ភ្នំពេញៈ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ជាថ្មីទៀត ដើម្បី​ឱ្យ​ត្រូវ​ទៅតាម​អត្តសញ្ញាណប័ណ្ណ​ក្នុង​ពេល​បច្ចុប្បន្ន ខណៈ​លោក​បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​សម្រាប់​បោះឆ្នោត សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដូចនេះ នា​ព្រឹក​ថ្ងៃទី​ ១៧ ​តុលា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦ ​ពាន់​នាក់​។

លោក​មានប្រសាសន៍​ថា​៖ «​នៅ​ថ្ងៃទី​ ២០ ខែតុលា ខាងមុខ​នេះ គឺ​ដល់​ថ្ងៃ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ហើយ​ខ្ញុំ​ក៏ត្រូវ​ធ្វើការ​ចុះឈ្មោះ​សាជាថ្មី​ផងដែរ ដោយសារ​កាលពីមុន​នៅក្នុង​អត្តសញ្ញាណប័ណ្ណ​របស់​យើង​ថ្ងៃខែ​ឆ្នាំ​កំណើត​គឺ​ថ្ងៃទី​ ៤ ​មេសា​ ១៩៥១ ប៉ុន្តែ​ឥឡូវ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​របស់​យើង ថ្ងៃទី​ ៥ ខែសីហា ១៩៥២»​។

លោក​បញ្ជាក់ទៀត​ថា៖ «​បើ​យើង​មិន​ទៅ​ចុះឈ្មោះ​ឡើងវិញ​ទេ គឺ​វា​ខុស ហើយ​យើង​នឹង​បាត់ឈ្មោះ​ក្នុង​ការបោះឆ្នោត​ដែល​វា​ពិបាក​»​។ ជាមួយគ្នា​នោះដែរ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត យុវជន​ដែល​ដល់​អាយុ​បោះឆ្នោត ក៏​ត្រូវតែ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត ហើយ​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ក៏បាន​ធ្វើការ​ប្រកាស​ជា​បន្តបន្ទាប់​ហើយ​ដែរ ហើយ​ខ្ញុំ​ត្រូវ​ទៅ​ចុះឈ្មោះ​ដើម្បីឱ្យ​ត្រូវ​នឹង​ថ្ងៃខែ​ឆ្នាំ​កំណើត បើ​មិន​ចុះ​ជាថ្មី​ទេ យើង​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​តែម្តង​»​។

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានឱ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២០ ខែតុលា ដល់​ថ្ងៃទី ​៨ ខែធ្នូ ឆ្នាំ​ ២០២២ នៅតាម​សាលាឃុំ សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ​២០២២ នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ហើយ​មិនទាន់​បាន​ចុះឈ្មោះ​ពីមុន​មក​អ្នក​ដែល​ទើប​គ្រប់​អាយុ​ ១៨ ​ឆ្នាំ គឺ​អ្នក​ដែល​កើតមុន ឬ​ត្រឹម​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០០៥ អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រតិទិន​របស់​ក្រម​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​»​។

លោក​ប្រធាន គជប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២១ ត្រូវ​ទៅពិនិត្យ​មើល​ឈ្មោះ​របស់ខ្លួន​ដែល​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន​មួយចំនួន​ក្នុង​ឃុំ សង្កាត់ ឬ​ចូល​ពិនិត្យមើល​តាម​គេហទំព័រ​របស់ គជប voterlist.nec.gov.kh ដើម្បីឱ្យ​ប្រាកដ​ថា ខ្លួន​ពិតជា​មាន​ឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់​ឱ្យដឹង​ទៀត​ថា​៖ «​ក្នុងករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់​បងប្អូន​ពុំ​ត្រឹមត្រូវ បងប្អូន​ត្រូវ​ស្នើសុំ​ទៅ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើការ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ឯកសារ សំអាង​ច្បាស់លាស់​»​។

ទន្ទឹមនឹង​នេះដែរ ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ នេះ ប្រព្រឹត្ត​ទៅ​បាន​ល្អ ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព និង​ចៀស​ផុតពី​ជំងឺ​កូវីដ ​១៩ លោក ប្រាជ្ញ ចន្ទ ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និង​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​យកចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩៕