនជា​មេធាវី​»៕