ភ្នំពេញៈ រាជរដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​ ២​ លាន​ដុល្លារ ជួយ​ដល់​ប្រជាពលរដ្ឋ​ជិត​ ២ ​ម៉ឺន​នាក់ ​ដែល​បាន​រងគ្រោះ​ដោយសារ​ទឹក​ជនន់ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​វាយតម្លៃ​ឱ្យទាន់​ពេលវេលា និង​ជាក់ស្ដែង​ ដើម្បី​ដោះស្រាយ​ទៅតាម​ស្ថានភាព​នៃ​តំបន់​នីមួយៗ នៅតាម​បណ្ដា​ខេត្ត​នានា​ចំនួន​ ២៣ ​ខេត្ត​។

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ថ្ងៃទី​ ១៧ ខែតុលា នៅ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ថ្លែង​ថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ប្រមាណ​ ១៩ ៣៩៧​ គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ជាង​ ១០៧ ០០០ ​គ្រួសារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​មធ្យម​ ៤២ ​ដុល្លារ​ក្នុង​ ១ ​គ្រួសារ ក្នុង​រយៈពេល​ ៣​ ខែ ខណៈ​លោក​អះអាង​ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រាក់​សរុប​ ២ លាន ៤ ​សែន​ដុល្លារ​ សម្រាប់​បើក​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំងនោះ​។ អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ដែល​ទទួលរង​ផលប៉ះពាល់​ ដោយសារ​គ្រោះ​ទឹកជំនន់​ត្រូវធ្វើ​ការវាយតម្លៃ​ឱ្យទាន់ ពេលវេលា ដើម្បី​ចុះ​ចែកជូន​នូវ​ស្រូវពូជ និង​ពូជ​ដំណាំ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​។

លោក​ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ប្រមាណ​ ១៩ ៣៩៧ ​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ជាង ​១០៧ ០០០ ​គ្រួសារ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​មធ្យម​ ៤២ ​ដុល្លារ ក្នុង ១ ​គ្រួសារ ក្នុង​រយៈពេល ​៣ ខែ ខណៈ​លោក​អះអាង​ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រាក់​សរុប ២ ​លាន ៤​ សែន​ដុល្លារ សម្រាប់​បើក​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​មាន​ប៉ុន្មាន​គ្រួសារ ដែល​គាត់​មិនមែន​ជា​អ្នកក្រីក្រ​ទេ ប៉ុន្តែ​គាត់​ទទួល​រង​ផលប៉ះពាល់​ ដោយសារ​ទឹកជំនន់​នេះ​។ អ៊ីចឹង​ទេ យើង​អាចជួយ​ឧបត្ថម្ភ​គាត់​ក្នុង​រយៈពេល​ ៣ ​ខែ ដែល​ចាត់ទុក​ថា នៅក្នុង​ជំពូក​ហានិភ័យ​នៃ​អតិផរណា​។ ប៉ុន្តែ​ចំពោះ​ហានិភ័យ​នៃ​អតិផរណា​អាច​ទៅ ៣​ ខែ បើក​ឱ្យតែ​ម្តង​។ សម្រាប់​អ្នក​ទាំងនេះ គឺ​អាច​បើក​ជូន​លឿន​ជាង​នេះ ព្រោះ​មិនមែន​ជា​ប្រភេទ​បណ្ណ​ក្រីក្រ​ទេ គឺ​គាត់​ជួបប្រទះ​មហន្តរាយ​ទឹកជំនន់​»​។

លោក​ថា​៖ «​យើង​អន្តរាគមន៍​ផ្តល់​ពូជ​សម្រាប់​ពួកគាត់ ស្តារឡើង​វិញ​ជា​ពូជស្រូវ ឬ​ពូជ​ដំណាំ​។ យើង​អន្តរាគមន៍​អ្នក​នៅ​នោះ ច្បាស់​ជា​មាន​អ្នក​ដែល​កំពុង​ទទួល​ផល​ប្រយោជន៍​ពី​បណ្ណ​ក្រីក្រ​។ អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​បណ្ណ​ក្រីក្រ គឺ​ត្រូវ​បន្ត​ទទួល​តទៅ​ទៀត ដោយ​យើង​បានដាក់​រយៈពេល​ ៣ ​ខែ​។ ប៉ុន្តែ​យើង​កំពុង​ធ្វើការ​វាយតម្លៃ​ សម្រាប់​អ្នក​រង​ផលប៉ះពាល់​ជា​អតិបរមា​។ សូមឱ្យ​ក្រសួង​ផែនការ និង​បសស ចូលរួម​ធ្វើការ​វាយតម្លៃ​នៅក្នុង​ក្របខ័ណ្ឌ​ជាង​ ១០​ ម៉ឺន​គ្រួសារ ដែល​ទទួល​ផល​ប៉ះពាល់​នេះ ដែល​អាច​នឹង​ទទួល​បាន​រយៈពេល ៣ ​ខែ នៃ​ជំនួយ​»​។

