ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​លោក​ ជា ​វ៉ាន់ដេត ​នៅ​ថ្ងៃទី​ ១៨​ តុលា ​នេះ ​បានចេញ​លិខិត​ផ្លូវការ​មួយ​ដោយ​អំពាវនាវ ​និង​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស ​ក្នុង​ការចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​។ នេះ​ជា​លិខិត​ដ៏​កម្រ​មួយ​របស់​រដ្ឋមន្ត្រី​ផ្ញើ​ទៅកាន់​សិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប​ នាពេល​ខាង​មុខ​។​

លោក​រដ្ឋមន្ដ្រី ​ជា​ វ៉ាន់ដេត ​លើកឡើង​ក្នុង​លិខិត​ផ្លូវការ​ថា​៖ «តាងនាម​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ​យកចិត្ត​ទុកដាក់​ខិតខំ​រៀនសូត្រ ​និង​សូម​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ ​និង​និទ្ទេស​ល្អ​ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ​សម្រាប់​ឆ្នាំ​សិក្សា ​២០២១-២០២២ ​ដែល​នឹង​ខិតជិត​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ»។​

​លោក​បន្ថែមថា​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទទួលបន្ទុក​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ ​និង​បច្ចេកវិទ្យា​ឌីជីថល ​លោក​អំពាវនាវ ​និង​លើក​ទឹកចិត្ត​ដល់​ក្មួយៗ ​សិស្សានុ​សិស្ស​ទាំងអស់​ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ជាប់​ជា​ស្ថាពរ​ សូម​ពិចារណា​ចាប់យក​ការសិក្សា​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ​និង​ជំនាញ​ពាក់ព័ន្ធ ​ដើម្បី​ពង្រឹង​សមត្ថភាព​ទទួល​បាន​ឱកាស​ការងារ​ល្អ​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ ​និង​ចូលរួម​ចំណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ការកសាង​រដ្ឋាភិបាល ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក​។​

លោក​រដ្ឋមន្ត្រី​អះអាង​ទៀតថា​ នៅក្នុង​យុគសម័យ​ឌីជីថល ​បច្ចេកវិទ្យា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​ការធ្វើ​ធុរកិច្ច ​និង​ការផ្ដល់​សេវា​សាធារណៈ ​និង​សេវា​ផ្សេងៗ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

ទោះជា​យ៉ាងណា ​លោក ​ជា​ វ៉ាន់ដេត ​មិនបាន​បង្ហាញ​ពី​ឱកាស​អាហារូបករណ៍​សម្រាប់​សិស្ស ​និស្សិត ​ដែល​ក្រសួង​មួយ​នេះ​គ្រោង​នឹង​ផ្ដល់ជូន​នោះ​ឡើយ​។ ក្រសួង​ប្រៃសណីយ៍ ​មាន​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​របស់​ខ្លួន​ ដែល​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស​ឌីជីថល ​រហូត​ដល់​ថ្នាក់​បរិញ្ញាបត្រ​។​

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ៥ ​និង​ទី ៦ ​ខែធ្នូ ​ហើយ​លទ្ធផល​ប្រឡង​បាក់​ឌុប​គ្រោង​ប្រកាស​នៅ​ចុងខែ​ធ្នូ ​ឆ្នាំ​ ២០២២៕