​ភ្នំពេញៈ​​ក្រសួង​បរិស្ថាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ឯកជន​គ្រោង​ប្រមូល​សំណល់​បរិក្ខារ​អគ្គិ​សនី​យក​ទៅ​ទុក​ដាក់​ប្រកប​ដោយ​សុវត្ថិ​ភាព ដែល​នេះជា​ជំ​ហាន​ថ្មី​មួយ​ទៀត ​ខណៈ​ក្រសួង​បាន​និង​កំពុង​អនុវត្ត​គម្រោង​ប្រមូល​សំណល់​ថ្ម​ពិល​បាន​ជិត​១​តោន​ដែល​ជា​ប្រភេទ​សំណល់​គ្រោះ​ថ្នាក់​ដល់​សុខភាព ​និង​បរិស្ថាន​។​

​សំណល់​ថ្មពិល និង​សំណល់​បរិក្ខារ​អគ្គិ​សនី គឺជា​ប្រភេទ​សំណល់​គ្រោះ​ថ្នាក់ នៅ​ពេល​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដល់​សុខ​ភាព និង​បរិស្ថាន​តាមរយៈ​ការ​សាយ​ភាយ​សារ​ធាតុ​គ្រោះ​ថ្នាក់​មាន​ផ្ទុក​នៅ​ក្នុង​សំណល់​ទាំងនេះ ​។

​ដើម្បី​ទប់​ស្កា​ត់​ការ​សាយ​ភាយ​សារ​ធាតុ​គ្រោះ​ចូល​ទៅ​ក្នុង​បរិស្ថាន ​និង​ការពារ​សុខភាព​សា​ធា​រណៈ ក្រសួង​បរិស្ថាន​បាន​សហ​ការ​ជាមួយ​ក្រុម​ហ៊ុនអេកូ​បាតអេ​នើ​ជីខេ​ម​បូ​ឌា​ផ្តល់​ធុង​ទុកដាក់​សំណល់​ថ្មពិល​មួយ​ចំនួន​ដល់​ស្ថានីយ​ប្រេង​ឥន្ធនៈ ​រោង​ចក្រ ក្រុម​ហ៊ុន និង​សាលា​រៀន​ជាដើម ​ហើយក៏​ត្រៀម​ប្រមូល​សំណល់​បរិក្ខារ​អគ្គិ​សនី​ផង​ដែរ​។​

​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​សារ​ធាតុ​គ្រោះ​ថ្នាក់​នៃអគ្គ​នាយក​ដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ លោក សុផល ​ឡា​ស្កា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​គម្រោង​សាក​ល្បង ក្រសួង​បរិស្ថាននឹង​ប្រមូល​សំណល់​បរិក្ខារ​អគ្គិ​សនី​ដែល​ប្រើ​ប្រាស់​នៅ​ការិយា​ល័យ ​រួម​មាន ​មាន​កុំព្យូ​ទ័រ ម៉ាស៊ីន​កូ​ពី ​ឧបករណ៍​ទប់​ភ្លើង នៅតាម​ស្ថា​ប័ន​រដ្ឋ និង​ឯក​ជន យក​ទៅ​ទុក​ដាក់​ប្រកប​ដោយ​សុវត្ថិ​ភាព​ដល់​បរិ​ស្ថាន​​។​

​លោក​ថា​៖ «ព្រោះ​យើង​ដឹង​ហើយ ​បច្ចុប្បន្ន​នេះ បើ​និយាយ​ជារួម​ រោង​ចក្រ​កែច្នៃសំណល់​បរិក្ខារ​អគ្គិ​សនី​នៅ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ទេ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ចង្អុល​បង្ហាញរ​បស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សាយ សំ​អាល់ គឺ​លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​ការងារ​នេះ ហើយ​លោក​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​វិយោគកែច្នៃ​សំណល់​បរិក្ខារ​អគ្គិ​សនី​នេះ​។​ ដូច្នេះ​យើង​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន Ecobatt Energy Cambodia ដើម្បី​ធ្វើការ​សាក​ល្បង​ប្រមូល​ពី​ស្ថា​ប័ន​រដ្ឋ និង​ឯក​ជន​មួយ​ចំនួន ដើម្បី​ទុក​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​អាច​ឈាន​ទៅ​ដល់​ធ្វើ​ការ​កែ​ច្នៃ​នៅ​ក្នុង​ប្រទេស​»​។

​លោកបាន​បន្ត​ថា គម្រោង​សាក​ល្បង​នេះ​ក្រសួង​នឹង​រៀបចំ​លិខិត​ជូន​ដំណឹង​ទៅតាម​ស្ថាប័នរ​ដ្ឋនិង​ឯក​ជន​មួយ​ចំនួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ចំណែក​ការប្រមូល​សំណល់​បរិក្ខារ​អគ្គិ​សនី​នៅ​តាម​ផ្ទះ ​នឹងធ្វើ​នៅ​ដំណាក់​កាល​ទី​ ២​ ព្រោះ​សំណល់​នៅតាម​លំនៅ​ឋាន​ក៏​ជា​បញ្ហា​មួយ​ដែរ ។​

​លោកបាន​បញ្ជាក់ថា សំណល់​បរិក្ខារ​អគ្គិ​សនី​ ជារួមគឺជា​ទំនិញ​កម្លាំង​សេដ្ឋ​កិច្ច ​ប៉ុន្តែ​ការកែច្នៃ​ដែលមា​ន​បច្ចុប្បន្ន​នេះ​មិន​ទាន់​អនុ​លោម​តាម​បច្ចេក​ទេស​បរិស្ថាន​ដែល​បង្ក​ហានិ​ភ័យ​ដល់​សុខ​ភាព​និង​បរិស្ថាន​។