លោក​ ហ៊ុន សែន ក៏បាន​អះអាង​ដែរ​ថា លោក​នឹង​អន្តរាគមន៍​ទៅ​បណ្តា​ធនាគារ​ទាំងអស់ តាមរយៈ​ធនាគារ​ជាតិ​កម្ពុជា ដើម្បី​បន្ធូរបន្ថយ​ការប្រាក់ និង​រៀបចំ​ផែនការ​នៃ​ការសង​ត្រឡប់​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ទាំងនោះ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សុំឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ធ្វើការ​ប្រជុំ​មួយ​ជាមួយនឹង​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហើយ​ខ្ញុំ ក៏​អំពាវនាវ​ត្រង់​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ចូលរួម​សម្រាល​បន្ទុក ដោយ​ផ្តល់​ការអនុគ្រោះ​ដល់​អ្នក​ខ្ចី​ឥណទាន​ដែល​រង​ផលប៉ះពាល់ តាមរយៈ​ពន្យារពេល​សង បន្ធូរបន្ថយ​អត្រា​ការប្រាក់ និង​ការរៀបចំ​ឥណទាន​ឡើងវិញ​»​។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នានា ១០៥ ​ស្រុកខណ្ឌ និង ៤៣៥ ​ឃុំ-​សង្កាត់ នៅតាម​បណ្ដា​ខេត្ត​ចំនួន​ ២៣ ​ខេត្ត​។ ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ គឺ​មាន​ខេត្ត​កំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​បាត់ដំបង​។ មាន​ដំណាំ​ស្រូវ​ជាង​ ១៩ ​ម៉ឺន​ហិកតា​បាន​រង​ការ​ជន់លិច​ក្នុងនោះ​មាន​ជាង​ ៦ ​ម៉ឺន​ហិកតា​បាន​រង​ការខូចខាត និង​ធ្វើឱ្យ​ពលរដ្ឋ​ប្រមាណ​ ១១២ ៧៦០​ គ្រួសារ ស្មើនឹង ៥០៧ ៤០០ ​នាក់ រង​ផលប៉ះពាល់​ ដោយសារ​ទឹកជំនន់​។ ​

កញ្ញា សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែ​តុលា​ថា ការប្រកាស​ពង្រីក​ផ្តល់​ការឧបត្ថម្ភ​ដល់​ពលរដ្ឋ​​រងគ្រោះ​ដទៃទៀត​របស់​រដ្ឋាភិបាល គឺជា​ការប្រសើរ ខណៈ​បញ្ហា​ទាំងនេះ គឺជា​កត្តា​ព្រួយបារម្ភ និង​ការចង់បាន​របស់​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​។

កញ្ញា​ថា​៖ «​យើង​មើលឃើញ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការពង្រីក​វិសាលភាព​ក្នុង​ការផ្តល់​ការគាំទ្រ​អ្នក​ ដែល​គាត់​កំពុង​រងគ្រោះ និង​ងាយ​រងគ្រោះ​»​។

កញ្ញា​ថា រដ្ឋាភិបាល​គួរ​មាន​ការគិតគូរ​ទៅដល់​ប្រជាពលរដ្ឋ​កំពុង​ប្រកបរបរ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​កំពុង​ធ្វើ​សកម្មភាព​ស្វ័យ​វិនិយោគ​លើ​មុខរបរ​នានា​នៅក្នុង​ប្រទេស​ឱ្យ​ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល តាមរយៈ​ជំនួយ​សង្គម និង​បសស​ផងដែរ​៕