​ភ្នំពេញៈ​​អ្នកជំនាញ​ផ្នែក​ជលផល​ទឹកសាប​បាន​ព្យាករ​ថា​បរិមាណ​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំនេះ​នឹងមាន​ការកើនឡើង​ទ្វេដង បើ​ធៀប​ទៅនឹង​ឆ្នាំមុន បើទោះជា​មានការ​អះអាង​ពី​ប្រជានេសាទ​នៅតាម​ដង​ទន្លេ​ថា នៅ​ដើមរដូវ​កាល​នេះ ពួកគេ​ចាប់​ត្រី​មិនសូវ​បាន​ក៏ដោយ​។

លោក​ ហេង គង់ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្អែកលើ​ស្ថានភាព​នៃ​របប​ទឹកទន្លេ​សាប និង​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ បូករួម​ទាំង​ភាព​សកម្ម​របស់​សមត្ថកិច្ច​ចម្រុះ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​ និង​ថ្នាក់មូលដ្ឋាន​ក្នុង​ការចុះ​ស្រាវជ្រាវ​និង​បង្ក្រាប ទប់ស្កាត់​បទល្មើស​ជល​ផល​បាន​ទាន់ពេលវេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ លោក​បាន​ព្យាករ​ថា បរិមាណ​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំនេះ នឹងមាន​ការកើនឡើង​ជាង​ឆ្នាំមុន​ទ្វេដង​។

លោក​បាន​បញ្ជាក់ថា​៖ «​ថ្វីបើ​ការនេសាទ​ត្រី​នៅ​ដើម​រដូវកាល​ឆ្នាំនេះ ប្រជានេសាទ​ចាប់​ត្រី​មិនសូវ​បាន​ក៏ដោយ ប៉ុន្តែ​ផ្អែក​ទៅលើ​អាកាសធាតុ និង​របប​ទឹក​ដែល​កំពុង​បន្ត​លិច​គ្របដណ្ដប់​ទូទាំង​តំបន់​ទំនាប​ព្រៃ​លិច​ទឹក​ទាំងអស់​ និង​ការបន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ការពារ​ធនធាន​ជលផល​ទឹកសាប​របស់​សមត្ថកិច្ច​ចម្រុះ​យើង​នាពេល​នេះ ខ្ញុំ​ជឿជាក់​ថា ទិន្នផល​ត្រី​ទឹកសាប​របស់​យើង​នៅក្នុង​ឆ្នាំនេះ​នឹងមាន​ការកើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំមុនៗ ហើយ​ត្រី​អាច​នឹងមាន​ទំហំ​ធំ​ជាង​ឆ្នាំមុន​ផងដែរ​»​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​ទទួលបាន​ផល​នេសាទ​ទឹកសាប ជិត​ ៤​ សែន​តោន (​គឺ ៣៨៣ ០៥០ ​តោន​)​។

បើតាម​លោក គង់ ប្រជានេសាទ​ដែល​រស់​នៅតាម​តំបន់​ទំនាប​ជាប់ដៃ​បឹង​ទន្លេសាប​អាច​នឹង​ចាប់​ត្រី​បាន​ច្រើន​នៅក្នុង​អំ​ឡូង​ខែវិច្ឆិកា ហើយ​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ ជាពិសេស​តាម​គន្លង​ដាយ​ត្រី​អាច​នឹង​នេសាទ​ត្រី​បាន​ច្រើន​ក្នុងអំឡុង​ពាក់កណ្ដាល​ខែវិច្ឆិកា ឬ​នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ ប្រសិន​បើ​អាកាសធាតុ​មិនមាន​ការប្រែប្រួល​មាន​ភ្លៀង​ធ្លាក់​ ឬ​ចុះ​ត្រជាក់​ខ្លាំងពេក​ទេនោះ​។

លោក​ ថាច់ ផាណារ៉ា ប្រធាន​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​ការចុះ​អង្កេត ស្រាវជ្រាវ​អំពី​លំហូរ​កូន​ត្រី​តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ខែកក្កដា​ដល់​ខែកញ្ញា​កន្លងមកនេះ បាន​បង្ហាញថា ប្រភេទ​ត្រី​ដែល​នឹង​សម្បូរ​នៅក្នុង​ឆ្នាំនេះ​ជា​ប្រភេទ​ត្រី​តូចៗ ដូចជា ត្រីរៀល ត្រីលិញ ត្រី​ឆ្ពិន ត្រី​ច្រកែង ...​និង​ត្រី​ក្អុក​។ ចំណែក​ប្រភេទ​ត្រី​ធំៗ ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​ព្រួល ... និង​ត្រី​គ្រំ គឺមាន​លំហូរ​​មក​តិចតួច​បំផុត នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​បើ​ផ្អែកលើ​កត្តា​អាកាសធាតុ​របប​ទឹក​ក្នុង​បឹង​ទន្លេសាប ​និង​ភាព​សកម្ម​នៃ​ការងារ​ចុះបង្ក្រាប​បទល្មើស​ជលផល​ ជាពិសេស​ការចុះ​ដកហូត​ដីព្រៃ​លិច​ទឹក​ប្រមាណ​ ៧ ​ម៉ឺន​ហិកតា​ពី​ជន​ប្រព្រឹត្ត​បទល្មើស​ត្រឡប់​មកវិញ រួមទាំង​លំហូរ​កូន​ត្រី​ពី​ដង​ទន្លេមេគង្គ​មកទៀត​នោះ យើង​រំពឹងថា បរិមាណ​ផល​ត្រី​ក្នុង​ស្តុក​ធម្មជាតិ​នៅ​ឆ្នាំនេះ គឺ​អាច​នឹងមាន​ការកើនឡើង​ច្រើនជាង​ឆ្នាំមុន​»​។