លោក​ថា​៖ «ឧទា​ហរ​ណ៍​នៅតាម​លំនៅ​ឋាន​ពល​រដ្ឋ មាន​កុំ​ព្យូ​រ​ទ័​រឬ​ម៉ាស៊ីន​បោកខោ​អាវ ទូទឹក​កក នៅ​ពេល​ខូច ជា​ធម្មតាលក់​ឱ្យ​អេ​តចាយ ហើយ​លក់​បន្ត​ទៅ​ឱ្យ​កន្លែង​ផ្សង គេ​ដោះបំបែក ​ភាគ​ច្រើនការ​អនុវត្ត​របស់​គាត់​មិន​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​បរិស្ថាន​ទេ។ សំណល់​បរិក្ខារ​អគ្គិស​នី ចាត់​ទុក​ជា​គ្រោះ​ថ្នាក់ ​ដោយ​សារ​សំណល់​ទាំង​នេះ​ផ្ទុក​ទៅ​ដោយ​ពពួក​លោ​ហៈ​ធ្ងន់​»​។​

​មន្ត្រី​បច្ចេក​ទេស សុផល ឡា​ស្កា បាន​ពន្យល់​ថា ការ​ដែល​យើង​ប្រមូល​សំណល់​ទាំង​នេះ​ទុក​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ វា​ជា​ការល្អ​ណាស់​សម្រាប់​បរិស្ថាន​ ព្រោះ​ប្រសិន​បើ​បោះ​ចោល​លាយ​ឡំជាមួយ​សំណល់​ធម្មតា វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិ​ស្ថាន​។

​លោក​បង្ហាញ​សុដ្ឋិ​និយម​ថា ក្រុម​ហ៊ុន Ecobatt ដែល​ទទួល​លិខិត​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​ក្នុង​ការ​ប្រមូល​សំណល់​បរិក្ខារ​អគ្គិ​សនី​យក​មក​ទុក​ដាក់​នោះ នឹង​អាច​ឈាន​ដល់​ការកែ​ច្នៃ​ក្នុង​ស្រុក​។

​លោក​ថា​៖ «​ធម្មតា​យើង​ចង់​បាន​កា​រវិនិ​យោគ​ក្នុង​ស្រុក​ ព្រោះ​មិន​ចាំ​បាច់​ធ្វើការ​នាំចេញ​សំណល់​នេះ ព្រោះ​ជា​ធន​ធាន​របស់​យើងនិង​បង្កើត​ការ​ងារ​ក្នុងស្រុក។ ប៉ុន្តែ​ធម្មតា​អ្ន​កវិន​យោគ​សួរ​វិញ​ថា ​នៅ​ពេល​គេ​វិនិយោគ​ តើ​បរិមាណ​ដែល​ប្រមូល​ក្នុង​ស្រុក​នេះអាច​បំពេញ​អ្វីដែល​គេ​ចង់បានឬ​អត់? ​អ៊ីចឹង​បាន​ជា​យើង​សាក​ល្បង​ប្រមូល​សិន និង​ពិនិត្យ​មើល​លទ្ធភាព​ថា ​តើ​ក្រុម​ហ៊ុន​ប្រមូល​ហើយ​មាន​លទ្ធភាព​បង្កើតជា​រោង​ចក្រ​កែច្នៃ​បាន​ឬ​អត់​? គាត់​នឹង​ធ្វើ ប៉ុន្តែ​បើ​កែច្នៃ​មិន​បាន​ទេ យើង​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រ​ទេស​»​។​

​ជា​មួយ​គ្នានេះ​ គម្រោង​សាក​ល្បង​ប្រមូល​សំណល់​ថ្ម​ពិល​ជាង ​១ ឆ្នាំ​ម​កនេះ ក្រសួង​បាន​ដាក់​ធុង​ប្រមូល​សំណល់​ថ្មពិល​នៅ​តាម​ស្ថា​ប័ន​សាធា​រណៈ និង​ឯក​ជន​ ផ្សារ​ទំនើប បុរី ស្ថា​នីយប្រេង​ឥន្ធនៈ គ្រឹះ​ស្ថាន​សិក្សា ឱសថ​ស្ថាន និង​ភោជ​នីយ​ដ្ឋាន ចំនួន ១៣០​ ធុងនៅ​ទីតាំង​ជិត ​១០០ ​ទីតាំង​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ប្រមូល​សំណល់​ថ្មពិល​បាន​ជិត​ ១ ​តោន ។​

​សូម​ជម្រាប​ថា អគ្គ​នាយក​ដ្ឋាន​គាំពារ​បរិស្ថាននៃ​ក្រសួង​បរិស្ថាន បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​អេកូ​បាត (Ecobatt) កាល​ពី​ខែកញ្ញា ឆ្នាំ​ ២០២២ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​គ្រប់​គ្រង​សំណល់​បរិក្ខារ​អគ្គិ​សនី និង​អេឡិច​ត្រូ​និកដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះពា​ល់​ដល់​សុខភាព​សា​ធា​រណៈ និង​បរិ​ស្ថាន​តាម​រយៈ​ការ​សាយ​ភាយ​សារធា​តុ​គ្រោះ​ថ្នាក់​ដែល​មាន​ក្នុង​សំណល់​បរិក្ខារ​អគ្គិ​សនីនិង​អេឡិច​ត្រូ​និក​៕