ភ្នំពេញៈក្រសួង​យុត្តិធម៌​គ្រោង​នឹង​បង្កើត​អង្គភាព​វិជ្ជាជីវៈ​ដើម្បី​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ផ្តោត​ជាពិសេស​លើ​រឿង​ក្តី​រដ្ឋប្ប​វេណី និង​រឿង​ក្តី​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល ដើម្បី​ចៀស​វាង​ការ​កក​ស្ទះ​សំណុំរឿង​នៅតុលា​ការ​ និង​ក្នុង​ន័យ​បង្ខិត​សេវា​យុត្តិធម៌​ទៅ​ក្បែរ​ប្រជា​ពលរដ្ឋ ថែម​ទាំង​បណ្តុះ​វប្បធម៌​យោគ​យល់អធ្យា​ស្រ័យ ដើម្បី​ភាព​សុខ​ដុម​រមនា ក្នុង​រង្វ​ង់​ប្រជា​ពលរដ្ឋ​ខ្មែរ​។

អង្គភា​ពនេះ គ្រោង​ចេញ​ជារូបរាង​នៅឆ្នាំ​ ២០២៣ ​ដើម្បីឈាន​​ទៅដាក់​ឱ្យ​ដំណើរ​នៅ​ឆ្នាំ ២​០២៤។

នៅក្នុង​ពិធីបិទ​បញ្ចប់​សន្និ​បាត​លើក​ទី ២៧ របស់​គណៈ​មេធាវី​កម្ពុជា កាល​ពីថ្ងៃទី​ ១៦ តុលា លោក ​កើត​ រឹទ្ធ រ​ដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ បាន​ថ្លែង​ថា នាពេល​បច្ចុប្បន្ន ក្រសួង​យុត្តិធម៌​កំពុង​រៀប​ចំ​ឯកសារ​ទស្សន​ទាន ក្នុង​ការ​ត្រៀម​បង្កើត​អង្គភាព​វិជ្ជា​ជីវៈថ្មី ១​ ទៀត ដែល​ហៅ​ថា “សន្ធាន​ការី” តាម​រយៈ​យន្តការ​សន្ធាន​កម្ម ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​។

លោក​ កើត រឹទ្ធ លើក​ឡើង​ពីមូល​ហេតុ​សំខាន់ ២ ​យ៉ាង ក្នុង​កិច្ចការ​បង្កើត​អង្គភាព​សម្រាប់​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នេះ រួម​មាន ទី ១ វាជាមូលដ្ឋាន​គ្រឹះនៃ​មរតក​នយោ​បាយ​ឈ្នះ-ឈ្នះ របស់​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ទី ២​ ដោយហេតុ​កម្ពុជា​តែង​មាន​វប្បធម៌យោគ​យល់​អធ្យាស្រ័យ​ដល់​គ្នា។ អង្គភាព​សន្ធាន​ការីនេះ​ នឹង​ដើរ​តួនាទី​សម្រប​សម្រួល​អាជីព ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយច្បាប់​ ដើម្បី​សម្រប​សម្រួលវិ​វាទ​ដែល​ជា​ចំណែ​កមួយ​នៃកំ​ណែទ​ម្រង់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា យន្តការ​នៃ​ដំណោះ​ស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​ផ្អែក​តាម​សន្ធាន​កម្ម​នេះ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​ ដែល​អាច​សង្ខេប​ជារួម ៣ ​សំខាន់ៗ។ «ទី ១ ​ការបង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់​តែ​ជិត​ប្រជាព​លរដ្ឋនៅ​តាម​ទីជនប​ទ។ ទី ២​ ការរួម​ចំណែកកាត់​បន្ថយការក​កស្ទះ​សំណុំរឿង​នៅតា​ម​តុលា​ការ។ ​ទី ៣ ​ផ្តល់នូវ​ភាព​សុខ​ដុម​រមនា នៃ​មហាគ្រួសារ​ខ្មែរ ដែល​គូភាគី​ទំនាស់​ទទួល​បាន​ផល​ឈ្នះ-ឈ្នះ ទាំង​អស់​គ្នា»​។

លោក​ កើត រិទ្ធ គូស​បានបញ្ជាក់​ថា យន្តការ​សន្ធាន​កម្ម អាច​ដោះ​ស្រាយ​បាន​ត្រឹម​តែរឿងក្តី​រដ្ឋប្ប​វេណី តួ​យ៉ាង ទំនាស់​ដីធ្លី ភ្លឺ​ស្រែ ទំនាស់​គ្រួសារ និង​រឿងក្តី​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​តែប៉ុ​ណ្ណោះ ហើយ​រាល់​ការ​ព្រម​ព្រៀង​ពីគូភាគី​ដែល​សម្រេច​តាម​រយៈ​សន្ធាន​ការី មាន​តម្លៃ​ស្រប​ច្បាប់​យក​ទៅ​អនុវត្ត​បាន​។ ចំណែក​សមា​សភាព​បុគ្គល​ដែល​នឹងអាច​ក្លាយ​ជាសន្ធាន​ការី​ក្នុង​ការដោះ​ស្រាយ​វិវាទ​នោះ ត្រូវមាន​សមត្ថភា​ព​ខ្ពស់​ផ្នែក​ច្បាប់ ​រួម​នឹង​សម​ត្ថភាព​នៃការ​សម្រប​សម្រួល​ប្រក​ប​ដោយ​ភាពអំណត់​ចំពោះគ្រប់​ភាគីពាក់​ព័ន្ធ។​

