ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅតែ​បន្ត​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​សិស្ស​ជា​ស្រ្តី​​ឱ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត បើទោះបី​ជា​ពួកគាត់​បាន​រៀបការ​ និង​មាន​កូនចៅ​រួច​ហើយ​ក៏ដោយ ខណៈ​ដែល​លោក​មើល​ឃើញ​ថា អត្រា​នៃ​ការបន្ត​ការសិក្សា​របស់​សិស្សស្រី​នៅក្នុង​កម្រិត​ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​មាន​ការ​ធ្លាក់ចុះ​ច្រើន​ជាង​បុរស។

លោក​បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ចំនួន​ជាង ៦ ​ពាន់​នាក់ ក្នុង​នោះ​មាន​នារី​រហូត​​ដល់​ជាង ៣ ៥០០ ​នាក់ បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ជាមួយ​ការ​ជម្នះ​ការលំបាក និង​ឧបសគ្គ​ជាច្រើន​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅតែ​បន្ត​ការអំពាវនាវ​ដល់​ស្រ្តី​ទាំង​ឡាយ​ដែល​មាន​ស្វាមី​ហើយ ហើយ​មាន​កូន​​ចៅ សូម​បន្តការ​សិក្សា​ទៀត ដោយសារ​សាលា​ក៏​នៅមិន​ឆ្ងាយ​​ប៉ុន្មាន​ដែរ និង​ដើម្បី​បង្កើន​អត្រា​​សិស្ស​ជា​ស្រ្តី»។

លោក​បន្ថែម​ថា ការ​បង្កើន​អត្រា​សិស្ស​ស្រ្តី​ឱ្យ​ខ្ពស់​ជាង​សិស្ស​បុរស​មាន​ការពិបាក ប៉ុន្តែ​ក្នុង​កម្រិត​ត្រឹម​បរិញ្ញាបត្រ បរិញ្ញាបត្រ​រង និង​មធ្យម​សិក្សា ស្រ្តី​មាន​អត្រា​ខ្ពស់​ជាង​បុរស តែ​ចាប់ពី​កម្រិត​​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ បែរ​ជា​អត្រា​សិស្ស​ជា​ស្រ្តី​មាន​អត្រា​ធ្លាក់​ចុះ ដែល​វា​ក៏​មាន​ការ​ទាក់ទង​នឹង​ប្រពៃណី​​របស់​ខ្មែរ មិនមែន​ជា​ឧបសគ្គ​​បណ្តាល​មកពី​បញ្ហា​អ្វីផ្សេង​នោះ​ឡើយ​។

លោក ហ៊ុន សែន ក៏បាន​លើក​​ឡើង​ផងដែរ​ថា ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ១ ចាំបាច់​ត្រូវការ​នូវ​ធនធាន​មនុស្ស​ជា​ចាំបាច់​ ដែល​មិន​អាច​មើល​រំលង​ពី​បញ្ហា​នេះ​បាន​ទេ។ នា​ឱកាស​នោះ​ដែរ លោក​បាន​អបអរសាទរ​ចំពោះ​និស្សិត​ដែល​ទទួល​បាន​ជយលាភី និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹក​នាំ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ និង​ពង្រឹង​គុណភាព​អប់រំ​ឱ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំឭក​ឱ្យ​ដឹង​ផង​ដែរ​ថា៖ «ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​ ១៩៧៩ កម្ពុជា​ពិតជា​ខ្វះខាត​ធនធាន​មនុស្ស​ខ្លាំង​ណាស់ តែ​បច្ចុប្បន្ន​កម្ពុជា​បាន​បណ្តុះបណ្តាល​បាន​​ធនធាន​មនុស្ស​ជាច្រើន។ ការ​អភិវឌ្ឍ​ជាតិ ត្រូវ​ការជា​ចាំបាច់​នូវ​ធនធាន​មនុស្ស ដែល​​មិន​​អាច​មើល​រំលង​បាន​នោះ​ទេ»​។

ទាក់ទង​នឹង​ការ​ជំរុញ និង​លើក​​ទឹកចិត្ត​ឱ្យ​ស្រ្តី​​បន្ត​ការ​សិក្សា​ឱ្យបាន​ខ្ពស់​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន នេះ អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ រស់ សុវាចា បាន​បង្ហាញពី​ការ​គាំទ្រ​ចំពោះ​ការ​លើក​ទឹក​ចិត្ត​នេះ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា៖ «ខ្ញុំ​សូម​គោរព​គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រសាសន៍​លើក​ទឹកចិត្ត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ជូន​និស្សិត​ខាង​លើ​នេះ​»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ ស្តីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ​​៥ ឆ្នាំ (២០១៨-២០២២)​ បាន​ឱ្យ​ដឹង​​ថា គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៣០ ក្នុង​នោះ​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ ៤៨ និង​ឯកជន ៨២​។

ក្រសួង​បាន​បន្ត​ទៀត​ថា និស្សិត​កំពុង​សិក្សា​នៅ​ឧត្តម​សិក្សា​មាន​ចំនួន ១៩៨ ៣៦៣នាក់ ក្នុង​នោះ​ស្រី ៩៨ ៥៣៥ នាក់ ស្មើ ៤៩,៦៧ ​ភាគរយ ក្នុង​នោះ​និស្សិត​បរទេស​អាហារូបករណ៍ ១៥៩ ​នាក់ ស្រី ៧៤ ​នាក់ ស្មើ ៤៦,៥៤ ​ភាគរយ។

ទន្ទឹម​នឹង​នេះ​ដែរ បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី បាន​ឱ្យ​ដឹង​ថា ផែនការ​យុទ្ធសាស្រ្ត​ជាតិ​វិស័យ​អប់រំ បាន​ឆ្លើយតប​យេនឌ័រ និង​គម្លាត​យេនឌ័រ​នៅក្នុង​វិស័យ​​អប់រំ ត្រូវបាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​នៅ​កម្រិត​បឋម​សិក្សា មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ។

ក្រសួង​នេះ​​បន្ត​ថា ជាក់ស្តែង ឆ្នាំ​សិក្សា​ ២០២០-២០២១ សិស្ស​ស្រី​ប្រឡង​ជាប់​មធ្យម​សិក្សា​បឋម​ភូមិ​មាន ៥៣% និង​មធ្យម​​សិក្សា​ទុតិយ​ភូមិ ៥៤,៣% ​ហើយ​ទទួលបាន​និទ្ទេស​ A មាន​ ៥៩,៧%។

លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​​ក្រសួង​កិច្ចការនារី ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធផល​​រយៈពេល​ ៥​ ឆ្នាំ​របស់​ក្រសួង​នេះ​​កាល​ពី​ចុង​ខែ​កញ្ញា​បាន​ឱ្យដឹង​ថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ទៅ​ដល់​ស្រ្តី ដោយសារ​សង្គម​មិន​អាច​មានតែ​បុរស​នោះ​ទេ គឺ​ត្រូវ​មាន​ស្រ្តី និង​បុរស។ លោកស្រី​បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ​រយៈពេល​ ៣ ទសវត្សរ៍​នៃ​សង្រ្គាម​​ធ្វើឱ្យ​ស្រ្តី​ទទួលរង​គ្រោះ​ច្រើន​ជាង​បុរស​៕