ភ្នំពេញៈ ប្រធានា​ធិបតី​ប្រទេស​ទីម័រ​ខាង​កើត​លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (José Manuel Ramos-Horta) នឹង​ចាប់​ផ្តើម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅ​កម្ពុជា​នា​ថ្ងៃទី​ ១៩ ខែតុលា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ២១ ខែតុលា​តបតាម​ការ​អញ្ជើញ​របស់​ព្រះមហា​ក្សត្រ។

ក្រសួងការ​បរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នាថ្ងៃទី​ ១៨ ខែតុលា​ ថា ក្នុង​អំឡុង​ពេល​ទស្សន​កិច្ចផ្លូវ​រដ្ឋ​នេះ លោក J​osé Manuel Ramos-Horta​ នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរម​​នាថ ន​រោត្តម សីហ​មុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរា​ជ​វាំង។

លោក​នឹង​មាន​ជំនួប​ដោយ​ឡែក​ពីគ្នាជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​នាយករ​ដ្ឋម​ន្ត្រី ហ៊ុន សែន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី និង ឯកឧត្តម​ប្រធានា​ធិបតីទីម័រ​ខាង​កើត នឹង​អញ្ជើញ​ជា​អធិបតី ដ៏ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​ចុះហត្ថលេខា​លើឯកសារ​ទ្វេភាគី​ដ៏មាន​សារៈសំខាន់​ចំនួន២ រួម​មាន កិច្ច​ព្រម​ព្រៀង សេវា​កម្មអាកាស​ចរណ៍​ និង​អនុស្ស​រណៈនៃ​ការ​យោគ​យល់​ស្តីពីពាណិជ្ជ​កម្មស្រូវ​រវាង​រាជ​រដ្ឋាភិ​បា​លនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃសាធា​រណរដ្ឋ​ប្រជាធិប​តេយ្យទីម័រ​ខាង​កើត​»។

លោក​ José Manuel Ramos-Horta​ នឹងដាក់​កម្រង​ផ្កាគោរព​វិញ្ញា​ណក្ខន្ធ នៅ​វិមាន​ឯក​រាជ្យ និង​កន្រ្តក​ផ្កានៅ​មណ្ឌល​​ព្រះបរ​មរូប ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ «ព្រះបរ​មរតន​កោដ្ឋ» អតីត​ព្រះមហាក្ស​ត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​រាជធានី​ភ្នំ​ពេញ លោក​នឹង​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជា​ការ​រងនៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ និ​ងជា​មេបញ្ជា​ការ​កងទ័ព​ជើង​គោក,ធ្វើ​បាឋកថា​សាធា​រណៈ​នៅ​សាកល​វិទ្យាល័យ​ល្បីៗ​នៅរាជ​ធានី​ភ្នំពេញ, ផ្តល់​បទសម្ភាស​ដល់​ស្ថាប័នព័ត៌​មាន​ក្នុង​ប្រទេស ក៏ដូច​ជា ថ្លែង​សុន្ទរកថា​ នៅក្នុ​ង​វេទិកា​កម្ពុជា-ទីម័រ​ខាង​កើត លើក​ទី ១ ស្តីពី​ទេស​ចរណ៍ និង​ធុរកិច្ច ដើម្បីការ​អភិវ​ឌ្ឍ និង​សន្តិភាព​ប្រកប​ដោយ​ចីរភាព​ ផង​ដែរ​។

សេច​ក្តីប្រកាសព័ត៌​មាន​ដដែល​បញ្ជាក់​ថា៖ «ដំណើរ​ទស្សន​កិច្ចផ្លូវ​រដ្ឋរបស់ ឯក​ឧត្តមបណ្ឌិត ចូហ្សេ ​ម៉ានូអែល រ៉ាមូស អរតា មកកាន់​កម្ពុជា នឹង​បន្ត​ពង្រឹង​និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំន​ង​និង​កិច្ច​សហ​ប្រតិបត្តិ​ការ ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​​ទៅ​វិញទៅម​កនៃប្រទេ​ស​ទាំង ២ ​»។

លោក​ ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិ​ស័យ​អាស៊ី (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​ជាប្រទេស​តូច​តែមាន​បេះដូង​ធំ ហើយ​កម្ពុជា​គឺជា​អ្នកគាំទ្រ​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​អាស៊ាន​ផង​ដែរ​។ ជំនួប​រវាង​លោក​ José Manuel Ramos-Horta និង​លោក ហ៊ុន សែន នឹង​ពិភាក្សា​គ្នាអំពីកិច្ច​ប្រតិបត្តិ​ការ​សេដ្ឋកិ​ច្ច សង្គម​វប្បធម៌ នយោ​បាយ​និង​សន្តិសុខ​ជាដើម​។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វីដែល​​សំខាន់​គឺ​ការ​ជួយ​ជ្រោម​ជ្រែង​ទីម័រ​ខាង​កើត​ឱ្យចូល​ជាស​មាជិក​អាស៊ាន​កាន់​តែឆា​ប់រហ័ស​។ ទីម័រ​ខាង​កើត ​នឹងទទួ​លបាន​ប្រយោជន៍​ជាច្រើន​ ពីសមា​ជិកភាព​អាស៊ាន​នេះ តាម​រយៈ​ការ​ហក់ចូល​ទីផ្សារ​ជិត ៧០០​ លាន​នាក់ ការដោះ​ដូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាដើម​។ កម្ពុជា​នឹង​ដើរ​តួនាទីសំខាន់​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ប្រជុំធំ​នាខែវិច្ឆិកាខា​ងមុខ​ ក្នុងការ​ជួយ​ទីម័រ​ឱ្យក្លា​យជា​សមា​ជិក​១​ក្នុង​គ្រួសារ​អាស៊ាន​នាពេលខាង​មុខ​ឆាប់ៗ​នេះ​»។

ថ្លែង​ក្នុង​សម័យប្រជុំ​លើក​ទី ៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) កាលពី​ខែកញ្ញា​​លោក José Manuel Ramos-Horta ស​ង្ឃឹម​ថា ទី​ម័​រ​ខាងកើត​ នឹង​ក្លាយជា​សមាជិក​អាស៊ាន​ទី ​១១​ នៅ​ឆ្នាំ ២០២៣​។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ខែសីហា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​ថា ប្រទេស​ទី​ម័​រ​ខាងកើត​ នឹង​អាច​ចូល​ជា​សមាជិក​អាស៊ាន​យ៉ាងយូរ​នៅត្រឹម​ឆ្នាំ​ ២០២៣ ដោយ​លោក​បញ្ជាក់ថា​៖ «​ដំណើរការ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្ត កំពុងមាន​វឌ្ឍនភាព​យ៉ាង​ល្អ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​អាច​ស្វាគមន៍​ប្រទេស​នេះ​មកកាន់​គ្រួសារ​អាស៊ាន បាន​យ៉ាងយូរ​នៅត្រឹម​ឆ្នាំក្រោយ​»​។​

កម្ពុជា​គ្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង ​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​​ថ្ងៃទី​ ៨-១៣ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ផ្ញើលិខិត​អញ្ជើញ​ទៅកាន់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ លើកលែងតែ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ស្នើ​សុំឱ្យ​បញ្ជូន​តំណាង​មិន​នយោ​បាយ​៕