ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មកពី​ច្រើន​វិស័យ​ជាង​ ៤០០​ នាក់​បាន​ជួប​ជជែក​គ្នា​នៅក្នុង​វេទិកា​ពលរដ្ឋ ក្រោម​ប្រធានបទ​ការពារ​លម្ហ​ពលរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា ដោយ​រំពឹងថា បញ្ហា​របស់​ពួកគេ​នឹង​ត្រូវ​បាន​យក​ទៅ​ដោះស្រាយ និង​ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​ជាតិ និង​តំបន់​។

នៅ​ថ្ងៃទី​ ១៦ និង ​១៧ ​តុលា មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​ ៥០ និង​ពលរដ្ឋ​ជាង​ ៤០០ ​នាក់​បាន​ជួបជុំគ្នា​ក្នុង​វេទិកា​ពលរដ្ឋ​រយៈពេល​ ២ ​ថ្ងៃ ដើម្បី​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។ វេទិកា​នេះ ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​រដ្ឋាភិបាល និង​អាស៊ាន​ដោះស្រាយ​នៅ​គ្រា​ដែល​កម្ពុជា​គ្រោង​ទទួល​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នៅ​ខែ​វិច្ឆិកា​ខាងមុខ​។

កញ្ញា សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​អ្នករៀបចំ​វេទិកា​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧​ តុលា​ថា ក្នុង​វេទិកា​នេះ គឺ​ចង់ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ​មកពី​ច្រើន​វិស័យ​បាន​ចូលរួម​ជជែក​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស សន្តិភាព សន្តិសុខ លម្ហពលរដ្ឋ និង​សុចរិត​ភាព​អាជីវកម្ម​នៅ​កម្ពុជា​។

បញ្ហា​បរិស្ថាន និង​ពាណិជ្ជកម្ម និង​សន្តិសុខ​ស្បៀងអាហារ បញ្ហា​ជីវិត​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ ការ​គាំពារ​សង្គម ការងារ​សមរម្យ ការធ្វើ​ចំណាកស្រុក​ប្រកប​ដោយ​សុវត្ថិភាព និង​ការថែទាំ​សុខភាព​ សម្រាប់​ទាំងអស់​គ្នា​ក្នុង​អំឡុងពេល​នៃ​ការស្ដារ​ឡើង​វិញ​ក្រោយ​កូវីដ​ ១៩ ក៏ត្រូវ​បាន​លើក​ជា​ប្រធានបទ​ពិភាក្សា​ផងដែរ​។

កញ្ញា ថ្លែង​ថា​៖ «​បញ្ហា​ប្រឈម​នានា​នៅតែ​បន្ត​មាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់ និង​បន្ត​ដោះស្រាយ​បន្ថែម​ទៀត​។ ជា​គោល​គំនិត​នៅក្នុង​ការជជែក​នេះ មិនមែន​ជា​គោល​គំនិត​ក្នុង​ការដាក់​បន្ទុក ឬ​បន្ទោស​ឱ្យ​ភាគី​ណាមួយ​ទេ​។ ក៏ប៉ុន្តែ​គឺជា​ការបង្ក​បរិយាកាស​មួយ​ធានាថា អ្នក​ទាំងអស់​គ្នា​អាចមក​ស្តាប់​គ្នា​បាន អាច​យល់​បញ្ហា​គ្នា​ទៅវិញ​ទៅមក ដែល​អាច​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​មូលដ្ឋាន​បែប​ម៉េច​»​។

ដោយសារ​តែ​ជាក់ស្តែង​ការធ្វើ​គោលនយោបាយ​ក៏​ដូច​ច្បាប់​ផ្សេងៗ នៅមាន​គម្លាត កញ្ញា រាសី ចង់​ឃើញ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​ប្រទេស និង​តំបន់ ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​បញ្ហា និង​ការចង់​បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​នេះ​។

