
លោក ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ពីថ្ងៃទី ១៧ តុលា។ រូបថត SPM
ភ្នំពេញៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗទៅកាន់បក្សនយោបាយណាក៏ដោយ ដែលផ្សារភ្ជាប់ទៅនឹងលោក សម រង្ស៊ី ដែលតុលាការបានកាត់ទោសជាទណ្ឌិតនោះ អាចនឹងរងការរំលាយគណបក្សចោល ដោយសារលោក រង្ស៊ី បានអំពាវនាវឱ្យផ្តួលរំលំរដ្ឋាភិបាលនៅឆ្នាំ ២០២៣។ លោកក៏ប្រកាសស្វាគមន៍ឱ្យមេបក្សប្រឆាំងរូបនេះវិលចូលស្រុក ដោយចាប់បញ្ជូនចូលពន្ធនាគារ។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ បានបង្ហោះសារភ្ជាប់ជាមួយឃ្លីបវីដេអូ ដែលមានខ្លឹមសារថា៖ «ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជាក្នុងឆ្នាំ ២០២៣»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ ងើបឡើងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានអះអាងថា លោកនឹងវិលត្រឡប់ចូលទឹកដីកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។
ឆ្លើយតបនឹងការលើកឡើងនេះ នៅឯពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី ១៧ តុលា លោក ហ៊ុន សែន បានបញ្ជាក់ជាសាធារណៈថា គណបក្សណាក៏ដោយ ដែលទាក់ទងជាមួយលោកសម រង្ស៊ី អាចប្រឈមនឹងការប្តឹងទៅតុលាការ។
លោកថ្លែងថា៖ «ឆ្នាំ ២០២៣ ជាឆ្នាំបោះឆ្នោត តើអ្នកឯងចង់ប្រើកម្លាំងប្រដាប់អាវុធឬ? តើអ្នកឯងចង់ចេញដំណើរបែបហិង្សា ផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ? មិនគិតពីជំរុញប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត គិតតែពីប្រមូលមនុស្សផ្តួលរំលំ ហ៊ុន សែន ឱ្យបានឆ្នាំ ២០២៣ ហើយឱ្យកម្លាំងប្រដាប់អាវុធងើបឡើង។ នេះហើយរឿងជាប់គុក ជាប់ច្រវាក់»។
លោកបញ្ជាក់ថា៖ «ចាំឱ្យបាន គណបក្សណាក៏ដោយ ដែលផ្សារភ្ជាប់ខ្លួនជាមួយទណ្ឌិតនេះ [សម រង្ស៊ី] នឹងត្រូវទទួលបាននូវការប្តឹងផ្តល់ទៅកាន់តុលាការ ហើយបក្សនយោបាយនានា សាកហ៊ានភ្ជាប់ខ្លួនជាមួយ [លោក សម រង្ស៊ី] អាចចូលទៅក្នុងការរំលាយគណបក្សនោះបន្តទៀត»។
លោកបានបន្ថែមថា គណបក្សផ្សេងមានសិទ្ធិក្នុងការនិយាយ និងធ្វើនយោបាយពាក់ព័ន្ធការបោះឆ្នោត ប៉ុន្តែបើគណបក្សនោះចូលក្នុងព្រឹត្តិការណ៍មានលក្ខណៈផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅប្រព័ន្ធធម្មនុញ្ញ គឺទទួលបាននូវការផ្តន្ទាទោស។
លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសដាក់ចេញនូវគោលនយោបាយ កម្ចាត់ចេញនូវមនោគមន៍វិជ្ជាជ្រុលនិយម និងព្រមានចាប់ខ្លួនលោក សម រង្ស៊ី នៅពេលចូលទឹកដីកម្ពុជា។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលហាមឃាត់យន្តហោះដឹក [សម រង្ស៊ី] មកខ្មែរទេ។ ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់មកដល់ស្វាគមន៍ដោយខ្នោះ ហើយកុំសង្ឃឹមលោក ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសនោះ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា លោក ថាច់ សេដ្ឋា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីនាពេលនេះមិនមែនជាលើកទី ១ ទេ ដោយលោកចាត់ទុកជាការរំឭកដល់គណបក្សនយោបាយទាំងអស់កុំឱ្យធ្វើអ្វីដែលខុសពីច្បាប់ស្តីពីគណបក្សបច្ចុប្បន្ន។