លោក​ កើត រិទ្ធបាន​បន្ថែម​ថា៖ «កិច្ចការ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល នៃការ​រៀបចំ​តាក់​តែងគោ​លនយោ​បាយ ច្បាប់​លក្ខន្តិកៈ​មួយ​ចំនួន​ទៀត ដែល​អាច​នឹង​ចេញ​រូប​រាង​នៅ​ឆ្នាំ ២០២៣ ហើយ អាច​នឹង​អនុវត្ត​ឆ្នាំ ២០២៤ »។

ជុំវិញ​បញ្ហានេះ​លោក​មេធា​វី សុក សំអឿន យល់​ឃើញ​ថា វាជាកា​រល្អក្នុង​ការបង្កើត​យន្តការ​ដោះស្រា​យវិ​វាទ ​ក្រៅប្រ​ព័ន្ធតុ​លាការ​ជាក់​លាក់​នេះ ប៉ុន្តែ​លោក​ថា អាច​ល្អ​តែ​ដំបូង​ហើយ​អាច​មាន​វិបត្តិ​នៅ​ថ្ងៃ​ក្រោយ ដែល​ជា​ការ​ទាញ​រឿង​ក្តី​ពី​តុលា​ការ​។

លោក​សង្កត់​ធ្ងន់​ថា កន្លង​មក​រឿង​ក្តី​តែង​អូស​បន្លាយ​ក៏ដោយ​សារ​បច្ចេក​ទេស​មេធាវីមួយ​ចំនួន​ និង​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ ១ ​ផ្នែក​ផង​ដែរ។ លោក​សុក សំអឿន​បញ្ជាក់​ថា​៖ «បើមេធាវី​គ្រប់​គ្នាមា​ន​ចិត្ត​ផ្សះផ្សា​នោះ រឿង​ក្តីវា​ឆាប់​ចប់ តែបើ​ឆាប់​ចប់ អត់​មាន​សេវាថ្លៃ​មេ​ធាវី ចំណែក​តុលាការ​វិញ​ក៏ពុក​រលួយ​»។

លោក ​សុក​ សំអឿន ពន្យល់ប​ន្ថែម​ដោយ​លើក​ឧទាហរណ៍​នៅ​ប្រទេស​ហ្វីលីពីន​ និង​ថៃ​ថា​ នៅ​ហ្វីលី​ពីន ដើម្បី​កាត់​បន្ថយ​សំណុំ​រឿង​ឡើង​ទៅ​តុលាការ គេ​បញ្ជូន​ទៅផ្សះផ្សា​ត្រឹម​ក្រុម​ប្រឹក្សា​ឃុំ ក្នុង​ករណីបទ​ល្មើស កម្រិត​ស្ថាន​ទម្ងន់​ទោស​អតិប​រ​មាត្រឹម​១​ឆ្នាំ ហើយជន​រង​គ្រោះ និង​ជន​ជាប់​ចោទ​រស់នៅ​ក្នុង​ស្រុក​ជាមួយគ្នា​។ ចំណែក​ថៃវិញ រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​ច្បាប់​ដោយទទួល​ស្គាល់​ការ​ផ្សះ​ផ្សា ឬ​របាយ​ការណ៍​ផ្សះផ្សា​ថ្នាក់​ឃុំ សង្កាត់ ប្រៀប​ដូចជា​ច្បាប់​អ៊ីចឹង សម្រាប់​រឿង​ក្តី​ភាគ​ច្រើន​ជារឿង​រដ្ឋ​ប្បវេណី​។

សម្រាប់​លោក​សឹង សែន​ករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុកយល់ថា ​ជាការ​ល្អ​នៅក្នុង​កិច្ច​ការ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ ប៉ុន្តែ​លោក​សង្ឃឹម​ថា យន្ត​ការអង្គភាព​វិជ្ជាជីវៈ​សន្ធាន​ការី របស់​ក្រសួង​យុត្តិធម៌​នេះ នឹង​អាច​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្នុង​ប្រព័ន្ធផ្លូវ​ច្បាប់​មួយ ជាជាង​ទៅតាម​គំនិត​បុគ្គល​មាន​អំណាច ដូច​ករណី​ដោះ​ស្រាយ​វិវាទ​ក្រៅប្រព័ន្ធ​តុលាការ​កន្លង​មក ដែល​គ្មាន​បទដ្ឋាន​ច្បាប់ត្រឹម​ត្រូវ។

គួរ​រំឭក​ថា កន្លង​មក ក្នុង​យន្តការ​ដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដី​សម្រេច​ចំនួន ២ ដាច់​ដោយ​ឡែក​ពីគ្នា​ ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​រៀបចំ​ដំណើរការ​តុលា​ការជំនាញ​ក្នុងនោះ រួមមាន​តុលាការ​ពាណិជ្ជ​កម្ម និង​តុលាការ​ការ​ងារ ដើម្បី​ដោះ​ស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង​ពិសេស​ដាច់​ដោយ​ឡែក​ជុំវិញ​វិវាទ​ការងារ និង​ពាណិជ្ជ​កម្ម​ ក្រៅពី​គម្រោង​អង្គភាព​ដោះ​ស្រាយ​តាម​រយៈ​សន្ធាន​ការី​។ ចំណែក​ក្រសួង​មហា​ផ្ទៃវិញ​ក៏ធ្លាប់​បាន​បង្កើត​យន្តការ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ក្រៅប្រព័ន្ធ​តុលាការ​នៅតាម​មូល​ដ្ឋាន​ផង​ដែរ៕