លោក​ អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​និយាយថា វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដើម្បី​ប្រមូល​បញ្ហា ផ្ដល់​ជា​ដំណោះស្រាយ និង​អនុសាសន៍ ដាក់ជូន​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​អាស៊ាន​ផងដែរ​។ លោក បន្តថា​៖ «​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​យើង​ស្នើឱ្យ​ពិចារណា​ស្វែងរក​គោលនយោបាយ​យន្តការ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​កើតឡើង​កន្លងមក ដូចជា​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហា​ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម​។ បញ្ហា​នេះ​ក៏​យើង​ចង់ឱ្យ​រដ្ឋាភិបាល​អាស៊ាន​ជួយ​ស្វែងរក​ដំណោះស្រាយ​ដូចគ្នា​ដែរ​»​។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​ថ្លែង​ដែរ​ថា វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​ ឬ​វេទិកា​ប្រជាជន​អាស៊ាន​មាន​សារៈសំខាន់ និង​ចាំបាច់​ ដើម្បី​ពញ្ញាក់​ស្មារតី​មេដឹកនាំ​ឱ្យ​គិតគូរ​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ លោក​បន្តថា​៖ «​មិន​ថា រដ្ឋាភិបាល​កម្ពុជា ឬ​រដ្ឋាភិបាល​អាស៊ាន​ទេ​ត្រូវ​ទទួល​យក​កង្វល់ និង​អនុសាសន៍​ដែលជា​តម្រូវ​ការចាំបាច់ និង​ជាក់លាក់​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​នីមួយៗ ដែល​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ប្រសិន​បើ​បញ្ហា​ត្រូវ​បាន​ទទួល​យក វា​នឹង​បង្ហាញ​ពការទីទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​»​។ សម្រាប់​លោក ថេង សាវឿន បើ​បញ្ហា​ដែល​កំពុងតែ​ពើបប្រទះ​ដូចជា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិ​ជួបជុំ​សម្ដែង​មតិ បញ្ហាដីធ្លី បញ្ហា​បរិស្ថាន បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​វិស័យ​កសិកម្ម​ជាដើម មិន​ត្រូវបាន​ដោះស្រាយ​ទេ វា​នឹង​បង្ហាញ​ពី​ភាព​គ្មាន​ការទទួល​ខុសត្រូវ​មកលើ​ប្រជាជន​ពី​សំណាក់​រដ្ឋាភិបាល​អាស៊ាន​ទាំង​ ១០ ​។

ចំណែក​លោក​ សុខ ពេញ នាយក​ប្រតិបត្តិ អង្គការ​សម្ព័ន្ធភាព​ដៃគូ​ដើម្បី​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​បាន​គូសបញ្ជាក់​ថា ក្រោយ​វេទិកា ​២ ​ថ្ងៃ​បិទ​បញ្ចប់​សង្គម​ស៊ីវិល​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ ដើម្បី​បង្ហាញ​ពី​ជំហរ និង​តម្រូវការ​តាម​វិស័យ​នីមួយៗ ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាស៊ាន​នឹង​ទទួលយក​សំណើ​របស់​ប្រជាជន​ទៅ​ពិចារណា និង​ដាក់​ផែនការ​ដើម្បីឱ្យ​អនុវត្ត​ស្របតាម​តម្រូវការ​ជាក់ស្ដែង​ដែល​ពលរដ្ឋ​ចង់បាន​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា អ្វីដែល​យើង​បាន​ជជែក​គ្នា នឹង​មាន​ឥទ្ធិពល​ដល់​អ្នកសរសេរ​គោលនយោបាយ ហើយ​យើង​សង្ឃឹម​ថា អ្នកសរសេរ​គោលនយោបាយ​របស់​ប្រទេស​នីមួយៗ​នឹង​បញ្ចូល​បញ្ហា​របស់​ពលរដ្ឋ​ដាក់​ចូលក្នុង​ក្របខ័ណ្ឌ​ ដើម្បី​ធ្វើការ​អនុវត្ត​»​។

លោក យ៉ុន សុភាន់ ជា​កម្មករ​រោងចក្រ​ដែល​បាន​ចូលរួម​ជជែក​ក្នុង​វេទិកា​នេះដែរ បាន​បង្ហាញ​ក្តីសប្បាយ​ចិត្ត ចំពោះ​វេទិកា​នេះ ដោយ​បាន​លើកឡើង​ថា ពលរដ្ឋ ក៏ដូចជា​រូបលោក​ផ្ទាល់​បាន​ចូល​ជា​ចំណែក​មួយ​ក្នុង​ការបញ្ចេញមតិ ជុំវិញ​បញ្ហា​ដែល​ខ្លួន​បាន​ជួបប្រទះ​។ លោក ក៏​រំពឹង​ដែរ​ថា បញ្ហា​ដែល​ពលរដ្ឋ​បាន​លើក​មក​ជជែក​ក្នុង​វេទិកា​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ពិចារណា និង​ដោះស្រាយ ជាពិសេស​រៀបចំ​គោលនយោបាយ​ ដែល​សមស្រប​ ដើម្បី​ឆ្លើយតប​នឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​។

លោក​បញ្ជាក់​ថា​៖ «​អ្វីដែល​ពួក​ខ្ញុំ​ជជែក​នេះ ខ្ញុំ​មិន​ច្បាស់​ ១០០​ ភាគរយ​ដែល​ពួកគាត់​នឹង​អាច​ដោះស្រាយបាន​ក្នុង​ពេលនេះ​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ទៅ​ថ្ងៃមុខ​ទៅ​រដ្ឋាភិបាល​យើង​នឹង​អាច​ធ្វើបាន​»​។

យ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​វេទិកា​ប្រជាពលរដ្ឋ​ថា ជា​យន្តការ​ដាក់ចេញ​ដោយ​អាស៊ាន ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចូលរួម ប៉ុន្តែ​លោក​មើលឃើញ​ថា ការលើកឡើង​ពី​លម្ហ​នយោបាយ សិទ្ធិមនុស្ស លម្ហ​ប្រជាធិបតេយ្យ​អាច​នឹង​ប៉ះពាល់​ដល់​គោលការណ៍​អាស៊ាន​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​៕