លោកបានថ្លែងថា៖ «ត្រង់ចំណុចនេះជាចំណុចមួយសំខាន់ ដែលយើងត្រូវគិតថា គណបក្សនីមួយៗតែងតែមានប្រវត្តិរបស់ខ្លួន។ អ៊ីចឹងហើយគណបក្សភ្លើងទៀន ក៏មានការប្រិតប្រៀង ហើយប្រកាន់គោលការណ៍យ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពច្បាប់ស្តីពីគណបក្ស បើទោះបីថា ច្បាប់នេះមិនល្អឥតខ្ចោះក៏ដោយ»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន នោះអាចសំដៅទៅលើគណបក្សដែលពាក់ព័ន្ធជាមួយលោក សម រង្ស៊ី តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ប្រហែលជាលោក [ហ៊ុន សែន] សំដៅទៅលើគណបក្សភ្លើងទៀន ដែលកំពុងមានកម្លាំងខ្លាំងគាំទ្រ ហើយឃើញថា អាចចោទពាក់ព័ន្ធជាមួយឯកឧត្តម សម រង្ស៊ី ជាដើម ព្រោះឯកឧត្តម សម រង្ស៊ី ជាអ្នកបង្កើតតាំងពីដើម គណបក្សជាតិខ្មែរ គណបក្ស សម រង្ស៊ី ហើយក្រោយមកប្រែទៅជាគណបក្សភ្លើងទៀន»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន សម្រាប់លោកមិនមានការព្រួយបារម្ភចំពោះការព្រមាននោះទេ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ ការថ្លែងនេះអាចនឹងធ្វើឱ្យប្រជាធិបតេយ្យមានការធ្លាក់ចុះ និងផុយស្រួយ។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភ គឺថាបើសិននៅតែមានការជំរុញចង់ប្តឹង ដើម្បីរំលាយគណបក្សនេះ គណបក្សនោះខ្ញុំជឿថា ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសច្បាស់ជាមានបញ្ហាច្រើន ហើយមានភាពផុយស្រួយ»។
លោកបន្ថែមថា៖ «ព្រោះយើងឃើញថា កន្លងមក នៅពេលដែលយើងរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឱ្យមានការ-ប្រឈមច្រើនណាស់។ ទាំងសហគមន៍អន្តរជាតិ មតិជាតិមើលឃើញថា ដំណើរការប្រជាធិបតេយ្យក្នុងប្រទេសមិនល្អ ហើយប៉ះពាល់ដល់សម្ពាធអន្តរជាតិផ្នែកសេដ្ឋកិច្ចជាដើម ទាំងអ្នកវិនិយោគទុន អ្នកផ្តល់ជំនួយ»។
ទោះយ៉ាងណាលោកថា គណបក្សរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ ២០២៣ និងជំរុញឱ្យអាជ្ញាធរអនុវត្តសិទ្ធិនយោបាយប្រកបដោយតម្លាភាព។
លោកបញ្ជាក់ថា៖ «យើងក៏ត្រៀមខ្លួនដែរ ប៉ុន្តែយើងកំពុងតស៊ូមតិការបោះឆ្នោតនោះទទួលយកបានអត់ អំពីសេរី និងយុត្តិធម៌។ បើសិនជាមានការគាបសង្កត់ខ្លាំងពេក ឬក៏មានការជ្រៀតជ្រែកពីអាជ្ញាធរធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃការចូលរួមនោះក៏យើងពិបាកដែរ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា នេះជាសារព្រមានដោយចំហមួយ ដើម្បីកុំឱ្យគណបក្សផ្សេងៗភ្ជាប់ខ្លួនទៅនឹងលោក សម រង្ស៊ី។
លោកថា៖ «យើងដឹងហើយគណបក្សដែលភ្ជាប់ខ្លួនទៅលោក សម រង្សី គឺគណបក្សភ្លើងទៀនបច្ចុប្បន្ន។ ទាំងគណបក្សភ្លើងទៀនខ្លួនឯងក៏ព្យាយាមកេងចំណេញលើឥទ្ធិពលដែលសេសសល់របស់លោក សម រង្ស៊ី ហើយលោកសម រង្ស៊ី ខ្លួនឯងក៏ព្យាយាមបង្ហាញខ្លួនគាត់ថា នៅពីក្រោយគណបក្សនេះ។ អ៊ីចឹងសកម្មភាពនេះនាំផលវិបាក សម្រាប់គណបក្សទៅវិញទេ»។
លោក គិន ភា ក៏បានលើកពីច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើវិសោធនកម្មថ្មី គឺមិនអនុញ្ញាតឱ្យគណបក្សមានការពាក់ព័ន្ធជាមួយនឹងទណ្ឌិត ដែលត្រូវបានផ្តន្ទាទោស ហើយមានសាលក្រម ជាស្ថាពរនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានបញ្ជាក់ពីមូលហេតុដែលគណបក្សនយោបាយក្នុងស្រុកមិនអាចពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដោយសារលោក សម រង្ស៊ី បានបង្កើតបក្ខពួកក្រុមឧទ្ទាមនៅក្រៅស្រុក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលជាទង្វើរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់រដ្ឋធម្មនុញ្ញជាតិ។
លោកបានថ្លែងថា៖ «ក្រុមណាដែលចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៊ី គឺសុទ្ធតែជាក្រុមល្មើសច្បាប់ទាំងអស់ ព្រោះ សម រង្ស៊ី ជាទណ្ឌិតក្បត់ជាតិទៅហើយ ដោយតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១០០ ឆ្នាំទៅហើយនោះ។ អ៊ីចឹងក្រុមណា ដែលឃុបឃិតនឹង សម រង្ស៊ី សុទ្ធតែខុសច្បាប់»៕
វីដេអូ៖