ភ្នំពេញៈ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ពា​ណិ​ជ្ជក​ម្ម​ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម​បាន​បញ្ចេញ​ស្បៀង​បម្រុង​របស់​រដ្ឋ សរុប​ជា​អង្ករ​ប្រមាណ​ជិត ​៥០០ ​តោន ​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត​យក​ទៅចែកជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅតាម​បណ្ដា​ខេត្ត​ចំនួន​៦​រួមមាន​កំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ បាត់ដំបង​និង​ឧ​ត្ត​រ​មានជ័យ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ មានប្រសាសន៍ថា ក្រសួង​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​រៀបចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហា និង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​។​

លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​ថា​ ស្ថានភាព​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​ជា​រូបវន្ត​របស់​រាជរដ្ឋាភិបាល ដែល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម បានទទួល​គ្រប់គ្រង​ផ្ទាល់​លើ​ស្តុក​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​នេះ គឺ​បាន​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ផ្អែក​តាម​អនុក្រឹត្យ​លេខ ១២៤ អនក្រ​.​បក ស្តីពី​ការបង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ។ ក្រសួងពាណិជ្ជកម្ម បាន​ចាត់ចែង​បញ្ចេញ​ស្តុក​ស្បៀង រួមមាន អង្ករ មី ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអុីវ និង​ត្រីខកំប៉ុង ជូន​ខេត្ត​គោលដៅ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បាន​ទាន់ពេលវេលា​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជក​ម្ម​បង្ហាញថា ស្បៀង​ទាំងអស់​បាន​ចែក​ទៅ​ខេត្តកំពង់ធំ ចំនួន ៧ ៨២៥​ គ្រួសារ ខេត្តបន្ទាយមានជ័យ ចំនួន ២ ៧៥០ ​គ្រួសារ ខេត្តបាត់ដំបង ចំនួន ១ ០០០ គ្រួសារ ខេត្តព្រះវិហារ ចំនួន ២៤៧ ​គ្រួសារ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ២៥០ ​គ្រួសារ ខេត្តសៀមរាប ចំនួន ៥ ៩១៤ ​គ្រួសារ (​បញ្ចេញ ២ លើក ក្នុង​បរិមាណ​សរុប ១០ ០៥០ គ្រួសារ​)​។​ សរុប​រួម គិត​ត្រឹម​ថ្ងៃទី ​១៤ ខែតុលា ឆ្នាំ ​២០២២ ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៧ ៩៨៦​ គ្រួសារ ស្មើនឹង ១៧ ៩៨៦ កញ្ចប់​។​

លោក​រដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះមហន្តរាយធម្មជាតិ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​សកម្មភាព​ឆ្លើយតប ដោយ​ប្រើប្រាស់​ស្បៀង​បម្រុង​រដ្ឋ​ចែកជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​ត្រៀមខ្លួន​ចូលរួម​ដោះស្រាយ និង​វាយតម្លៃ​លើ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នេះ​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​ ១៨ ​ខែតុលា ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​អូន​ព័ន្ធមុន្នីរ័ត្ន បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បូកសរុប​ការវាយតម្លៃ​ផល​ប៉ះ​ពាល់ដែល​បណ្ដាលមកពី​គ្រោះទឹកជំនន់​។ ​កិច្ចប្រជុំ​នោះ​ធ្វើឡើង​តាម​វីដេអូ​ខនហ្វើរ៉ិន​ ដែលមាន​សមាសភាព​ចូល​រួម​ពី​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រី​បច្ចេកទេស​មួយចំនួនទៀត​៕