ភ្នំពេញៈ ​ជនសង្ស័យ ៣​ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង​ស្លាប់​សិស្ស​ ១១ ​នាក់​ត្រូវបាន​ដោះលែង​ឱ្យ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​ ១៧ ​ខែតុលា បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរចម្លើយ និង​ធ្វើ​កំណត់ហេតុ​ស្របតាម​ច្បាប់​រួចរាល់ តែ​សំណុំរឿង​នៅ​បន្ត​ដើរទៅ​មុខ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​មានប្រសាសន៍ថា ​«​ចំពោះ​ករណី​រឿង​លិច​ទូក គឺ​ឯកឧត្តម ព្រះរាជអាជ្ញា អនុញ្ញាតឱ្យ​ជនសង្ស័យ​ទាំង​ ៣​ នាក់ វិលត្រឡប់​ទៅផ្ទះ​ជា​បណ្តោះអាសន្ន មិនមែន​មានន័យថា ដោះលែង មិន​ចាត់ការ​នោះទេ ដោយ​ធ្វើ​កិច្ចសន្យា​ត្រឹម​ត្រួវ ហើយ​សំណុំរឿង​នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។​

ការដោះលែង​អ្នក​ទាំង ៣ ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ហៅ​មក​សួរនាំ កាលពី​ថ្ងៃទី​ ១៥ ខែតុលា ក្រោយ​មាន​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក នៅ​ថ្ងៃទី​ ១៣ ​តុលា​។​ ជនសង្ស័យ​ទាំង​ ៣​ នាក់​នោះ ២ ​នាក់​ជា​បងប្អូន​បង្កើត​ជា​ម្ចាស់​អាជីវកម្ម និង​អ្នក​បើកទូក​ម្នាក់​។ អ្នក​ទាំង ​៣​ នោះ​មានឈ្មោះ ឆឹង វណ្ណា ភេទ​ស្រី អាយុ ៥២ ​ឆ្នាំ ជា​ម្ចាស់​ទូកដ​ឈ្មោះ ឆឹង ស្រី​នាង ភេទ​ស្រី អាយុ ​៦៩ ​ឆ្នាំ ជា​ម្ចាស់​ទូកដ​ និង ថេត ច​ន្ធី ភេទ​ប្រុស អាយុ​ ១៥​ ឆ្នាំ ជា​អ្នក​បើកទូក​។​

នៅក្នុង​សំណុំ​រឿងនេះ​សាធារណជន សង្គម​ស៊ីវិល អ្នកនយោបាយ ចង់ឃើញ​អ្នកទទួលខុសត្រូវ​ផ្សេងទៀត​ចេញមុខ​ទទួលស្គាល់​ពី​ភាពខ្វះខាត​នៃ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​ផ្អែក​តាម​សំណេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក យឹម ស៊ី​ណន អ្នកគាំទ្រ​លោក កឹម សុខា ដែល​ធ្លាប់​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រើការ​ប្រៀបធៀប​យ៉ាង​ដូច្នេះ​៖ «​នៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ​ ២០១៤ ស្រឡាង Sewol​ ដែល​ធ្វើដំណើរ​ពី Incheon ទៅ Jeju ​បាន​លិច​នៅក្នុង​សមុទ្រ​ក្បែរ Jindo, Jeollanam-do ។ ក្នុងចំណោម​មនុស្ស​ជិះ​សរុប​ចំនួន ៤៧៦​ នាក់ មានតែ ១៧២ ​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត និង ៣០៤​ នាក់​ត្រូវបាន​ស្លាប់ ឬ​បាត់​ខ្លួន​។ ចំណែក​ការទទួលខុសត្រូវ​រប​ស់​អ្នកពាក់ព័ន្ធ​រួមមាន​៖ ​នាយក​វិទ្យាល័យ​របស់​សិស្ស​ដែល​បាត់បង់​ជីវិត ត្រូវបាន​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ដោយ​បន្សល់​នូវ​ពាក្យ​សោកស្តាយ និង​ការចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​។ ព្រះរាជអាជ្ញា​បាន​ស៊ើបអង្កេត​ចាប់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ស្រឡាង និង​អ្នក​ជាប់​ពាក់​ព​ន្ធ័​ផ្សេងៗ​។​ សង្គម​ស៊ីវិល និង​បក្ស​ក្រៅ​រដ្ឋាភិបាល បាន​ចេញមុខ​ទាមទារ​សំណង និង​តម្រូវឱ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​ភាពកម្សោយ​នៃ​ការដឹកនាំ​របស់ខ្លួន​»​។

នៅ​កម្ពុជា​វិញ លោក យឹម ស៊ី​ណន បាន​ចោទ​ជា​សំណួរ​ថា តើ​មន្ត្រី​ណាខ្លះ​អាច​នឹង​ក្លាហាន​ហ៊ាន​ចេញមុខ​សុំទោស និង​ទទួលខុសត្រូវ​? ដូចជាៈ ករណី​ជាន់គ្នា​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ករណី​ថ្មីៗ​នៃ​ការ​លិច​ទូក​បាត់​បង់ជីវិត​សិស្សសាលា ​១១ ​នាក់​នេះ ​និង​ករណី​ផ្សេងៗ​។​

លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ថ្លែងថា បើ​មើល​មួយ​ភ្លែត​ម្ចាស់​ទូកដ​ពិតជា​ទទួលខុស​ត្រូវ​លើ​ការស្លាប់​ជីវិត​មនុស្ស​។ លោក​បន្ថែមថា​៖« ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ឱ្យ​ជ្រៅ​ជាង​នេះ ពេលដែល​គាត់​បើក​អាជីវកម្ម​ទូកដ​ហ្នឹង អាជ្ញា​ធរមាន​បានមក​ណែនាំ​ ឬ​តម្រូវឱ្យ​គាត់​ត្រូវមាន​សម្ភារ​សុវត្ថិភាព​ទេ ស្តង់ដា គុណភាព​ទូក ត្រឹមត្រូវ​ទេ​។ អ៊ីចឹង​បើសិនជា​ចាប់​ម្ចាស់​ទូក គប្បី​ចាប់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ​រាប់​ចាប់តាំងពី​ភូមិ​ដល់​ខេត្ត​ដែល​ខ្លួនឯងបាន​ធ្វេសប្រហែស​បណ្ដោយ​ឱ្យមាន​អាជីវកម្ម​បែបនេះ​ជា​បន្ត​រហូតមក ដល់ពេល​មាន​គ្រោះថ្នាក់​ដាក់បន្ទុក​តែ​ទៅលើ​អាជីវករ​តូចតាច ដែល​ខ្ញុំ​យល់ថា មិនមែនជា​រឿង​ត្រឹមត្រូវ​ទេ​»​។​

ជុំវិញ​រលក​រិះគន់​នេះ មិនទាន់​ឃើញ​មាន​អ្នក​នៅក្នុង​ស្ថាប័ន​ណាមួយ​ចេញមុខ​បំភ្លឺ​នោះទេ​។ អភិបាលខេត្ត​កណ្ដាល​នៅ​ថ្ងៃទី ​១៨ ​ខែតុលា​នេះ​បាន​ប្រាប់ថា លោក​កំពុង​ជាប់​ប្រជុំ​មិនអាច​និយាយ​អ្វី​បានទេ​។

លោក ​ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា​៖ «​យើង​មិនអាច​ទៅ​ប្រឆាំង​ការរិះគន់​ និង​ការបន្ទោស​របស់គេ​បានទេ យើង​ស្វាគមន៍​ការបន្ទោស ក៏ប៉ុន្តែ​យើង​នឹង​រក​មធ្យោបាយ ​ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែង​ដែល​យើង​ចង់បាន​ទាំងអស់គ្នា ទាំង​អាណាព្យាបាល ប្រជាពលរដ្ឋ សាលា និង​រដ្ឋាភិបាល ដោះស្រាយ​ការធ្វើដំណើរ​របស់​សិស្ស​ប្រកបដោយ​សុវត្ថិភាព​។ ឧទាហរណ៍​ការដឹកជញ្ជូន​កម្មករ កម្មករ​ជា​អ្នកទទួលខុសត្រូវ​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ហើយ​ថៅកែ​រោងចក្រ​ទទួលខុសត្រូវ​កម្រិតណា​»​។​

ចំពោះ​ការប្រៀបធៀប​ការទទួលខុសត្រូវ​រវាង​អាជ្ញាធរ​ប្រទេស​កូរ៉េ​ និង​អាជ្ញាធរ​ប្រទេស​កម្ពុជា​អ្នកនាំពាក្យ​រូបនេះ​ការពារ​ថា​៖ «​ខ្មែរ​ផ្សេង កូរ៉េ​ផ្សេង យើង​មើល​ពី​ចំណូល​របស់​បុគ្គល​ម្នា​ក់ថា ខុសគ្នា​យ៉ាងម៉េច​? កាលណា​យើង​យក​ស្តង់ដា យើង​ទៅ​ប្រៀបធៀប​ជាមួយ​គេ វា​មិន​ដូចគ្នា​ទេ​»​។​

ដំណាលគ្នា​នេះ អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ១៧ ខែតុលា បានចេញ​អំពាវនាវ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ទូទាំងប្រទេស ចូលរួម និង​ពង្រឹង​ការអនុវត្ត ក្របខ័ណ្ឌ​រួម​ស្ដីពី​សាលារៀន​សុវត្ថិភាព ដើម្បី​ធានាថា កុមារ​មាន​សុវត្ថិភាព​ទាំង​ក្នុង និង​ក្រៅ​សាលារៀន រួមមាន​ទាំង​សុខ​សុវត្ថិភាព​របស់​កុមារ​ក្នុងការ​ធ្វើដំណើរ​ទៅ​-​មកពី​ផ្ទះ​ទៅ​សាលារៀន ដើម្បី​ធានាថា​កុមារ​គ្រប់រូប អាច​រស់រានមានជីវិត ទទួលបាន​ការអប់រំ និង​ត្រូវបាន​ការពារ​ពេញលេញ​។​

នៅក្រោយ​ឧប្បទ្ទវហេតុ​លិច​ទឹក​ទូក​ចម្លង​អាជ្ញាធរ​ស្រុក​លើកដែក ខេត្តកណ្តាល បានចេញ​សេចក្តីណែនាំ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ទូកដ​ទាំងអស់ ត្រូវមាន​អាវ​ពោង​សុវត្ថិភាព សម្រាប់​អ្នកដំណើរ និង​ហាម​ដាច់ខាត​ចំពោះ​ការដឹក​លើស​ចំណុះ ឬ​ការប្រើប្រាស់​មធ្យោបាយ​ទូក​ចម្លង ដែល​ចាស់​ទ្រុឌទ្រោម​៕

វីដេអូ៖