ថ្វីបើ​មានការ​ព្យាករ​ដោយ​មន្ត្រី​ជំនាញ​យ៉ាង​ដូច្នេះ​ក្ដី ប្រជានេសាទ​មួយចំនួន​នៅតាម​ដង​ទន្លេ​នៅតែ​ត្អូញត្អែរ​ថា ការចាប់​ត្រី​របស់​ពួកគេ​នៅតែ​ជួប​បញ្ហា ដោយ​ក្នុង​ ១ ​ថ្ងៃ​ពួកគេ​អាច​ចាប់​ត្រី​បាន​យ៉ាងច្រើន​ត្រឹមតែ​ ៥ ​គីឡូក្រាម​ប៉ុណ្ណោះ​។

លោក ឌុល ប៊ុនថា ប្រជា​នេសាទ​នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឆ្នាំ​ណា​ក៏ដូចជា​ឆ្នាំ​ណា​ដែរ មន្ត្រី​ជលផល​មិនដែល​ព្យាករ​ថា ទិន្នផល​ត្រី​មានការ​ធា្លក់​ចុះ​នោះទេ ទោះ​ក្នុង​ស្ថានភាព​ណាក៏ដោយ​។ ប៉ុន្តែ​សម្រាប់​ប្រជានេសាទ​ដែល​រស់​អាស្រ័យ​លើ​មុខរបរ​នេសាទ​ត្រី ភាគច្រើន គឺ​សឹងតែ​ដាច់បាយ​ទៅហើយ ដោយសារ​តែ​ចាប់​ត្រី​មិនបាន​។

លោក​បាន​និយាយ​ថា​៖ «​យើង​ប្រឹង​នេសាទ​ខ្លាំងណាស់ ដោយ​រាយ​មង ​១ ​ថ្ងៃ ចាប់បាន​ត្រី​ប្រមាណ​ពី​ ៣-៥​ គីឡូក្រាម​ប៉ុណ្ណោះ គឺ​សឹងតែ​ដាច់បាយ​ទៅហើយ​នៅពេល​នេះ​»​។

បើតាម​លោក ប៊ុនថា បទល្មើស​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប គឺ​ពិតជា​ថយចុះ ដោយសារ​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ ប៉ុន្តែ​ក្នុង​អំឡុងពេល​នៃ​រដូវ​ទឹកជំនន់​នេះ បទល្មើស​ក៏​មានការ​កើតមានឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ​។

ចំណែក​លោក ឡុង សូឆែត ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា​ដែលមាន​ទីស្នាក់ការ​កណ្ដាល​នៅ​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ជ​ល​ផល​របស់​មន្ត្រី​ជំនាញ និង​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា បទល្មើស​នេសាទ​មាន​ការផ្ទុះ​ច្រើន​ឡើងវិញ​នៅតាម​តំបន់​ព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប និង​តាម​តំបន់​ស្រែ​ជម្រៅ​របស់​ប្រជាកសិករ​។

លោក​ថ្លែងថា​៖ «​បើតាម​បរិមាណ​ទឹក និង​កិច្ចខិតខំ​របស់​សមត្ថកិច្ច​ជំនាញ​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​ជលផល ខ្ញុំ​ជឿថា បរិមាណ​ត្រី​ឆ្នាំនេះ​នឹង​កើនឡើង​។ ​ទន្ទឹមនឹងនេះ ខ្ញុំ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ កុំ​បន្ធូរដៃ​ ឬ​លើកលែង​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ធនធាន​ជលផល​»​។

ស្រដៀង​គ្នា​នេះ ប្រធាន​សហគមន៍​នេសាទ​ស្ដី​ក្រោម​នៃ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង លោក ហោ សំអាត អាយុ​ ៦៤ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនេសាទ​ត្រី​នៅ​ដើមរដូវ​កាល​ឆ្នាំនេះ គឺ​មិន​កាក់កប​នោះទេ ព្រោះ​ទឹក​នៅ​ធំ ហើយ​ត្រី​មួយ​ចំនួន​បាន​បំ​ផ្លាស់​ទី​ទៅតាម​ទីវាល​នៃ​តំបន់​ដីស្រែ​ចម្ការ​លិច​ទឹក តាម​បឹង ស្ទឹង ព្រែក និង​ប្រឡាយ​ធម្មជាតិ​នានា​គ្រប់​ទីកន្លែង​។ ​នៅក្នុង​ទន្លេ បរិមាណ​ទឹក​ច្រើន និង​មាន​ជម្រៅ​ជ្រៅ​មិនអាច​នេសាទ​ត្រី​បានទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​សាកល្បង​រាយ​មង​ចាប់​ត្រី​តាម​ដង​ទន្លេ តែ​ចាប់​មិនបាន​ច្រើន​ទេ គឺ​ចាញ់​ចាប់​តាម​ដីស្រែ​នោះទេ នៅពេលនេះ​»​។

បើតាម​លោក សំអាត ប្រភេទ​ត្រី​ដែល​សម្បូរ​អាច​ចាប់​បាន​ច្រើន​តាម​វាលស្រែ​នា​ដើមរដូវ​កាល​ឆ្នាំនេះ ភាគច្រើន​ជា​ប្រភេទ​ត្រី​បឹង ដូចជា ត្រី​ក្រាញ់ ត្រី​កំភ្លាញ និង​ត្រី​ផ្ទក់ ចំណែក​ត្រី​ដែល​ឡើង​ពី​ទន្លេ​ទៅ​មាន​ត្រី​ឆ្ពិន ត្រី​ច្រកែង និង​ត្រី​ឆ្លាំង ក៏​សម្បូរ​ផងដែរ ប៉ុន្តែ​នៅ​តូចៗ​នៅឡើយ​៕