
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាត ថ្លែងក្នុងសន្និសីទកាសែត នាថ្ងៃទី ១៨ តុលា។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងការពារជាតិ នៃកម្ពុជា ដាក់ទិសដៅបន្តសម្រេចឱ្យបាននូវភារកិច្ចយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ ដោយធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ បង្កើនសមត្ថភាពវិជ្ជាជីវៈជំនាញ ដើម្បីការការពារអធិបតេយ្យភាពទឹកដី និងរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក្រោយរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) កងយោធពលខេមរភូមិន្ទ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសផ្សេងៗបានចំនួន ១០ ៣០៣ ករណី។ នេះបើតាមរបាយការណ៍ក្រសួងការពារជាតិ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការពារជាតិ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៨ តុលា លោកឈុំ សុជាត អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានបង្ហាញតាមរបាយការណ៍ថា ក្រៅពីបទល្មើសផ្សេងៗដែលបង្ក្រាបបានក្នុងចំនួនខាងលើនេះ គឺកងយោធពលខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៥ ៦០៩ នាក់ ក្នុងនោះរកឃើញជនពាក់ព័ន្ធ ១៤ ៩១៩ នាក់ និងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅតុលាការ។
លោកថ្លែងថា ដើម្បីសម្រេចបាននូវភារកិច្ចយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ ទទួលជោគជ័យកាន់តែត្រចះត្រចង់ថែមទៀត វិធានការចម្បងដែលត្រូវយកមកអនុវត្ត គឺធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទតាមការខិតខំស្វះស្វែងរកបាន និងបង្កើនសមត្ថភាពវិជ្ជាជីវៈជំនាញ ដើម្បីបម្រើឱ្យការពង្រីករង្វង់ប្រតិបត្តិការ ការពារអធិបតេយ្យ បូរណភាពទឹកដី (ដែនគោក ទឹក អាកាស) និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ព្រមទាំងលើកតម្កើងកេរ្តិ៍ឈ្មោះ និងកិត្យានុភាពកងយោធពលខេមរភូមិន្ទ នៅក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោក ឈុំ សុជាតិ បញ្ជាក់ថា៖ «ក្រសួងបន្តធ្វើការកសាងកែសម្រួលរចនាសម្ព័ន្ធចាត់តាំង និងពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ហាដែលប្រកបដោយអភិបាលកិច្ច និងផ្អែកទៅលើច្បាប់នានារបស់រដ្ឋ ពិសេសច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្ដីពីបទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ»។
លោកបន្ថែមថា៖ «រួមទាំងអភិក្រម៥ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ដើម្បីប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពការងារលើគ្រប់វិស័យ»។
បើតាមលោកសុជាត ជាទិសដៅ ក្រសួងនឹងបន្តយកចិត្តទុកដាក់កសាងធនធានមនុស្ស និងបំពាក់បំប៉នអប់រំចិត្តសាស្ត្រនយោបាយ ស្មារតី សតិអារម្មណ៍កងទ័ព ដើម្បីលើកកម្ពស់ការយល់ដឹង និងស្មោះត្រង់ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់។ ក្រសួងក៏នឹងយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងារ ឱ្យឆ្លើយតបទៅនឹងធនធាន ដែលមាន និងទៅតាមតួនាទីភារកិច្ចរបស់សា្ថប័នអង្គភាពនីមួយៗ។
ដោយឡែក បើតាមរបាយការណ៍របស់ក្រសួងការពារជាតិ រយៈពេល ៥ ឆ្នាំ (២០១៨-២០២២) កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការចូលរួមយ៉ាងសកម្មបំផុតក្នុងការគ្រប់គ្រង ពង្រឹងការអនុវត្តច្បាប់ កសាងភូមិ ឃុំ មានសុវត្ថិភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារស្ថិរភាពនយោបាយ ទប់ស្កាត់ និងបង្ការ បង្ក្រាបសកម្មភាពល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ។
របាយការណ៍បញ្ជាក់ថា៖ «កងយោធពលខេមរភូមិន្ទ បានអនុវត្តតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ក៏ដូចជា ការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ការនេសាទខុសច្បាប់ និងសកម្មភាពគេចពន្ធ ដើម្បីរួមចំណែកកៀរគរបង្កើនប្រភពចំណូលថវិកាជាតិជាដើម»។
របាយការណ៍បានឱ្យដឹងថា ក្នុងការបង្ក្រាបនេះ ក៏រឹបអូសបានថ្នាំញៀនម្សៅ ស ICE ចំនួន ២៥ ៦០១ កញ្ចប់ ស្មើនឹង ១០១ ៧១ ០២៣ ក្រាម ថ្នាំWYចំនួន ១៣៣ ០៥១ គ្រាប់ ស្មើនឹង ១៣ ០៩៨២៤ ក្រាម។ អ៊ុិចស្តាស៊ី ២ ៤៧៧ គ្រាប់ និង ១៦៤ កញ្ចប់ និងប្រភេទទឹក ១៣ ដប ស្មើនឹង ៣ ៩១៤,៤២ ក្រាម។ កូកាអ៊ុីន និងហេរ៉ូអ៊ុីន ៧៣៩ កញ្ចប់ និង ៣ ០០៣ គ្រាប់ ស្មើនឹង ១៣៩ ៦៤៦ ក្រាម។ កេតាមីន ៧៥៧ កញ្ចប់ ៨ ២៧១ គ្រាប់ និងប្រភេទទឹក ១៨១ ដប ស្មើនឹង ៦ ៦៨៩ ៥៣៧ ក្រាម។ កញ្ឆាក្រៀម ១៧២,៤៧ គីឡូក្រាម កញ្ឆាស្រស់ ១៥៥ ៩១៦ ដើម។ ជញ្ជីងថ្លឹងថ្នាំញៀន ១ ០៨៥ គ្រឿង ព្រមទាំងសម្ភារផ្សេងៗជាច្រើនទៀត។
របាយការណ៍បញ្ជាក់ថា៖ «ក្រសួងបានធ្វើការដោះស្រាយពាក្យបណ្តឹងផ្សេងៗ បាន ៦៥១ បណ្ដឹង និងអនុវត្តដីកាតុលាការបាន ១១ ៣២៦ ដីកាផងដែរ»៕